ការប្រកួតជើងឯកកីឡាជិះកង់ឆ្នាំ២០២៣ ត្រូវបានលើកមកធ្វើនៅថ្ងៃទី៥-៨ នេះ ក្រោមជំនួយថវិកាជាង ៤ម៉ឺនដុល្លារពីក្រុមហ៊ុនឯកជន

សហព័ន្ធកីឡាទោចក្រយានកម្ពុជា (កីឡាជិះកង់) ទទួលបានការឧបត្ថម្ភទឹកប្រាក់ពីវិស័យឯកជនចំនួន ៤២ ៧៥០ ដុល្លារ បន្ថែមទៅលើកញ្ចប់ថវិកាចំណាយប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីយកមករៀបចំការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ ដែលបានលើកយកមកធ្វើ នៅថ្ងៃទី៥ ដល់ទី៨ ខែមករា ឆ្នាំ២០២៤នេះ។

ការប្រកួតកីឡាទោចក្រយានជើងឯកថ្នាក់ជាតិនេះដែរ នាពេលកន្លងមកតែងតែធ្វើឡើងនៅខេត្តសៀមរាប ប៉ុន្តែសម្រាប់ឆ្នាំនេះ ត្រូវបានសហព័ន្ធកីឡាទោចក្រយានកម្ពុជា យកមករៀបចំនៅខេត្តកំពង់ឆ្នាំងវិញ ព្រោះជាខេត្ត មានអំណោយផល ទាំងស្ថានភាពផ្លូវ សម្រាប់ការប្រកួតលើផ្លូវលាត (កង់គួក) និងកង់ភ្នំ ជាមួយហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មី ដែលទើបសាងសង់រួច និង ម្យ៉ាងទៀត ខេត្តកំពង់ឆ្នាំង ក៏ជាខេត្តឈរលេខ៣ ដែលមានប្រជាជនជិះកង់ច្រើនជាងគេ បន្ទាប់ពីភ្នំពេញ និងខេត្តសៀមរាបផងដែរ។

តាមរយៈការទទួលបានជំនួយឧបត្ថម្ភនូវទឹកប្រាក់ចំនួន ៤២ ៧៥០ ដុល្លារ ពីក្រុមហ៊ុន Herbalife នេះដែរ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានសម្រេចដំឡើងវិញ្ញាសាប្រកួតពី ៤ ឡើងទៅ ៧ វិញ្ញាសាវិញ។ រីឯរង្វាន់ជយលាភី ដែលកន្លងមកផ្ដល់ជូនត្រឹមចំណាត់ថ្នាក់លេខ៣នោះ គឺនៅឆ្នាំនេះ សហព័ន្ធ នឹងផ្ដល់ជូនពីចំណាត់ថ្នាក់លេខ១ រហូតដល់លេខ៥។ នេះបើតាមការបញ្ជាក់របស់លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី២ ខែមករានេះ។

នៅក្នុងសន្និសីទកាសែតនោះដែរ អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជារូបនេះបានបញ្ជាក់ថា ចំនួនប្រតិភូកីឡា ចូលរួមការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ មានការកើនឡើង១០ភាគរយ បើធៀបទៅនឹងឆ្នាំចាស់ ហើយកីឡាករភាគច្រើន បានចុះឈ្មោះប្រកួតបន្ថែមទាំងលើការប្រកួតកង់គួក នៅថ្ងៃទី៦ និងការប្រកួតកង់ភ្នំ នៅថ្ងៃទី៧ ខណៈចំនួនមានប្រតិភូ និងកីឡាករ កីឡាការិនីចូលរួមសរុប ២៩៨ នាក់ មកពី ២៨ សមាគម-ក្លិប និងរាជធានី-ខេត្ត។

លោក នូ ចំរើន បានបញ្ជាក់ថា សហព័ន្ធ កំពុងតែស្វែងរកធនធានកីឡាករ កីឡាការិនី ដែលមានសមត្ថភាព ដើម្បីបញ្ចូលក្នុងក្រុមជម្រើសជាតិ ជាហេតុដែលមន្ត្រីបច្ចេកទេសរបស់លោក តែងតែសម្លឹងមើលលើទេពកោសល្យរបស់បេក្ខភាពចូលរួមប្រកួតរៀងរាល់ឆ្នាំ តាមរយៈការប្រកួតជើងឯកថ្នាក់ជាតិ ដែលជាព្រឹត្តិការណ៍ប្រកួតកម្រិតជាតិខ្ពស់ និងធំជាងគេប្រចាំឆ្នាំនេះ ដើម្បីត្រៀមបញ្ចូលក្នុងបញ្ជីឈ្មោះកីឡាករ កីឡាការិនី សម្រាប់ទៅចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃឆ្នាំក្រោយនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង