លុយច្រើនប៉ុណ្ណាក៏គង់តែស្លាប់! ម្ចាស់​សណ្ឋាគារ​និងកាស៊ីណូ ណាហ្កា​វើលដ៏ បានទទួល​មរណភាពហើយ​ក្នុង​វ័យ ​៧៥ឆ្នាំ​

មហាសេដ្ឋីលំដាប់ទី៧របស់ម៉ាឡេស៊ី លោក​ Chen Lip Keong និងជា​ជាស្ថាបនិក​​ក្រុម​ហ៊ុន​NagaCorp ដែលមានសាខា​នៅក្នុង​ប្រទេស​កម្ពុជា​ដែរ​នោះ បានទទួល​មរណភាពដោយសារជំងឺ​ក្នុង​វ័យ​ ៧៥​ឆ្នាំ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញនេះ។

យោងតាមប្រភពព័ត៌មានម៉ាឡេស៊ីបានឲ្យដឹងថា លោក Chen Lip Keong ជាមហាសេដ្ឋីលំដាប់ទី៧ នៅម៉ាឡេស៊ី និងជាស្ថាបនិកក្រុមហ៊ុន NagaCorp ហើយមរណភាពរបស់មហាសេដ្ឋីរូប​នេះ​បានបន្សល់ទុកនូវ​សម្បត្តិប្រមាណ ២,៨​ពាន់​លានដុល្លារ​អាមេរិក។

ក្រុមហ៊ុន NagaCorp បានចេញសេចក្តីថ្លែងការណ៍មួយ ដោ​យ​​បន្ត​ស​​រសើរពីស្នាដៃ និងការដឹកនាំរបស់ជាមហាសេដ្ឋីទី៧ ម៉ាឡេស៊ី ក្នុងអំឡុងពេលដឹកនាំក្រុមហ៊ុនផងដែរ និងបានប្រកាសតែងតាំង លោក Chen Yiy Fon ដែលជាកូនប្រុ​សមួយ​រូប​រ​បស់​លោ​ក Chen Lip Keong និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនកន្លងមក ឱ្យក្លាយជាប្រធានប្រតិបត្តិ (CEO) ថ្មី ចាប់​​​ពីថ្ងៃ​ទី១០ ខែធ្នូ ដោយកូនប្រុសរូបនេះ ត្រូវកាន់តំណែង និងមានការខុសត្រូវ ដូចឪពុករ​បស់​ខ្លួនធ្លាប់​កា​ន់ពីមុនមក។ ​

តាមការចុះផ្សាយរបស់ទស្សនាវដ្តីអាមេរិក Forb គិតត្រឹមខែឧសភា ឆ្នាំ២០២៣ លោក Chen Lip Keong ជាមហា​សេដ្ឋី​មា​នជាងគេលំដាប់ទី ៧ នៅម៉ាឡេស៊ី ដោយមានទ្រព្យសម្បត្តិប្រមាណ ២,៣ពាន់លាន​ដុ​ល្លា​​រ​។​​​ នៅក្នុង​វេប​សាយ​របស់​ខ្លួន ក្រុមហ៊ុន NagaCorp ទទួលបានអាជ្ញាប័ណ្ណបើកកាស៊ីណូរហូតដល់ឆ្នាំ២០៦៥ នៅក​ម្ពុជា និងមានសិទ្ធិផ្តាច់មុខ ក្នុង​​ការដំណើរការ កាស៊ីណូ ក្នុងចម្ងាយ ២០០គីឡូម៉ែត្រ នៅក្នុងក្រុងភ្នំពេញ រហូត​ដ​ល់ ២០៤៥ ​។

គួររំឮកថា លោក​Chen Lip Keong ជា​អ្នកវិនិយោគ​ដែលបានជួយកម្ពុជា​ជាច្រើននា​ពេលកន្លងមក ជាក់ស្ដែង​នៅក្នុង​វិបត្តិកូវីដ​១៩ លោក​បានបរិច្ចាគថវិកាជាច្រើនលានដុល្លារ​​ដើម្បីឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទប់ស្កាត់​កា​ររីករាលដាល​ជំងឺ​កូវីដ​១​៩​ក្នុង​សហគមន៍​ក៏ដូចជា​ជួយសង្គ្រោះ​ដែលមានវិបត្តិ​នៅក្នុង​អំឡុង​ពេលនោះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង