នេះហើយជាលទ្ធផលខិតខំរៀនសូត្រ! សម្តេច ហ៊ុន សែន អនុញ្ញាតឲ្យគ្រួសារសិស្សនិទ្ទេស A អន ផានិត ចូលជួបដល់គេហដ្ឋានសម្តេចផ្ទាល់ព្រឹកនេះ
ស្ថិតក្នុងស្ថានភាពគ្រួសារក្រីក្រ ឪពុកម្ដាយពិការភាព ប៉ុន្តែយុវជន អន ផានិត មិនបានបោះបង់ការសិក្សានោះទេ ព្រមទាំងប្រលងជាប់និទ្ទេស A ថែមទៀត ដែលនេះជាមោទកភាពសម្រាប់គ្រួសាររបស់គាត់ ផានិត ក៏ដូចជាសាមីខ្លួនផ្ទាល់ ខណៈព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេច ហ៊ុន សែន បានអនុញ្ញាត្តិឲ្យក្រុមគ្រួសាររបស់សិស្សនិទ្ទេសអេ រូបនេះ ដោយមានទាំងប្អូនស្រី និងឪពុកម្ដាយចូលជួបសម្តែងគួរសមដល់គេហដ្ឋានរបស់សម្តេចផ្ទាល់ នៅឯក្រុងតាខ្មៅ ខេត្តកណ្តាល។
នៅក្នុងជំនួបព្រឹកមិញនេះសម្តេច តេជោ បានបង្ហោះនៅលើបណ្តាញសង្គមរបស់លោកថា “ឆ្លងកាត់ការសន្ទនាខ្ញុំពិនិត្យឃើញថា ឪពុកម្តាយរបស់ផានិតដែលជាជនពិការទាំងពីរនាក់ពិតជាមនុស្សគួរឱ្យគោរព សម្រាប់ការលៈបងដើម្បីកូននិងក្រុមគ្រួសារ។ ឯចៅផានិតវិញពិតជាក្មេងប្រកបដោយគុណធម៍ និងការចេះដឹងសក្តិសមជាសិស្សប្រឡងជាប់និទ្ទេសA”។
សម្តេចបានបន្តថា ចៅស្រីដែលជាប្អូនរបស់ផានិតបាន និងកំពុងឈានឆ្ពោះទៅបញ្ចប់ការសិក្សានូវកំរិតមធ្យមសិក្សាដើម្បីឈានឆ្ពោះទៅកាន់មហាវិទ្យាល័យនា៣ឆ្នាំខាងមុខ។ នេះជាករណីពិសេសដែលខ្ញុំត្រូវជួយដល់ ផានិត សម្រាប់ការរៀនសូត្រនៅភ្នំពេញផង និងឪពុកម្តាយនៅឯស្រុកកំណើតផង។ ធ្វើយ៉ាងនេះដើម្បីកុំឱ្យផានិតបារម្ភពីឪពុកម្តាយនៅឯស្រុក និងកុំឱ្យឪពុកម្តាយបារម្ភពីផានិតដែលរៀននៅភ្នំពេញ។
គួររឭកថា អន ផានិត ជាយុវសិស្សមកពីគ្រួសារក្រីក្រមួយរូបរស់នៅក្នុងខេត្តកំពត ដែលប្រលងបាននិទ្ទេស A ក្នុងសម័យប្រលងឆ្នាំ២០២៣នេះ ហើយដោយឃើញពីស្ថានភាពលំបាកក្នុងគ្រួសារ សម្តេចតេជោ ហ៊ុន សែន បានសម្រេចចិត្តផ្គត់ផ្គង់រាល់ការចំណាយក្នុងសិក្សារបស់យុវជនរូបនេះតាមបំណងប្រាថ្នា នៃជំនាញវិស្វករ ឥឡូវនេះក៏បានចូលរៀនសាលាតិចណូបានសម្រេចផងដែរ ក្នុងនោះសម្តេចហ៊ុនសែន ក៏បានឧបត្ថម្ភថវិកាប្រចាំខែដល់គ្រួសាររបស់ ផានិត ព្រមទាំងជួយសាងសង់ផ្ទះជូនថែមទៀតផង៕