ចែកគ្នាដឹង! ទីភ្នាក់ងាររើសពលករ-សិក្សាការីទៅជប៉ុន ក្រៅពីក្នុងបញ្ជីនេះត្រូវរាយការណ៍ជាបន្ទាន់

រាជធានីភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានប្រកាសបញ្ជីឈ្មោះក្រុមហ៊ុន ទីភ្នាក់ងារជ្រើសរើសឯកជនដែលទទួលបានការអនុញ្ញាតឱ្យធ្វើការជ្រើសរើស បណ្ណុះបណ្តាល បញ្ជូន និងគ្រប់គ្រងសិក្សាការី-ពលករជំនាញ ទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន មានចំនួន ៩៨ ក្រុមហ៊ុន ឬទីភ្នាក់ងារដែលមិនមានក្នុងបញ្ជីដែលក្រសួងប្រកាសនេះ ស្នើឱ្យសាធារណជនផ្តល់ដំណឹងមកកាន់លេខទូរស័ព្ទ 089 957 789 ជាបន្ទាន់។

នៅក្នុងសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា រាល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងឡាយណាដែលពុំមានឈ្មោះក្នុងបញ្ជីខាងលើនេះទេ គឺចាត់ទុកថាជាទីភ្នាក់ងារជ្រើសរើសឯកជនខុសច្បាប់ ដូច្នេះសូមសាធារណជនរាយការណ៍ជាបន្ទាន់ មកកាន់លេខដែលបានផ្តល់ជូនខាងលើ និងទំនាក់ទំនងមកកាន់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំង ២៥ រាជធានី-ខេត្ត នៅរាល់ម៉ោងធ្វើការ ឬពិនិត្យមើលបញ្ជីឈ្មោះក្រុមហ៊ុនដែលមានក្នុងគេហទំព័ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ www.mlvt.gov.kh។

ជាមួយគ្នានេះដែរ ក្រសួងការងារបានបញ្ជាក់ថា ទីភ្នាក់ងារជ្រើសរើសឯកជនចំនួន៣២ផ្សេងទៀត ដែលគ្មានសកម្មភាពដំណើរការក្នុងការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងកម្មសិក្សាការី-ពលករជំនាញ ទៅធ្វើកម្មសិក្សា និងទៅធ្វើការនៅប្រទេសជប៉ុន គឺពុំមានឈ្មោះនៅក្នុងបញ្ជី នៃការផ្សព្វផ្សាយព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឡើយ។

ដើម្បីជៀសវាងការផ្សព្វផ្សាយព័ត៌មានខុស ដែលអាចនាំឱ្យប្រជាពលរដ្ឋរងគ្រោះ ការផ្សព្វផ្សាយពាណិជ្ជកម្មពាក់ព័ន្ធ និងការជ្រើសរើស ឬផ្តល់សេវារកការងារឲ្យធ្វើដល់ពលករខ្មែរនៅតាមបណ្តាសារព័ត៌មានណាមួយ ជាពិសេសតាមបណ្តាស្ថានីយ៍វិទ្យុ ត្រូវមានលិខិតអនុញ្ញាតចេញដោយអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមុនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង