ករណីស្រីប្រកាន់ប្រុសប្រកែក ព្រះអនុគណក្រុងប៉ោយប៉ែតត្រូវស្ត្រីម្នាក់ចោទថាចាប់រំលោ.ភក្នុងផ្ទះសំណាក់ ក្រោយចង់ដោះដៃ…

បន្ទាយមានជ័យ៖ យោងតាមប្រភពព័ត៌មាននានាចុះផ្សាយនៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះថា ព្រះមន្ត្រីសង្ឃមួយអង្គ មានងារជាព្រះអនុគណក្រុងប៉ោយប៉ែត ត្រូវបានស្ត្រីវ័យក្មេងម្នាក់ប្តឹងពីបទរំលោភសេពសន្ថវៈ និងសម្រេចលាសឹក្ខដោយខ្លួនឯងនៅថ្ងៃនេះ ព្រោះករណីនេះបានធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់ព្រះកិត្តិយស និងព្រះពុទ្ធសាសនាទាំងមូល។

ប្រភពដដែលនេះបានឲ្យដឹងថា ព្រះមន្ត្រីសង្ឃអង្គនេះ មានព្រះនាមថា ប៉ុក ចម្រើន តួនាទីជាព្រះអនុគណក្រុងប៉ោយប៉ែត និងជាព្រះគ្រូចៅអធិការវត្ត សិរីមង្គលសុទ្ធារាម ហៅវត្ត (ស្ទឹងបត់) ស្ថិតនៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្តាយមានជ័យ ត្រូវបានស្ត្រីវ័យក្មេងជាង ២០ឆ្នាំម្នាក់ ប្តឹងទៅសមត្ថកិច្ចពីបទរំលោភសេពសន្ថវៈ និងមិនទទួលខុសត្រូវ ព្រមទាំងប្រើពាក្យដៀលប្រមាថ ដោយចង់បញ្ចប់រឿងត្រឹមបង់លុយ ៣,០០០ដុល្លារ។

តាមការបញ្ជាក់របស់ស្ត្រីដើមចោទ ដែលមិនបានបញ្ជាក់អត្តសញ្ញាណនោះ បានឲ្យដឹងថា ព្រះគ្រូអនុគណ ប៉ុក ចម្រើន បានចាប់រំលោភនាងក្នុងផ្ទះសំណាក់មួយកន្លែងនៅខេត្តសៀមរាប កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ខណៈពេលដែលនាំនាងធ្វើដំណើរកម្មវិធីបញ្ចុះសីមានៅខេត្តព្រះវិហារ។ លុះពេលត្រឡប់មកវិញ បានជួលបន្ទប់ផ្ទះសំណាក់ស្នាក់បន្ទប់ផ្សេងគ្នា តែបន្ទប់នៅទល់មុខគ្នា បានទូរសព្ទជួបលោកបានចាប់រំលោភបានសម្រេចមួយលើក និងមិនឱ្យនិយាយប្រាប់ឪពុកម្ដាយទេ ចាំលោក ២ឆ្នាំទៀត សឹក្ខស្ដីដណ្ដឹង ព្រមទាំងក្រោយរំលោភនាងហើយទំនាក់មកនាងជាញឹកញាប់ តែកន្លះខែក្រោយមកនេះ ដោះដៃលែងទំនាក់ទំនងមក ទើបសម្តេចចិត្តប្តឹងទៅប៉ូលិសទៅតុលាការខេត្តសុំជួយរកយុត្តិធម៌តែម្ដង។

យ៉ាងណាមិញសម្រាប់ព្រះធម្មញ្ញាណ ប៉ុក ចំរើន ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះអនុគណក្រុងប៉ោយប៉ែត និងជាព្រះចៅអធិការវត្តស្ទឹងបត់ខាងលើបានបញ្ជាក់ថា ស្ត្រីដែលបានប្តឹងចោទព្រះអង្គខាងលើនោះ គឺធ្លាប់ចេញ-ចូលវត្ត និងធ្វើបុណ្យនៅទីឆ្ងាយៗ តែងសុំរថយន្តព្រះអង្គជិះទៅជាមួយ តែក្រោយមកត្រូវបានប្តឹងព្រះអង្គថា រំលោភនាងទៅវិញ ដោយស្នើសុំឱ្យមានភស្តុតាងបង្ហាញច្បាស់លាស់មុនចោទប្រកាន់។

សូមបញ្ជាក់ថា ក្រោយមានការចោទប្រកាន់ និងបានប្តឹងពីបទសេពសន្ថវៈនេះដែរ ព្រះភិក្ខអតីតព្រះអនុគណក្រុងប៉ោយប៉ែតអង្គនេះ បានសម្រេចប្រកាសលាចាកសិក្ខាភ្លាមៗផងដែរ ដោយកម្មវិធីបានធ្វើឡើងនៅទីអារាមខាងលើ កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះរួចហើយផងដែរ៕

អត្ថបទដែលជាប់ទាក់ទង