ការពិត ! កម្ពុជាមិនបានផ្ដល់ការអនុញ្ញាតណាមួយឲ្យក្រុមហ៊ុន Vingroup បើកអាជីវកម្មតាក់ស៊ីប្រើអគ្គិសនីនៅកម្ពុជានោះទេ
កាលពីថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២៣ កន្លងទៅ មានបណ្តាញផ្សាយព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថា ក្រុមហ៊ុន Vingroup របស់វៀតណាមគ្រោងបើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនីចំនួន ២ ៥០០ គ្រឿងនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ដែលបានធ្វើឲ្យមានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមមួយចំនួន និងបាននាំគ្នាចែកចាយបន្តដែលធ្វើឲ្យសាធារណជនមួយចំនួនយល់ច្រឡំថា ក្រុមហ៊ុនមួយនេះ នឹងមកបើកអាជីវកម្មនៅកម្ពុជាក្នុងឆ្នាំ២០២៤។
ដោយឡែកនៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២៣ នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងការណ៍ឲ្យបានដឹងថា រាជរដ្ឋាភិបាលកម្ពុជា មិនបានផ្ដល់គោលការណ៍អនុញ្ញាត តាមសំណើរបស់ក្រុមហ៊ុន Vingroup របស់រៀតណាមក្នុងការបើកអាជីវកម្មតាក់ស៊ីប្រើអគ្គិសនីនៅកម្ពុជានោះទេ និងច្រានចោលព័ត៌មានថា ក្រុមហ៊ុន Vingroup របស់វៀតណាមគ្រោងបើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនីចំនួន ២ ៥០០ គ្រឿងនៅរាជធានីភ្នំពេញ ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានបញ្ជាក់ថា ៖ នៅក្នុងជំនួបពិភាក្សាជាមួយសម្តេចធិបតី កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ ប្រធានក្រុមហ៊ុន Vingroup ពិតជាបានលើកសំណើ
និងបានបង្ហាញបំណងចង់មកវិនិយោគបើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនីនៅកម្ពុជាពិតមែន ប៉ុន្តែ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមិនបានផ្តល់គោលការណ៍អនុញ្ញាតតាមសំណើរបស់ក្រុមហ៊ុននោះទេ៕