វត្តពោធិលង្កា ក្រុងសៀមរាប ត្រូវបានរៀបចំជាថ្មីនៅថ្ងៃនេះ ក្រោយរំសាយគណៈគ្រប់គ្រងចាស់ទាំងអស់កាលពីមួយខែមុន
នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ វត្តពោធិលង្កា (វត្តពោធិលើ) ស្ថិតនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បានប្រកាសតែងតាំងគណៈគ្រប់គ្រងវត្តឡើងវិញហើយ បន្ទាប់ពីទីអារាមនេះ កើតឡើងនូវអធិករណ៍រាំរៃជាច្រើនឆ្នាំ ជម្លោះរវាងសង្ឃ និងសង្ឃ និងបង្កើតជាពួកក្រុមក្នុងទីអារាម រហូតធ្វើឲ្យគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយមន្ត្រីសង្ឃខេត្ត និងអាជ្ញាធរពាក់ព័ន្ធ សម្រេចបញ្ចប់តួនាទីគណៈគ្រប់គ្រងចាស់ទាំងអស់តែម្ដង ដែលមានរយៈពេល ១ខែ ៥ថ្ងៃ កន្លងទៅនេះ។
គណៈគ្រប់គ្រងដែល ត្រូវបានតែងតាំងថ្មី ដើម្បីបន្តដឹកនាំនៅក្នុងវត្តពោធិលង្កានេះ រួមមាន៖ ១-ព្រះភិក្ខុ ពិន ចន្ទ្រា នាមឆាយា ធម្មបណ្ឌិរភា ជាចៅអធិការ ២-ព្រះភិក្ខុ ប៉យ ប៉ នាមឆាយា ខន្តិរក្ខកោ ជាគ្រូសូធ្យស្តាំ ៣-ព្រះភិក្ខុ គេន សូនី នាមឆាយា សង្សមុនី ជាគ្រូសូធ្យឆ្វេង ព្រមទាំងព្រះវិន័យធម៌ ១អង្គ និងលេខា១អង្គ ដូចការគ្រប់គ្រងចាស់ផងដែរ ដោយបានប្រកាសនីយប័ត្រតែងតាំង និង ស្រោចស្រពសុគន្ធវារី កាលពីព្រឹកមិញ។
ពិធីប្រកាសតែងតាំងគណៈគ្រប់គ្រងថ្មីវត្តពោធិលង្កាខាងលើនេះ ក៏មានវត្តមាន និមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះមេគណខេត្ត មន្ត្រីសាលាគណខេត្ត អនុគណក្រុងសៀមរាប និងព្រះគ្រូចៅអធិការគ្រប់វត្តក្នុងក្រុង និងសមណៈសិស្សគរុសិស្ស លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន គណៈកម្មការ អាចារ្យវត្ត និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនទៀត ក្រោមព្រះអធិបតីរបស់សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សមាជិកថេរសភា និងជាឧត្តមទីប្រឹក្សាគណសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជាព្រះចៅអធិការវត្តរាជបូព៌ ក្រុងសៀមរាបផងដែរ។
សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ក៏បានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រះគ្រូចៅអធិការ និងមន្ត្រីសង្ឃ ដែលទើបប្រកាសតែងតាំងថ្មី ដែលជាអ្នករម្ងាប់អធិករណ៍ ត្រូវសហការគ្រប់គ្រងគរុភណ្ឌសង្ឃ មានដីធ្លីវត្តអារាម និងបន្តអប់រំពុទ្ធសាសនិកជនឲ្យរៀនសូធ្យបដិបត្តិធម៌ និងវិន័យ មានបិដកជាគោល សូមរួមសាមគ្គី ព្រះសង្ឃ ពុទ្ធបរិស័ទ តាមបណ្តាវត្តនានា ត្រូវធ្វើការអភិវឌ្ឍនទីវត្ត និងបណ្តុះបណ្តាលធនធានមនុស្សទាំងផ្លូវពុទ្ធចក្រ និងអាណាចក្រ ជាពិសេសការពង្រីកនូវវិស័យពុទ្ធកសិក្សា និងអភិរក្សនូវវប្បធម៌ ប្រពៃណី ទំនៀមទំលាប់របស់ជាតិ។
សម្តេចព្រះព្រហ្មរតនមុនី ក៏បានបញ្ជាក់ថា វត្តអារាមជាទីជំរកអប់រំរិយាធម៌ដល់ពុទ្ធបរិស័ទ យុវជន ដែលជាទំពាំង ស្នងឬសី្ស និងជាឱកាសល្អក្នុងការរួបរួមគ្នា ដើមី្បថែរក្សាការពារសេចក្តីសុខសាន្ត សង្គមជាតិ ដោយប្រកាន់យកព្រះពុទ្ធឱវាទជាប្រទីបបំភ្លឺផ្លូវ ក្នុងការអប់រំសីលធម៌ ចរិយាធម៌ សេចក្តីថ្នៃថ្នូរ សមនឹងទស្សនៈដែលថា ព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌សង្គម ក្នុងការលុបបំបាត់អំពើហិង្សាសង្គមផងដែរ៕