ត្រឹម៥ឆ្នាំទៅមុខ គម្រោងសំខាន់ៗ ទាំងអស់នេះ នឹងលេចរូបរាងឡើងជាបន្តបន្ទាប់ជ្រងសេដ្ឋកិច្ចកម្ពុជាកាន់តែខ្លាំង!

សេដ្ឋកិច្ច៖ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត បានរៀបចំពិធីបើកការដ្ឋាន ចាប់ផ្តើមសាងសង់ជាផ្លូវការហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមព័ត៌មានបឋមពីឯកឧត្តមហឿន សំនៀង នាយកវិទ្យាស្ថានតេជោសាធារណការណ៍ និងដឹកចិញ្ជូនបានឲ្យដឹងថា គម្រោងនេះ គ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ ១,៣៥ ប៊ីលានដុល្លារអាមេរិក ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ឆ្នាំ និងស្ពានឆ្លងកាត់ទន្លេមេគង្គ គ្រោងចំណាយថវិកាសរុបប្រមាណ ២៣២,៥៨លាន ដុល្លារអាមេរិក ដែលអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤៨ខែ ដោយគ្រោងនឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧។

ប្រភពដដែលខាងលើនេះបានឲ្យដឹងទៀតថា នៅរសៀលថ្ងៃនេះ ក៏នឹងមានកម្មវិធីចុះហត្ថលេខាព្រមព្រៀងលក្ខណ (FA) លើគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត និង​ចូល​អបអរសាទរសម្រាប់ប្រជាជន ដែលរស់នៅស្ថិតនៅតាមបណ្តោយផ្លូវនោះ រួមមានកណ្តាល កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងអស់ផងដែរ។

ឯកឧត្តម ហឿន សំនៀង ក៏បានរំឭកអំពីគម្រោងផ្លូវទឹកអច្ឆរិយៈ ហ្វូណន-តេជោ ដែល​តភ្ជាប់ពីដៃទន្លេបាសាក់ឆ្ពោះទៅកាន់ខេត្តកែបថា ក៏កំពុងបន្តទៅមុខយ៉ាងលឿនផងដែរ ខណៈដែលគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ ប៉ែកខាងលិច-ខាងត្បូង នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទៅ៣០ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ។

គួររំឭកថា យោងតាមការគម្រោងសំខាន់ៗ ដូចជាប្រលានយន្តហោះ អន្តរជាតិដែលស្ថិតនៅទឹកដីខេត្តកណ្តាល ប្រលានយន្តហោះខេត្តសៀមរាប ប្រលានយន្តហោះ ខេត្តកោះកុង ប្រលានយន្តហោះ ខេត្តមណ្ឌលគិរី កំពង់ផែអន្តរជាតិខេត្តកំពត រួមទាំងគម្រោងសំខាន់ៗ ដែលបានជម្រាបជូនខាងលើនោះ នៅឆ្នាំ២០២៧ ខាងមុខ សេដ្ឋកិច្ចកម្ពុជា អាចនឹងមានការប្រែប្រួលខ្លាំង គួរឲ្យកត់សំគាល់ និង​ឆ្ពោះទៅកាន់សេដ្ឋកិច្ចផែនការដែលកម្ពុជា នឹង​សម្រេចនូវផែនការឆ្នាំ ២០៣០ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ ផងដែរ។

អត្ថបទដែលជាប់ទាក់ទង