ច្បាប់ថ្មីរបស់ប្រទេសមួយនេះនឹងតម្រូវឱ្យ Facebook និង Google បង់ប្រាក់នៅឆ្នាំ២០២៥

ក្រោយពីមានការតវ៉ាពីប្រជាជនកាណាដាជាច្រើន ជុំវិញការដាក់កម្រិតលើការប្រើប្រាស់ Platformព័ត៌មានពីបណ្តាញផ្សព្វផ្សាយ Facebook និង Instagram ក្នុងស្រុក និយតករអនុវត្តច្បាប់លើព័ត៌មានអនឡាញ (Online News Act) នៃប្រទេសកាណាដា បាននិយាយថា ខ្លួននឹងចាប់ផ្តើមបង្កើតក្របខណ្ឌសម្រាប់កិច្ចចរចារវាងស្ថាប័នព័ត៌មាន និងក្រុមហ៊ុនអ៊ីនធឺណិតយក្ស ចាប់ពីខែកញ្ញាខាងមុខនេះតទៅ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ម្សិលមិញ។

ច្បាប់ព័ត៌មានអនឡាញរបស់ប្រទេសកាណាដា ដែលជាផ្នែកមួយនៃនិន្នាការសកលក្នុងការធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Alphabet ដែលជាមេធំរបស់ Google និង Meta ជាមេធំរបស់ Facebook បង់ប្រាក់សម្រាប់ភ្លេតហ្វមព័ត៌មានរបស់ពួកគេ បានអនុម័តច្បាប់កាលពីអំឡុងខែមិថុនា ប៉ុន្តែនៅមិនទាន់ចូលជាធរមាននៅឡើយនោះទេ។

ក្រុមហ៊ុនទាំងពីរបាននិយាយថា ច្បាប់មិនអាចដំណើរការបានសម្រាប់អាជីវកម្មរបស់ពួកគេនោះទេ ខណៈដែល Meta បានសម្រេចបិទភ្លេតហ្វមព័ត៌មានរបស់ខ្លួនក្នុងប្រទេសកាណដារួចទៅហើយ ដែលវាកំពុងតែជះផលអវិជ្ជមានជាខ្លំាងក្នុងប្រទេសនេះ ចំណែកឯ Google វិញក៏មានគម្រោងទប់ស្កាត់ព័ត៌មាននៅក្នុងប្រទេសកាណាដាឱ្យបានមុនពេលច្បាប់ចូលជាធរមានផងដែរ។

យោងតាមរបាយការណ៍ចុងក្រោយនេះ គណៈកម្មការវិទ្យុ-ទូរទស្សន៍ និងទូរគមនាគមន៍កាណាដា (CRTC) ដែលជានិយតករទទួលខុសត្រូវក្នុងការអនុវត្តច្បាប់ព័ត៌មានអនឡាញរបស់កាណាដា បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា នឹងធ្វើការពិគ្រោះយោបល់ជាសាធារណៈទាក់ទងនឹងក្របខណ្ឌសម្រាប់ការចរចាចាប់ពីខែកញ្ញា រហូតដល់ខែវិច្ឆិកា ហើយនឹងចាប់ផ្តើមបើកការចរចាតទល់នៅដើមឆ្នាំ២០២៥៕

អត្ថបទដែលជាប់ទាក់ទង