ករណីកម្ចីអនឡាញដោយខុសច្បាប់ក្របួចបានម្នាក់ហើយក្នុងបទចោទចំនួន៣ រួមទាំងបទបរិហារកេរ្តិ៍

ករណីកម្ចីអនឡាញបានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយដែលកំពុងជះឥទ្ធិពលមកលើពលរដ្ឋខ្មែរជាច្រើននាក់ ក្រោយពីប្រទេសជាតិបានរងនូវវិបត្តិជម្ងឺឆ្លងកូវីដ ១៩ និងសេដ្ឋកិច្ចពិភពលោកបន្តដាំក្បាលចុះ ដែលធ្វើឲ្យគ្រួសារខ្លះធ្លាក់ចូលដល់បំណុលធនាគារវ័ណ្តកររ៉ើខ្លួនមិនរួច និងខ្លះទៀតឈានចូលដល់ហ៊ានប្រើនូវកម្ចីអនឡាញ ដែលតែងហៅកម្ចីលុយចិន។

នៅក្នុងកម្ចីអនឡាញ ឬកម្ចីលុយចិននេះ បើតាមការសង្កេតឃើញនូវលក្ខខណ្ឌកម្ចីរបស់គេពិតជាសាហាវព្រៃផ្សៃជាទីបំផុត ប៉ុន្តែនៅតែមានប្រជាជនខ្មែរមួយចំនួនហ៊ានប្រើប្រាស់សេវាកម្មរបស់គេ ព្រោះថាកម្ចីនេះ មិនចាំបាច់ដាក់ទ្រព្យបញ្ចំ ឬធានានោះទេ ដោយគ្រាន់តែសាមីខ្លួនអ្នកខ្ចីថតរូបចំពីមុខភ្ជាប់មកជាមួយអត្តសញ្ញាណបណ្ណ និងក៏មានលក្ខខណ្ឌលើសពីនេះផងដែរ ដើម្បីយកទុកប្រើប្រាស់ពេលដែលកូនបំណុលរបស់ពួកគេគេចមិនព្រមសងលុយ។

តាមរយៈការផ្តល់កម្ចីអនឡាញដោយខុសច្បាប់នេះ ការប្រាក់របស់ពួកគេមិនក្រោម ១៥% ទៅ ២០% នោះទេ ដោយត្រូវទូទាត់ជាប្រចាំខែ ឧ.កម្ចី ១០០ដុល្លារ ត្រូវសងការប្រាក់ ១៥ដុល្លារ ទៅ ២០ដុល្លារ ក្នុងមួយខែ ក្នុងករណីកូនបំណុលមិនបានសងតាមកាលកំណត់របស់គេ ក្រុមកម្ចីអនឡាញនេះ នឹងគម្រាមបង្ហោះរូបថត បង្ហាញមុខកូនបំណុលតាមបណ្តាញសង្គមជាសាធារណៈ និងជេរប្រមាថ ។ល។ ជាដើម។

កម្ចីអនឡាញនេះដែរ កំពុងជះឥទ្ធិពលដល់ស្មារតី សតិអារម្មណ៍ និងឈានដល់វិបត្តិផ្លូវចិត្តដល់បណ្តាកូនបំណុលដែលកំពុងវណ្តករ ដកឃ្លាមិនរួច ខណៈបាត់បង់ចំណូល ការងារមិនស្ថិតស្ថេរ រកស៊ីលែងមានអតិថិជន បន្ទុកក្នុងគ្រួសារកាន់តែច្រើន រហូតឈានដល់ការសម្រេចចិត្តចុងក្រោយ ធ្វើអត្តឃាត ឬចាកចោលទីលំនៅចំណាក់ស្រុក ព្រាត់ប្រាស់កូនប្រពន្ធប្តី ឬខ្លះទៀតឈានដល់ការលែងលះ ព្រោះតែភាពភ័យខ្លាច និងអស់មុខមាត់រស់នៅក្នុងសង្គមក៏មានដែរ។

យ៉ាងណាមិញករណីបទល្មើសកម្ចីអនឡាញដោយខុសច្បាប់ខាងលើនេះ បានឃើញមហាជនចេញមុខសាទរយ៉ាងច្រើនកុះករ ក្រោយពីកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សំ ចាន់ធឿន ភេទប្រុស អាយុ ៣០ឆ្នាំ ពាក់ព័ន្ធការផ្តល់ប្រាក់កម្ចីអនឡាញដោយគ្មានច្បាប់អនុញ្ញាត្ត បរិហារកេរ្តិ៍ និងក្លែងឯកសារ។ ជនសង្ស័យបានបញ្ជូនទៅតុលាការ ដើម្បីអនុវត្តនីតិវិធីបន្ត កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃបានឲ្យដឹងថា ការផ្តល់កម្ចីជាអាជីវកម្មជូនប្រជាពលរដ្ឋដោយគ្មានការអនុញ្ញាត គឺជាបទល្មើសព្រហ្មទណ្ឌក្នុងច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលអាចឈានទៅដល់ការផ្តន្ទាទោសដាក់ពន្ធនាគារផងដែរ។

យ៉ាងណាមិញប្រភពដដែលនេះបានបញ្ជាក់ថា ចំពោះទំនាក់ទំនងសិទ្ធិលើបំណុលម្ចាស់បំណុលនៅតែមានសិទ្ធិប្តឹងទាមទារបំណុលពីកូនបំណុលស្របតាមនីតិវិធីនៃច្បាប់។ ហេតុដូច្នេះសូមសាធារណ:ជន ជៀសវាងការប្រតិបត្តិការកម្ចីប្រាក់ក្រៅប្រព័ន្ធដែលធ្វើឲ្យមានហានិភ័យខ្ពស់បន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង