ការប្រកួតវិញ្ញាសារកីឡាទូកក្ដោងព្រឹត្តិការណ៍ស៊ីហ្គេម នឹងចាប់ផ្ដើមពីថ្ងៃនេះតទៅ
ការប្រកួតកីឡាទូកក្ដោងសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ នឹងចាប់ផ្ដើមដំណើរការពីថ្ងៃអង្គារ ទី០២ ខែឧសភា នេះតទៅហើយនៅឆ្នេរសុខា ខេត្តព្រះសីហនុ ដល់ថ្ងៃទី០៨ ខែឧសភា។ សម្រាប់ការប្រកួតនេះដែល មុននិងជ្រើសរើសទីតាំងនេះសម្រាប់ប្រកួត គណៈកម្មាធិការជាតិ CAMSOC ក៏ធ្លាប់សាកល្បងកន្លែងរៀបចំការប្រកួតមួយដែលមានឈ្មោះថា កីឡាទូកក្ដោងជើងឯកអាស៊ាន នៅឆ្នាំ២០២១ ដើម្បីជាការធ្វើតេស្ដទីលាន និងវាស់ស្ទង់ ក៏ដូចជាពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីកម្ពុជា សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេមជាប្រវត្តិសាស្ដ្រ លើកដំបូងនៅកម្ពុជា។
គួរបញ្ជាក់ថា កីឡាទូកក្ដោងមាន៣វិញ្ញាសាគឺ បុរស នារី និងចម្រុះ មាន៦ ប្រទេសចូលរួម មានម្ចាស់ផ្ទះកម្ពុជា ថៃ សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម៕