ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិសរុប២៧ ត្រូវបានកំណត់អាណត្តិដឹកនាំ ត្រឹមរយៈពេល ៤ឆ្នាំប៉ុណ្ណោះ
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំអណត្តិថ្មីនេះ ដោយឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសកំណត់អាណត្តិរបស់នាយ និងនាយរងប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិ និងច្រកទ្វារអន្ដរជាតិ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ត្រឹមរយៈពេល ៤ឆ្នាំប៉ុណ្ណោះ នេះបើយោងសេចក្តីប្រកាសរបស់ក្រសួងសាមីខាងលើចុះកាលបរិច្ឆេទថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ និងចេញផ្សាយដោយ បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះ។
តាមរយៈសេចក្តីប្រកាសនេះបញ្ជាក់ថា ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិ ដឹកនាំដោយនាយប៉ុស្តិ៍ ១រូប និងនាយរងប៉ុស្តិ៍ជាជំនួយការ តាមការកំណត់ចំនួន ដូចមានចែងក្នុងប្រការ២ ដោយមានសរុបចំនួន ២៧ច្រក ដែលរួមបញ្ចូលទាំងច្រកព្រំដែនទឹក គោក និងច្រកផ្លូវអាកាស។
ប្រភពដដែលបញ្ជាក់ថា នាយ និងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិ បម្រើការងាររយៈពេល ៤ (បួន)ឆ្នាំ។ នាយ និងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារ ដែលបានចប់អាណត្តិ ត្រូវតែងតាំងមុខតំណែងថ្មី ឬតែងតាំង ជានាយ ឬនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារផ្សេងទៀត សម្រាប់អាណត្តិបន្ទាប់។ ក្នុងករណីមុខតំណែងនេះនៅទំនេរដោយ មូលហេតុចូលនិវត្តន៍ ឬផ្ទេរចេញ ឬមូលហេតុផ្សេងទៀត នោះមិនត្រូវបានបំពេញបន្ថែមឡើយ ដោយរក្សាទុក រហូតដល់មានចំនួនស្ថិតនៅក្រោមការកំណត់ដូចមានចែងក្នុងប្រការ២ នៃប្រកាសនេះផងដែរ៕