ពិព័រណ៍ការងារ និងផលិតភាពជាតិ ២០២៣ ផ្ដល់ឱកាសការងារជាង ២ម៉ឺនកន្លែង រយៈពេល២ថ្ងៃ នៅកោះពេជ្រ ចាប់ពីថ្ងៃនេះហើយ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំ «ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣» នៅអាគារពាណិជ្ជកម្មនិងពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់ដើម្បីផ្តល់ភាពងាយស្រួលរដល់យុវជន និងសិស្ស/និស្សិត ដែលចង់ស្វែងរកការងារធ្វើ និងផ្ដល់ជាជម្រើសសម្រាប់ពួកគេក្នុងការជ្រើសរើសការងារណាមួយស្រលាញ់ពេញចិត្តនិងត្រូវជំនាញរបស់ពួកគេ ជាមួយគ្នានោះស្ដង់មួយចំនួនដែលបានដាក់តាំងក្នុងពិព័រណ៍ គឺសម្រាប់ការសាកសួរនូវរាល់ព័ត៌មានផ្សេងៗដែលពាក់ព័ន្ធនឹងស្ថាប័ននីមួយៗក៏ដូចជាបើកទទួលនូវការពាក្យភ្លាម និងសម្ភាសន៍ភ្លាមៗនៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ នេះផងដែរ។
បើយោងតាមរយៈស្ដង់ដែលបានដាក់តាំងក្នុង ពិព័រណ៍ការងារ និងផលិតភាពជាតិ គឺមានជាប្រភេទស្ដង់សាលារៀនបណ្ដុះបណ្ដាលផ្នែកវិជ្ជាជីវៈជាម្រើសដ៏ល្អមួយសម្រាប់ឲ្យសិស្សដែលទើបតែបញ្ចាប់ការសិក្សាពីវិទ្យាល័យអាចជ្រើសរើសសាលាណាមួយមានជំនាញដែលខ្លួនស្រលាញ់ ចុះឈ្មោះចូលដើម្បីបន្តការសិក្សាបានក្នុងនោះក៏មានជាប្រភេទស្ដង់លក់សេវាកម្មឌីជីថលជាកញ្ចប់ ផ្នែកផលិតរូបភាព និងវិដេអូ ចំពោះការងារមួយនេះដែរ កំពុងតែមានទីផ្សារខ្លាំងនៅកម្ពុជា និងមាន សិស្ស/និស្សិតជាច្រើនដែលកំពុងតែសិក្សាពីជំនាញមួយនេះ អ្វីដែលកាន់តែពិសេសនោះគឺនៅក្នុងពិព័រណ៍ការងារ និងផលិតភាព នេះ
ក៏មានស្ដង់ប្រភេទគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មកពីស្ថាប័នផ្សេងៗគ្នា ប្រមាណជា ៥០ % ទៅហើយ នៃស្ដង់ដែលបានដាក់តាំងដោយសង្កេតឃើញថាយុវជននិងសិស្ស/និស្សិត ភាគច្រើនបានចាប់អារម្មណ៍ និងការងារមួយនេះ ។
គួរបញ្ជាក់ផងដែរថា ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំ «ពិព័រណ៍ការងរ និងផលិតភាពជាតិឆ្នាំ២០២៣»នេះឡើង ដែលមានក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានធំៗចំនួន ១៥០ និង ១៨៨ ស្ដង់ រីឯឱកាសការងារគ្រប់ប្រភេទជាង ២០០០០ ម៉ឺនកន្លែងហើយចំពោះ«ពិព័រណ៍ការងារ និងផលិតភាពជាតិ » គឺបានរៀបចំឡើងចំនួន ១៣ ឆ្នាំមកហើយ ពោលគឺតាំងពីឆ្នាំ ២០១១ មកម្ល៉េះ ៕