ជា ច័ន្ទដារ៉ា បានពោលពាក្យបែបនេះទៅកាន់អ្នកមានគុណ ពេលជាប់ជម្រើសជាតិលើកដំបូង
ខ្សែការពារកណ្តាលរបស់ក្រុមណាហ្គាវើលដ៍កីឡាករ ជា ច័ន្ទដារ៉ា បានពោលពាក្យសម្តីទៅកាន់អ្នកមានគុណ យ៉ាងចាក់ដោតខ្លាំង បន្ទាប់ពីត្រូវបានកោះហៅចូលរួមក្រុមជម្រើសជាតិកម្ពុជាឈុតធំ សម្រាប់ការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិកាតា។
ជាការពិតណាស់! បន្ទាប់ពីត្រូវបានកោះហៅចូលក្រុមជម្រើសជាតិកម្ពុជាកីឡាករ ជា ច័ន្ទដារ៉ា បានបង្ហោះរូបភាពក្នុង Story នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដោយសរសេរពាក្យយ៉ាងចាក់ដោតដូច្នេះថា៖«ម៉ែអើយកូនបានពាក់អាវនេះម្ដងទៀតហើយ»។ដារ៉ា បានបន្តទៀតថា៖«ការជាប់ជម្រើសជាតិកម្ពុជា គឺជាក្ដីស្រម៉ៃតាំងតែពីតូចមកម៉្លេះ។ ខ្ញុំក៏សូមអរគុណដល់លោកគ្រូ ឃឹម បូរី ក៏ដូចជាអ្នកចាត់ការ លោក Ya Sry និងសិស្សច្បង ដែលតែងតែផ្ដល់ដំបូន្មានល្អៗព្យាយាមកែចំណុចខ្វះខាត និងផ្ដល់ឱកាសដល់រូប។ ជាពិសេសអរគុណលោកគ្រូ គង់ សាវង្ស និងលោកឪពុកជា សាវុធ ដែលតែងតែជួយជំរុញលើកទឹកចិត្តរហូតមក»។
នេះជាលើកដំបូងក្នុងអាជីពបាល់ទាត់របស់ខ្សែការពារកណ្តាល ជា ច័ន្ទដារ៉ា ដែលត្រូវបានកោះហៅចូលក្រុមជម្រើសជាតិកម្ពុជាឈុតធំ នឹងចូលរួមហ្វឹកហាត់ត្រៀមការប្រកួតសាកល្បងសមត្ថភាពអន្តរជាតិ (Closed Door Trainning Match) ជាមួយក្រុមជម្រើសជាតិកាតា នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ ខណៈការប្រកួតនេះត្រូវលេងនៅឯទីក្រុងដូហា ប្រទេសកាតាផ្ទាល់តែម្ដង៕
អត្ថបទ៖ សិទ្ធារិទ្ធ