ការសម្តែងទស្សនីយភាពសិល្បៈចម្រុះនានានៃព្រឹត្តិការណ៍ រំលឹកគុណអង្គរ មានភ្ញៀវទេសចរបានមកទស្សនារហូត ជិត៨ម៉ឺននាក់



សិល្ប៖
កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ បើយោងតាមរយៈការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា រយៈពេល១០ នៃព្រឹត្តិការណ៍រំលឹកគុណអង្គរចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃ១៦ ខែធ្នូ ឆ្នាំ២០២៣ ភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជិត៨ម៉ឺននាក់ បានចូលមកទស្សនាស្តង់ពិព័រណ៍ និងកម្មសម្តែងទស្សនីយភាពសិល្បៈចម្រុះ នៅខាងមុខប្រាសាទអង្គរវត្ត និងព្រះលានជល់ដំរីនៃក្រុងអង្គរធំ។

ក្នុងនោះ មានចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលទស្សនារោងពិព័រណ៍របស់អាជ្ញាធរជាតិអប្សរា សរុបចំនួន ៩ ៦៤៣ នាក់ ភ្ញៀវជាតិចំនួន ៤ ៥៩៥ នាក់ (ព្រះសង្ឃ១២៦អង្គ) និងភ្ញៀវបរទេស ៥០៤៨ នាក់។ កម្មវិធីល្ខោនយីកេមហាជន ល្ខោនស្បែកធំ និងល្ខោនខោលរឿងរាមកេរ្ត៍ នៅខាងត្បូងប្រាសាទអង្គរវត្ត រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ទី ១៦ ខែធ្នូ ឆ្នាំ២០២៣ សរុប ចំនួន ៖ ១៤៣៩ នាក់ ក្នុងនោះ ភ្ញៀវជាតិចំនួន ១៣៨៦ នាក់ (ព្រះសង្ឃ១៨អង្គ) និងភ្ញៀវបរទេសចំនួន ៣៥ នាក់។

ចំពោះកម្មវិធីរាត្រីចងចាំ សិល្បៈចម្រុះ ល្ខោនបុរាណពោលស្រី និងប្រដាល់ក្បាច់គុណបុរាណខ្មែរ នៅព្រះលានជល់ដំរី ពីថ្ងៃទី១៤ ដល់ទី ១៧ ខែធ្នូ ឆ្នាំ២០២៣ សរុប ចំនួន ៖ ៦៩,០០៥ នាក់ ភ្ញៀវជាតិ ៦៨ ៧០៥ នាក់ (ក្នុងនោះ កម្មវិធីរាត្រីចងចាំ មានភ្ញៀវ ៥៣ ៨២៨នាក់) និងភ្ញៀវបរទេសចំនួន ៣០០ នាក់។

គួរជម្រាបជូនផងដែរ ក្នុងរយៈពេល១០ថ្ងៃ នៃព្រឹត្តិការណ៍រំលឹកគុណអង្គរ ក្រៅពីការប្រារព្ធនូវពិធីបែបសាសនា ដើម្បីសម្តែងនូវការដឹងគុណ ចំពោះអង្គព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ និងបុព្វការីជនទាំងអស់
ដែលលោកបានខិតខំកសាង និងថែរក្សាប្រាសាទបុរាណទាំងអស់ នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃនេះ ក៏មានកម្មវិធីទស្សនាស្តង់ពិព័រណ៍ស្តីពីសមិទ្ធផលការងាររយៈពេល៣១ឆ្នាំ របស់អាជ្ញាធរជាតិអប្សរា ការសម្តែងទស្សនីយភាពសិល្បៈបុរាណជាច្រើនទម្រង់ ដើម្បីរួមចំណែកលើកកម្ពស់ស្នាដៃសិល្បៈបុរាណ និងផ្តល់ភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។

ប្រភព និងរូបភាព ៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

អត្ថបទដែលជាប់ទាក់ទង