ទៀតហើយ! ដាច់បារុងរថភ្លើងក្រឡាប់កុងតឺន័រ៤ទូ ធ្លាយស្រូវ អង្ករខ្ចាត់ខ្ចាយនៅស្រុកកគរ ខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ នៅវេលាម៉ោង ៦ព្រឹក ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤នេះ មានករណីដាច់បារុងរថភ្លើង ក្រឡាប់ទូកុងតឺន័រ ធ្លាយស្រូវ អង្ករចំនួន ៤តុងតឺន័រ នៅត្រង់ចំណុចជើងភ្នំក្បាលសៀម ស្ថិតក្នុងភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា រថភ្លើងមួយខ្សែខាងលើ អូសសណ្តោងទូកុងតឺន័រចំនួន ២៣ទូ ដឹកស្រូវ អង្ករ ចេញពីខេត្តបាត់ដំបង ឆ្ពោះទៅរាជធានីភ្នំពេញ ខណៈដែលបើកមកដល់ចំណុចកើតហេតុ ស្រាប់តែដាច់របូតបារុងទូទី១០ បណ្តាលឱ្យបារុងធ្លាក់ចេញពីផ្លូវដែក និងក្រឡាប់ទូកុងតឺន័រអស់ចំនួន៤ទូ ធ្លាយ់ចេញស្រូវ អង្ក កំពប់ចាក់គរពេញដី តែមិនបង្កឱ្យមនុស្សរងរបួសទេ។
ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងដែរថា ផ្លូវដែកត្រង់ចំណុចខាងលើនេះ មានសភាពស្រុត អាចជាការ ដឹកធ្ងន់ ទើបធ្វើឱ្យរៃកាន់តែស្រុត និងជាហេតុធ្វើឱ្យរបូតទម្ពក់ទូ ពីមួយទៅមួយ ធ្វើឱ្យដាច់របូតទូកុងតឺន័រក្រឡាប់តែម្តង។
គួររំឮកថា មួយរយៈនេះឧស្សាហ៍ឃើញករណីរថភ្លើងធ្លាក់បារុង និងក្រឡាប់ណាស់ ជាក់ស្តែងខាងផ្លូវដែកភ្នំពេញក្រុងព្រះសីហនុក៏ទើបតែកើតឡើងថ្មីៗនេះដែរ ដូច្នេះក្រុមហ៊ុនផ្លូវដែកខាងលើ គួរចាត់ចែកក្រុមជំនាញចុះត្រួតពិនិត្យឡើងវិញ ដើម្បីសុខសុវត្ថិភាព និងកាត់បន្ថយហានិភ័យ ទាំងទ្រព្យសម្បត្តិ និងមនុស្ស ដែលរស់នៅ តាមបណ្តោយផ្លូវដែកគ្រប់ខ្សែនៅកម្ពុជាផងដែរ៕