សម្ដេចតេជោ មានប្រសាសន៍បែបនេះក្រោយ ប៊ូ ខាវ ទទួលការរិះគន់ពីជនរួមជាតិ
ដូចដែលមហាជន និងអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម បានជ្រាប និងបានស្គាល់រួចមកហើយ អំពីកេរ្តិ៍ឈ្មោះស្ដេចប្រដាល់ និងជាគ្រូបង្វឹក ដ៏ល្បីល្បាញបំផុតនៅ ក្នុងប្រទេសថៃគឺកីឡាករ ប៊ូខាវ ដែលមួយរយៈចុងក្រោយនេះ ស្ដេចប្រដាល់ថៃរូបនេះ តែងតែនិយាយឌឺដងមើលងាយ មិនអោយតម្លៃដល់ប្រជាជនខ្មែរ ជាច្រើនលើកច្រើនសារ។
ដោយហេតុនេះហើយ ទើបធ្វើឲ្យប្រជាជនខ្មែរ ដែលស្រឡាញ់គាំទ្រនូវវិស័យកីឡាប្រដាល់ នាំគ្នាស្អប់ ជេរស្ដីប្រមាថទៅលើរូបគេវិញជាខ្លាំង មួយវិញទៀត សម្រាប់កីឡាអាស៊ីអាគ្នេយ៍ព្រឹត្តិការណ៍ស៊ីហ្គេមលើទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក៏កីឡាករប្រដាល់រូបនេះ បាននិយាយថា ក៏មិនបានមកចូលរួមនោះដែរ។
ក្នុងនោះ យោងទៅតាមគ្រុបតេឡេក្រាមរបស់ សម្ដេចតេជោ ហ៊ុន សែន ដោយគោរពតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោបានមានប្រសាសន៍ថា៖
«កូនប្រុសភាសាប្រមាថចំពោះភ្ញៀវ មកប្រទេសយើង មិនគួរមានសម្រាប់កូនខ្មែរយើងទេ បើទោះកីឡាករប៊ូខាវមិនមក ឬមកយើងមិនត្រូវបង្កើតនូវការរើសអើង ឬស្អប់ខ្ពើមគាត់ទេ ទោះគាត់ធ្វើមិនសមរម្យចំពោះយើងក៏ដោយ កូនត្រូវមើលឲ្យឆ្ងាយជាង ប៊ូខាវ ព្រោះគាត់មកប្រទេសយើង តំណាងឲ្យប្រជាជនថៃជាង៦០លាននាក់ ដែលបញ្ហានេះវាក្លាយជាបញ្ហា រវាងប្រទេសនឹងប្រទេស ដែលចាំបាច់ត្រូវមានមិត្តភាព និងសាមគ្គីភាពជាមួយគ្នា។ សូមកុំឲ្យកីឡាក្លាយជារឿងនយោបាយ និងសូមកុំឲ្យរឿងបុគ្គលក្លាយជាជម្លោះ រវាងជាតិនឹងជាតិប្រទេសនឹងប្រទេស។ សូមរក្សាភាពថ្លៃថ្នូរក្នុងឋានៈជាម្ចាស់ផ្ទះ និងសូមប្រើប្រាស់ឱកាសនេះ កសាងមិត្តភាពជាមួយប្រទេសទាំងអស់ ដែលមកកាន់ប្រទេសយើង ដើម្បីចូលរួមប្រកួត ឬទស្សនាកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ»៕