ដំណឹងល្អ! ចាប់ពីពេលនេះទៅប្រាក់រៀលខ្មែរអាចចាយនៅទូទាំងពិភពលោកបានហើយ
រាជធានីភ្នំពេញ៖ ឆ្នាំ២០២៣នេះ ធនាគារជាតិ នៃកម្ពុជាបានសហការជាមួយធនាគារកណ្ដាលរបស់ថៃដោយអនុញ្ញាតឲ្យពលរដ្ឋខ្មែរ អាចចាយប្រាក់រៀលតាមទូរស័ព្ទនៅទីដីថៃតាមរយៈការស្គែន QR Code ហើយធនាគារជាតិនៃកម្ពុជាក៏បាននិងកំពុងពង្រីកការទូទាត់ឆ្លងព្រំដែនជាប្រាក់រៀលជាមួយប្រទេសផ្សេងៗ ជាច្រើនទៀតលើពិភពលោក។
ហើយនៅថ្ងៃទី១០ ខែកក្កដា កន្លងទៅថ្មីៗនេះ បើយោងតាមសេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា ធនាគារជាតិបានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាជាមួយក្រុមហ៊ុន UnionPay International របស់ចិនក្នុងការប្រតិបត្តិការឲ្យមានការទូទាត់ឆ្លងប្រទេស។
ចំពោះអនុស្សរណៈនៃការយោគយល់គ្នានេះ រៀបចំឡើងក្នុងគោលបំណងផ្ដល់នូវលក្ខខណ្ឌជាក់លាក់សម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ដល់ប្រតិបត្តិការទូទាត់ឆ្លងប្រទេសរវាង KHQR នៃប្រព័ន្ធបាគងជាមួយនឹងបណ្ដាញQR Code របស់ក្រុមហ៊ុន UnionPay International។
តាមរយៈ MoU នេះផងដែរ នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប័ណ្ណទូទៅ UnionPay International (UPI) ដែលមកទស្សនាប្រទេសកម្ពុជា នឹងអាចប្រើប្រាស់សេវាទូទាត់របស់ UnionPay ដើម្បីស្កេន KHQR Code ដែលមានភ្ជាប់ជាមួយគណនីធនាគារ ជាប្រាក់រៀលក្នុងស្រុក សម្រាប់ធ្វើការទូទាត់នានា ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលផងដែរ។
កាន់តែពិសេសនោះ គឺប្រជាជនកម្ពុជា ដែលប្រើប្រាស់ប្រព័ន្ធបាគង និងមានគណនីធនាគារជាប្រាក់រៀល ក៏អាចធ្វើការស្កេន QR Code របស់ពាណិជ្ជករ UnionPay នៅក្នុងប្រទេសចិន និងទូទាំងពិភពលោកបានផងដែរ ហើយការធ្វើបែបនេះនឹងចូលរួមចំណែកយ៉ាងច្រើនក្នុងការជំរុញវិស័យទេសចរណ៍ និងសកម្មភាពពាណិជ្ជកម្មកាន់តែមានភាពងាយស្រួល និងតម្លៃសមរម្យ។
សូមបញ្ជាក់ថា នៅឆ្នាំ២០២២កន្លងទៅ ការទូទាត់លុយតាមប្រព័ន្ធអេឡិចត្រូនិចនៅទីផ្សារកម្ពុជា ជិត១ពាន់ដងនៃផលិតផលក្នុងស្រុកសរុបខណៈផលិតផលក្នុងស្រុកសរុបមានទំហំខ្ទង់ ៣០ពាន់លានដុល្លារ ដូច្នេះទំហំទូទាត់តាមប្រព័ន្ធអេឡិចត្រូនិចនៅកម្ពុជាមានប្រមាណជា៣០ពាន់ពាន់លានដុល្លារផងដែរ។
បើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាប្រចាំឆ្នាំ២០២២ បានបង្ហាញ ប្រព័ន្ធទូទាត់ KHQR កូដគឺជាផ្នែកមួយដែលជំរុញដល់ការទូទាត់តាមបែបឌីជីថល ហើយទូទាត់ប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព ដោយកាត់បន្ថយចំណាយថ្លៃប្រតិបត្តិការនិងជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាផងដែរ។
នៅក្នុងរបាយការណ៍ដដែលនេះបានឲ្យដឹងទៀតថាការប្រតិបត្តិការតាមប្រព័ន្ធបាគងដែលប្រព័ន្ធទូទាត់ឆ្លងធនាគារនិងទូទាត់តាមទូរស័ព្ទដៃមានចំនួន២៦.១លានប្រតិបត្តិការ ហើយទំហំទូទាត់ប្រាក់រៀលចំនួន១២.៨ទ្រីលានរៀលនិងទំហំទូទាត់ជាប្រាក់ដុល្លារចំនួន១២.២ពាន់លានដុល្លារ៕