ត្រៀមអាវក្រាស់ៗ! ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែធ្នូ នៅតាមបណ្ដាខេត្តមួយចំនួន នឹងចុះត្រជាក់ខ្លាំង
កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ យោងតាមរយៈការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីធាតុអាកាសចុះត្រជាក់ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣។
យោងការតាមដានស្ថានភាពធាតុអាកាសបង្ហាញឲ្យឃើញថា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ប្រព័ន្ធនៃ សម្ពាធខ្ពស់នៅលើប្រទេសចិនបង្កើនឥទ្ធិពលគ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយខ្យល់មូសុងឦសានបក់ពីបង្ហូរទៅខ្លាំង។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ធាតុអាកាស នឹងចុះត្រជាក់ដោយក្នុងនោះសីតុណ្ហភាពអប្បបរមានៅពេលព្រឹក៖
⁃ ខេត្តមណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ រតនគិរី និងខេត្តប៉ៃលិនសីតុណ្ហភាពអប្បបរមាពី ១៥-១៦°C
⁃ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ធំ និងខេត្តស្ទឹងត្រែងសីតុណ្ហភាពអប្បបរមាពី ១៧-១៩°C
⁃ នៅរាជធានីភ្នំពេញ និងបណ្តាខេត្តដទៃទៀតសីតុណ្ហភាពអប្បបរមាពី ២០-២៣°C
⁃ នៅលើផ្ទៃសមុទ្រខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៧-៩ម៉ែត្រ/វិនាទី និងរលកសមុទ្រមានកម្ពស់ពី១,៥០-២,០០ ម៉ែត្រ។
អាស្រ័យពីស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្ន ថែរក្សាសុខភាពស្លៀកសម្លៀកបំពាក់ឱ្យបានក្រាស់ៗ ដើម្បីបង្ការពីជំងឺដង្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ៕
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម