នៅប្រាសាទបាយ័ននឹងមានស្រះទឹកព័ទ្ធដូចពីសម័យបុរាណឡើងវិញ
សិល្ប៖ កាលពីថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២៤ បើយោងតាមរយៈការចុះផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថាក្រុមអ្នកបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា កំពុងតែធ្វើកំណាយស្រាវជ្រាវនៅផ្នែកទិសអាគ្នេយ៍ ជាប់ប្រាសាទបាយ័នដែលគេជឿថាពីមុន គឺជារចនាសម្ព័ន្ធរបស់ស្រះទឹកបុរាណ ដើម្បីសិក្សាអំពីកំណកដី និងទំហំស្រះនោះ ដើម្បីឈានទៅរកការស្ដារស្រះស្ដុកទឹកឲ្យមានឡើងវិញដូចកាលពីសម័យបុរាណ។
អត្ថបទដែលសរសេរដោយ ឆាយ ផាន់នី ក៏បានបន្តឲ្យដឹងទៀតថា បុរាណវិទូ លោក ខៀវ ច័ន្ទ មានប្រសាសន៍ថាកំណាយដែលក្រុមការងារកំពុងធ្វើនោះ គឺជាកំណាយសង្គ្រោះដែលជាគម្រោងរបស់នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់សិក្សា ដើម្បីចង់ដឹងឲ្យប្រាកដ ថាតើរចនាសម្ព័ន្ធរបស់ស្រះកាលពីសម័យបុរាណមានទំហំប៉ុណ្ណា? តើមានអ្វីខ្លះនៅតាមច្រាំង និងមាត់ស្រះ? ហើយតើអាចម៍ដីដែលលុបស្រះនេះ គឺជាដីដែលហូរច្រោះមកតាមទឹកឬក៏ជាអាចម៍ដីដែលគេចាក់លុបនៅក្រោយពេលដែលអង្គរត្រូវគេបោះបង់ឋានៈជារាជធានី?។
លោក ខៀវ ច័ន្ទ ឲ្យដឹងទៀតថា ការធ្វើកំណាយស្រាវជ្រាវនេះ ក្នុងគោលបំណងសិក្សាអំពីទំនាក់ទំនងរវាងស្រះទឹក និងកំពែងបុរាណ ដើម្បីឱ្យប្រាកដថាតើរចនាសម្ព័ន្ធរបស់ស្រះទឹកសម័យបុរាណនោះ មានទំហំត្រឹមណាឱ្យពិតប្រាកដ? ។ ក្រុមអ្នកបុរាណវិទូរឲ្យដឹងថា នៅពេលណាដែលអ្នកជំនាញបានសិក្សាស្រាវជ្រាវពីទំហំស្រះ មាត់ច្រាំងស្រះ និងជម្រៅស្រះបុរាណទៅតាមប្រវត្តិសាស្ត្ររួចរាល់ហើយនោះគឺក្រុមការងារនឹងស្ដារស្រះបុរាណដើម្បីឱ្យស្ដុកទឹកមាននៅប្រាសាទបុរាណបាយ័នឱ្យដូចសម័យកាលបុរាណឡើងវិញ៕
រូបភាព៖ លោក ភោគ ជា/យី សុថា