អ្នកទៅឆ្លងឆ្នាំខេត្តកំពតហេងណាស់ អាចមកសម្រាកនៅវត្តស្នំប្រាំពីរជិតដូងទេ អត់អស់ថវិកាទេ

ព្រះអង្គគ្រូ គីម សំបូរ ចៅអធិការវត្តស្នំប្រាំពីរ ស្ថិតនៅឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ និងព្រះបាឡាត់គណខេត្តកំពត បានប្រកាសនៅលើបណ្តាញសង្គមរបស់ព្រះអង្គនៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣នេះថា បុណ្យឆ្លងឆ្នាំសកលខាងមុខនេះ បើញាតិញោម មកលេងខេត្តកំពត រកផ្ទះសំណាក់មិនបាន សូមអញ្ជើញមកសម្រាកនៅវត្តស្នំប្រាំពីរ ដោយព្រះអង្គគ្រូបានប្រកាសលេខទូរសព្ទសម្រាប់ទំនាក់ទំនងមួយប្រព័ន្ធផងដែរ គឺ 0979515009។

តាមរយៈការប្រកាសជូនដំណឹងរបស់ព្រះគ្រូចៅអធិការវត្តខាងលើនេះ ធ្វើឡើងស្របពេលកំណើនភ្ញៀវទេសចរណ៍មកកាន់ខេត្តកំពតនាពេលកន្លងមក ហក់ឡើងខ្ពស់ជាបន្តបន្ទាប់ និងកង្វះកន្លែងស្នាក់នៅ ជាពិសេសអ្នកដែលអញ្ជើញមកពីខេត្តឆ្ងាយៗ ដែលចង់មកលេងនៅខេត្តកំពត តំបន់សមុទ្រ ជាលក្ខណៈគ្រួសារ ឬមានអ្នករួមដំណើរច្រើននាក់ ពិបាករកកន្លែងសម្រាកនាពេលកន្លងមក។

គួររំឭកថា វត្តស្នំប្រាំពីរ មានចម្ងាយប្រមាណជាង ៦គីឡូម៉ែត្រពីគល់ស្ពានក្រុងកំពត និងស្ថិតនៅតាមបណ្តោយផ្លូវឆ្ពោះមកកាន់រម្មណីយដ្ឋានទឹកឈូ ឧទ្យានដងព្រែក និងរម្មណីយដ្ឋានដូងទេ ។ល។ ដែលជាតំបន់កំពុងពេញនិយមភ្ញៀវទេសចរណ៍មកលេងកម្សាន្តតែម្ដង។ ដូច្នេះហើយសម្រាប់ពុកម៉ែ បងប្អូន ប្រិយមិត្តទស្សនិកជន ដែលមានបំណងទៅលេខខេត្តកំពតនៅថ្ងៃឆ្លងឆ្នាំខាងមុខនេះ សូមកុំភ្លេចទំនាក់ទំនងទៅកាន់វត្តស្នំប្រាំពីរ ជាមុន នឹងទទួលបានកន្លែងសម្រាកដោយមិនអស់ថវិកានោះទេ៕

អត្ថបទដែលជាប់ទាក់ទង