ត្រៀមរកផ្លូវវាង ! ក្នុងថ្ងៃព្រះរាជពិធីបុណ្យអុំទូក​​​​​​​ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរនៅតាមទីតាំងទាំងនេះ

កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំ ស្ដីពីការបញ្ចៀសចរាចរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

ដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរនៅរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ រហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖

១- រថយន្តប្រកបអាជីវកម្មដឹកអ្នកដំណើរគ្រប់ប្រភេទ និងម៉ូតូសណ្តោងរ៉ឺម៉ក មិនអនុញ្ញាតឱ្យចរាចរ ចូលតំបន់រៀបចំព្រះរាជពិធីបុណ្យ និងរង្វង់បរិវេណជុំវិញទីតាំងប្រារព្ធពិធី ចាប់ពីថ្ងៃទី២៥ រហូត ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១០:០០នាទី រហូតដល់ម៉ោង ២២:០០នាទី ដែលគោលដៅហាមឃាត់មានសមត្ថកិច្ចឈរជើងចាំណែនាំ ប៉ុន្តែអាចចរាចរបានចាប់ពីម៉ោង ២២:០០នាទី រហូតដល់ម៉ោង ១០:០០នាទី។

២- ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាថ្ងៃឈប់សម្រាក ដូច្នេះការដ្ឋានសំណង់ ទាំងអស់ត្រូវផ្អាកដំណើរការ ចំពោះរថយន្តដឹកទំនិញ រថយន្តធុនធំ និងរថយន្តក្រឡុកស៊ីម៉ង់ត៍ មិនអនុញ្ញាតឱ្យចរាចរចូលក្នុងតំបន់ទីប្រជុំជន ក្នុងមូលដ្ឋានខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌ៧មករា ខណ្ឌទួលគោក និងខណ្ឌបឹងកេងកង។

៣- គ្រប់យានយន្តធ្វើដំណើរមកចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក មិនអនុញ្ញាតឱ្យចរាចរលើវិថីខេមរៈភូមិន្ទ (ផ្លូវលេខ១៣០) ផ្លូវលេខ៥ វិថីតេជោដំឌិន (ផ្លូវលេខ១៥៤) វិថីសម្តេចប៉ាន (ផ្លូវលេខ២១៤) ផ្លូវលេខ២៩៤ កំណាត់ មហាវិថីសម្តេចសុធារស ចាប់ពីផ្លូវលេខ២៤០ រហូតដល់ផ្លូវខាងជើងស្ថានទូតរុស្ស៊ី វិថីរដ្ឋសភា ផ្លូវលេខ៧៨ ផ្លូវសប៊ិត មហាវិថីព្រះសុរាម្រិត និងកំណាត់តីរវិថីព្រះស៊ីសុវត្ថិចាប់ពីរង្វង់សម្ដេច សង្ឃ ជួន ណាត រហូតដល់ផ្លូវលេខ១៣០។

៤- នៅផ្លូវជាតិលេខ១៖ រថយន្តធុនធំ និងរថយន្តដឹកទំនិញដែល ឆ្លងកាត់រាជធានីភ្នំពេញ ត្រូវ ចូលចតនៅក្នុងបរិវេណវត្តនិរោធរង្សី ចំណតរថយន្តច្បារអំពៅ (ចំណតបេនរថយន្ត ស៊ុយ សុផាន) និងត្រូវបញ្ចៀសចរាចររថយន្តធុនធំចំណុចផ្លូវជាតិលេខ១ កែងផ្លូវរោងចក្រថៃហ្គ័រ។ ចំពោះរថយន្តដឹកអ្នកដំណើរគ្រប់ប្រភេទនិងម៉ូតូសណ្តោងរ៉ឺម៉ក ត្រូវចូលចតក្នុងបរិវេណ វត្តនិរោធរង្សី និងតាមបណ្តោយផ្លូវលេខ៣៦៩ (ខាងត្បូងវត្តព្រែកប្រា)។

៥- នៅផ្លូវជាតិលេខ២៖ រថយន្តធុនធំ និងរថយន្តដឹកទំនិញត្រូវចូលចតនៅមហាវិថី សម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ)។ ចំពោះរថយន្តធុនធំដែលចរាចរលើផ្លូវលេខ២១៧ ត្រូវឈប់ចត នៅខាងជើងរង្វង់មូលកួរស្រូវ និងត្រូវបញ្ចៀសចរាចររថយន្តធុនធំ ០៤គោលដៅ រួមមាន រង្វង់ មូលកួរស្រូវមុខវត្តស្លែង មុខវត្តចាក់អង្រែក្រោម និងគល់ស្ពានអាកាសក្បាលថ្នល់ខាងត្បូង។

