ភាពកម្សោយនៃវិជ្ជាជីវៈ និងការរំលោភលើសិទ្ធិឯកជនភាព ត្រូវបានកើតឡើងជាបន្តបន្ទាប់ក្នុងសង្គមខ្មែរ
ករណីសមត្ថកិច្ចបង្ក្រាបបទល្មើសក្មេងទំនើងកាលពីរំលងអាធ្រាតចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ យប់មិញ ត្រូវបានអង្គភាពសារព័ត៌មាន និងរូបវនបុគ្គលបង្ហោះតគ្នាព្រោងព្រាត ទាំងមិនបានបិទអត្តសញ្ញាណជនរងគ្រោះឲ្យបានត្រឹមត្រូវ ដែលកំពុងរំលោភបំពានសិទ្ធិបុគ្គលដោយសាធារណៈ និងថែមទាំងបានប្រើពាក្យពេជ្រ ប្រមាថម៉ាក់ងាយជនរងគ្រោះ សុទ្ធតែទំពាំងស្អុយ ។ល។ ដែលប្រាស់ចាកពីវិជ្ជាជីវៈ និងភាពកម្សោយក្នុងវិជ្ជាជីរៈផងដែរ។
*ចូរស្វែងយល់អំពីសិទ្ធិឯកជនភាពនៃព្រះរាជាណាចក្រកម្ពុជា ខាងក្រោមនេះ!
១- រដ្ឋធម្មនុញ្ញ
– មាត្រា៤០៖ សេរីភាពក្នុងការដើរឆ្ងាយ ជិត និងតាំងទីលំនៅក្នុងស្ថានភាពស្របច្បាប់ របស់ប្រជាពលរដ្ឋត្រូវបានគោរព។ ប្រជាពលរដ្ឋខ្មែរ អាចចេញទៅតាំងទីលំនៅប្រទេសក្រៅ ឬវិលត្រឡប់មកវិញបាន។ ការរក្សាសិទ្ធិមិនឲ្យរំលោភលើលំនៅឋាន និងអាថ៌កំបាំង នៃការឆ្លើយឆ្លងតាមលិខិត តាមសារទូរលេខ ទូរពុម្ព ទូរគមនាគមន៍ និងតាមទូរស័ព្ទ ត្រូវបានធានា។ ការឆែកឆេរលំនៅឋាន សម្ភារ: វត្ថុ និងលើរូបបុគ្គល ត្រូវធ្វើឲ្យស្របនឹងបញ្ញត្តិច្បាប់។
២- ក្រមរដ្ឋប្បវេណី (ឆ្នាំ២០០៧)
– មាត្រា១០៖ អត្ថន័យនៃសិទ្ធិបុគ្គលសិទ្ធិបុគ្គល សំដៅទៅលើសិទ្ធិដែលមានអត្ថន័យពាក់ព័ន្ធនឹងជីវិត រូបកាយ សុខភាព សេរីភាព នាម កិត្តិយស ភាពឯកជន ឬសិទ្ធិផ្សេងទៀត ដែលជាផលប្រយោជន៍ទាក់ទងនឹងលក្ខណបុគ្គល។
– មាត្រា១១៖ សិទ្ធិទាមទារឲ្យបញ្ឈប់ប្រសិនបើមានការបារម្ភថា នឹងអាចមានការរំលោភសិទ្ធិបុគ្គលដោយខុសច្បាប់ ឬមានការបារម្ភថា ការរំលោភសិទ្ធិបុគ្គលដែលបានកើតឡើងហើយនោះ នឹងអាចបន្ត ឬនឹងអាចកើតឡើងទៀតដោយខុសច្បាប់ អ្នកដែលមានសិទ្ធិបុគ្គលអាចទាមទារឲ្យបញ្ឈប់នូវការរំលោភនោះបាន។
៣- ក្រមព្រហ្មទណ្ឌ (ឆ្នាំ២០១០)
– មាត្រា៣០២៖ បទប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គលអំពើថតរូបភាពនៃបុគ្គលនៅក្នុងទីកន្លែងឯកជន ដោយគ្មានការព្រមព្រៀងពីបុគ្គលនេះទេ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល លើកលែងតែករណីដែលច្បាប់អនុញ្ញាត។ ត្រូវសន្មត់ជាការព្រមព្រៀង ប្រសិនបើបុគ្គលដែលពាក់ព័ន្ធនេះបានទទួលដំណឹងអំពីការថតហើយបុគ្គលនេះមិនបានជំទាស់ទេនោះ។
លេីសពីនេះទៅទៀត នៅមានមាត្រា នៃអនុក្រឹត្យ ប្រកាស ឬសេចក្តីណែនាំ មួយចំនួនផ្សេងទៀត របស់អង្គភាព និងស្ថាប័នជំនាញ ដែលបានចែងគាំពារឯកជនភាព និងទិន្នន័យផងដែរ៕