ចេះគឺជាប់! បេក្ខជនប្រលងចូលធ្វើមន្ត្រីឃុំទូទាំងប្រទេស ៣១៧៣នាក់ យកតែ ២៥០នាក់ អ្នកជាប់គឺកិត្តិយសណាស់
ការប្រលងជ្រើសរើសមន្ត្រីរាជការក្របខណ្ឌស៊ីវិល ផ្នែកកសិកម្ម តាមឃុំទូទាំងប្រទេស កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ នៅទីតាំងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានបេក្ខជនចូលរួមប្រលងចំនួន ៣១៧៣នាក់ ក្នុងនោះស្រីចំនួន ១៤៧៤នាក់ ត្រូវបានគណៈកម្មាធិការរៀបចំការប្រលង នៃក្រសួងមុខងារសាធារណៈ ប្រកាសជាប់ស្ថាពរនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ មានចំនួនត្រឹមតែ ២៥០នាក់ប៉ុណ្ណោះ ក្នុងនោះស្រីមានចំនួន ៩៤នាក់ និងប្រើរយៈពេល ៥ថ្ងៃ សម្រាប់ធ្វើកំណែចម្លើយ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមុខងារសាធារណៈនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣នេះបានឲ្យដឹងថា ការប្រលងជ្រើសរើសមន្ត្រីរាជការសម្រាប់បំពេញក្របខណ្ឌតាមបណ្តាឃុំទាំង ២៥០ ទូទាំងប្រទេស ជាលើកទី១នេះ ត្រូវបានលើកយកវិញ្ញាសាចំនួន៣ រួមមាន ទី១ ជំនាញកសិកម្ម ប្រើរយៈពេលប្រលងចំនួន ២ម៉ោង ទី២ ភាសាអង់គ្លេស ប្រើរយៈពេល១ម៉ោង និងទី៣ វិញ្ញាសាពហុចម្លើយ (Q&A) តាមរយៈដំណើរការប្រលងចាប់ពីម៉ោង១២ ថ្ងៃត្រង់ដល់ម៉ោង ៥ល្ងាច។
គួររំឭកថា នេះជាលើកទី១ហើយ សម្រាប់ការប្រលងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ និងជាលើកទី១ផងដែរ សម្រាប់ការប្រលងជ្រើសរើសមន្ត្រីរាជការស៊ីវិល របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយថាមពលរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយផ្អែកលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព បរិយាបន្ន និងប្រសិទ្ធភាព។
សូមបញ្ជាក់ថា មន្ត្រីកសិកម្មថ្មីដែលបានប្រលងជាប់ជាស្ថាពរមានចំនួន ២៥០នាក់ ដែលនឹងចូលទៅបម្រើប្រជាពលរដ្ឋនៅតាមបណ្តាឃុំទូទាំង ប្រទេស ចំនួន ២៥០ឃុំ និងក្នុងមួយស្រុក មានបេក្ខជនបម្រុងចំនួន ១០នាក់។ តាមសេចក្តីរំពឹងចង់បានពីប្រជាពលរដ្ឋ អាណាព្យាបាលដែលលោកបានបញ្ជូនកូនប្រលងប្រជែងនេះដែរ គឺពួកគាត់ចង់ឃើញមន្ត្រីថ្មីដែលមានសមត្ថភាព ទើបជាប់ថ្មីនោះ មកដឹកនាំពួកគាត់ឲ្យវិស័យកសិកម្មកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ៕