ប្រវត្តិសាស្ត្រខ្មែរហើយកំពូលអ្នកមានស្រុកខ្មែរចូលគាល់ព្រះមហាក្សត្រនិងមហាក្សត្រីម្ដង២០០នាក់!

ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមិនធ្លាប់មានឡើយពីមុនមកដែលកំពូលអ្នកមាននៅស្រុកខ្មែរនាំគ្នាចូលគាល់ព្រះមហាក្សត្រ និងមហាវីរៈក្សត្រីខ្មែរចំនួន ២០០នាក់ ក្នុងពេលតែមួយបែបនេះ។ នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤នេះ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំអ្នកឧកញ៉ា ឧកញ៉ា អនុប្រធាន និងសមាជិក សមាជិកា ចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងព្រះបាទសម្តេចព្រះនរោត្តម សីហមុនី និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រះនរោត្តម មុនិនាថ សីហនុ នៅព្រះរាជដំណាក់សិរីមង្គល នៃព្រះបរមរាជវាំងព្រមគ្នាក្នុងពេលតែមួយ។

យោងតាមព័ត៌មានសមាគមឧកញ៉ាកម្ពុជាចុះផ្សាយនៅគេហទំព័ររបស់ខ្លួនថា ការដឹកនាំប្រតិភូរបស់សមាគមចូលបង្គំគាល់ព្រះមហាក្សត្រ និងព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរនេះ ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសនៃសមាគមឧកញ៉ាកម្ពុជាក្នុងគោលបំណងក្រាបបង្គំថ្វាយព្រះរាជសព្ទសាធុការពរថ្វាយ ព្រះករុណាថ្លៃវិសេស និងថ្វាយអំណរព្រះរាជគុណដែលព្រះអង្គបានប្រោសព្រះរាជទានគោរមងារជា អ្នកឧកញ៉ា និង ឧកញ៉ា ដល់សមាជិកសមាគមឧកញ៉ាកម្ពុជានាពេលកន្លងមក ក៏ដូចជាទូលថ្វាយនូវរបាយការណ៍អំពីវឌ្ឍនភាពនៃសមាគមឧកញ៉ាកម្ពុជាផងដែរ។

ជាមួយគ្នានេះ អ្នកឧកញ៉ា លី យ៉ុងផាត់ ក៏នឹងដឹកនាំអ្នកឧកញ៉ាជាអនុប្រធានព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជាទាំង ៣២រូប ចូលក្រាបថ្វាយបង្គំ និងថ្វាយគ្រឿងសក្ការៈបូជាថ្វាយព្រះបរមរូប ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នាបរិវេណខាងមុខព្រះរាជដំណាក់គន្ធបុប្ផាថែមទៀត។

យោងតាមប្រភពខាងលើដដែលនោះបានបញ្ជាក់ថា អ្នកឧកញ៉ា លី យ៉ុងផាត់ រួមទាំងគណៈប្រតិភូ បានក្រាបបង្គំថ្វាយនូវព្រះរាជតង្វាយរួមមានអង្ករ និងថវិកាមួយចំនួន ដើម្បីចូលរួមដង្ហែក្នុងព្រះរាជសកម្មភាពសប្បុរសធម៌ដ៏ឧត្តុង្គឧត្តមប្រកបដោយទសពិធរាជធម៌របស់ ព្រះអង្គទាំងទ្វេ ដែលតែងតែមានព្រះរាជហឬទ័យខ្វល់ខ្វាយជាប់ជានិច្ចអំពីសុខទុក្ខរបស់ប្រជារាស្ត្រជាកូនជាចៅរបស់ព្រះអង្គ ហើយនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមិនធ្លាប់មានពីមុនមក និងជាលើកដំបូងបំផុតផងដែរ សម្រាប់សមាគមឧកញ៉ាកម្ពុជា ដែលថ្នាក់ដឹកនាំរួមទាំងសមាជិកដែលមានគោរមងារជា អ្នកឧកញ៉ា និង ឧកញ៉ា រហូតដល់ទៅ ២០០រូប ទទួលបាននូវព្រះបរមរាជានុញ្ញាត និងមហាកិត្តិយសចូលក្រាបថ្វាយបង្គំគាល់ក្នុងគ្រាតែមួយជាមួយគ្នាបែបនេះ៕

 

អត្ថបទដែលជាប់ទាក់ទង