៦ – នៅផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤៖ រថយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់រាជធានី ភ្នំពេញទៅតាមបណ្តាខេត្តប៉ែកពាយ័ព្យនិងឦសានត្រូវធ្វើចរាចរតាមមហាវិថីឈ្នះឈ្នះ ទៅតាម ផ្លូវជាតិលេខ៥ ឬឆ្លងកាត់ស្ពានព្រែកព្នៅ និងត្រូវបញ្ចៀសចរាចររថយន្តធុនធំ ០៣គោលដៅរួមមាន អតីតរង្វង់មូលចោមចៅ ស្តុបមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងស្តុប២០០៤។ ចំពោះរថយន្តដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉កចូលទស្សនាព្រះរាជពិធី ត្រូវឈប់-ចតមិន ឱ្យចូលហួសស្តុបណតប្រ៊ីតឡើយ។

៧- នៅផ្លូវជាតិលេខ៥៖ រថយន្តធុនធំត្រូវបង្វែរទិសធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះ ឬចូលចត នៅចំណតគីឡូម៉ែត្រលេខ៩។ ចំពោះរថយន្តដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉កចូល ទស្សនាព្រះរាជពិធី ត្រូវឈប់-ចតមិនឱ្យចូលហួសផ្លូវលេខ៦៨ឡើយ។

៨- នៅផ្លូវជាតិលេខ៦៖ រថយន្តធុនធំត្រូវបង្វែរទិសធ្វើដំណើរឆ្លងកាត់ស្ពានព្រែកព្នៅតាមមហា វិថីឈ្នះឈ្នះ។ ចំពោះរថយន្តដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉ក ត្រូវចូលចតនៅទីតាំង ដីតំបន់អភិវឌ្ឍ OCIC។

៩ – នៅផ្លូវលេខ២៧១ និងផ្លូវលេខ៣៧១៖ រថយន្តធុនធំ ត្រូវបញ្ចៀសចរាចរត្រង់ចំណុចផ្លូវលេខ ៣៧១ កែងផ្លូវលេខ២៧១។ ចំពោះរថយន្ត និងម៉ូតូសណ្តោងរ៉ឺម៉កដឹកអ្នកដំណើរចូលទស្សនា ព្រះរាជពិធី ត្រូវឈប់-ចតត្រឹមច្រមុះជ្រូកក្បាលថ្នល់។

១០- នៅផ្លូវចោមចៅ (ផ្លូវវេងស្រេង)៖ រថយន្តធុនធំ ត្រូវបញ្ចៀសចរាចរនៅត្រង់ចំណុចច្រមុះ ជ្រូកស្ទឹងមានជ័យ។

១១- ចំពោះរថយន្ត និងម៉ូតូសណ្តោងរ៉ឺម៉កដឹកអ្នកដំណើរមកចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក តាមផ្លូវលេខ៥៩៨ និងមហាវិថីឧកញ៉ាម៉ុងឬទ្ធី ត្រូវបង្វែរចូលតាមផ្លូវតូចៗមិនឱ្យចូលហួសមហាវិថី គីម អ៊ីលស៊ុង និងចតនៅបរិវេណតំបន់ អភិវឌ្ឍបឹងកក់។ ចំពោះរថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរ មិនឱ្យចូលក្នុងរាជធានី ភ្នំពេញ។

១២- ចំពោះសាឡង់ដឹកខ្សាច់ ទូក និងកប៉ាល់គ្រប់ប្រភេទ ដែលធ្វើចរាចរឆ្លងកាត់មុខទីតាំងប្រារព្ធ ពិធីនៅមុខព្រះបរមរាជវាំង ត្រូវផ្អាកធ្វើនាវាចរក្នុងអំឡុងពេលប្រារព្ធពិធីនៅថ្ងៃទី២៥ ដល់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លើកលែងតែកាណូតដឹកភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ អាច ចរាចរនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ និងអាចចរាចរចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយពិធីបណ្តែតប្រទីបត្រូវបានបញ្ចប់តាមថ្ងៃនីមួយៗ។

១៣- ចំពោះយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍ កោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ ត្រូវផ្អាកធ្វើចរាចរចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីម៉ោង១២:០០នាទី រហូតដល់ម៉ោង ២២:០០នាទី ប៉ុន្តែអាចចរាចរ បានចាប់ពីម៉ោង ២២:០០នាទី រហូតដល់ម៉ោង ១០:០០នាទី ៕

ប្រភពរូបភាព ៖ រដ្ឋបាលរាជធានីភ្នំពេញ

អត្ថបទដែលជាប់ទាក់ទង