អ៊ុំ វិចិត្រ អ្នក​ចាំទី​​​ដៃ​ទី១​របស់​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោនរម្លឹកពេលវេលាដ៏ឈឺចាប់ពិបាកទទួលយកក្នុងអាជីពបាល់ទាត់របស់ខ្លួន

អ៊ុំ វិចិត្រ ដែល​ជាអ្នក​ចាំទី​​​ដៃ​ទី១​របស់​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោននឹងក្រុមជម្រើសជាតិកម្ពុជា។ អតីត​អ្នក​ចាំទី​ក្លិប​ក្រសួង​ការពារ​ជាតិ​បាន​រៀប​រាប់​ថា រូប​គេ​បាន​ចាប់​ផ្តើម​លេង​បាល់ទាត់​​ជា​អ្នក​ចាំទី​​​កាល​ពី​ឆ្នាំ​២០១៤ ​ជា​ពេល​វេលា​​​ដែល​​បាល់ទាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិនទាន់ផ្ទុះ។

វិចិត្រ​បាន​រម្លឹក​ថា ៖«​​ឆ្នាំ​២០១៤ ខ្ញុំ​ចាប់​ផ្តើមមាន​គេ​ស្គាល់​ច្រើន​នៅ​ពេល​ប្រកួត​ដំបូង​ក្នុង​ពាន​សម្តេចតេជោ ហើយ​ក៏​មាន​ការ​កោះ​ហៅ​ពី​គ្រូ​ជម្រើស​ជាតិ លោក Lee Tae Hoon។ ​ពេល​នោះ ខ្ញុំ​អាយុ​ប្រហែល​ជា​១៨​ឆ្នាំ។ ​នៅ​ជម្រើស​ជាតិ ខ្ញុំ​អត់​ទាន់​បាន​បង្ហាញ​ខ្លួន​ទេ។ រហូត​ដល់​ពាន​រង្វាន់ BIDC Cup ទើប​ខ្ញុំ​មាន​ឱកាស​បង្ហាញ​ខ្លួនជា​មួយ​ក្រុមU23 កម្ពុជា​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិកជាមួយ​ក្រុម​មីយ៉ាន់ម៉ា»។

អ្នក​ចាំទី​រូប​នេះ​បាន​រៀប​រាប់​ថា រូប​គេ​ក៏​បាន​ជួប​សំណាង​អាក្រក់គឺ​របួស​ដៃ​ធ្ងន់​ធ្ងរ​ នៅ​ពេល​បាន​ចូល​រួម​ជា​មួយ​ក្រុម​យុវជន U21 ​និង​បន្ត​​ហ្វឹក​ហាត់​ជា​មួយ​ក្រុម​ធំជម្រើស​ជាតិ​នៅ​ឆ្នាំ​២០១៤។ ប្រហែល​​កន្លះ​ឆ្នាំ​ក្រោយ​ពេល​របួស​ទើប​​ទទួល​បាន​ការ​វះ​កាត់។អ្វី​ដែល​ពិបាក​បំផុត មុន​ពេល​​វះកាត់ ខ្ញុំ​បាន​សួរ​លោក​គ្រូ​ពេទ្យ​ថា លោក​គ្រូ​តើ​ខ្ញុំ​អាច​បន្ត​អាជីព​​ហ្នឹង​វិញ​បាន​ទៀត​អត់? លោក​គ្រូ​និយាយ​ខ្លី​ថា អត់​ទេ​ប្អូន យក​ល្អឈប់​​លេង​ទៅ ពី​ព្រោះ​របួស​កន្លែង​សំខាន់។ដៃ​ខ្ញុំ​នៅ​ជាប់​រុំប័ង ខ្ញុំ​អង្គុយ​មើល​ការ​ប្រកួត​កម្ពុជា​មួយ​ម៉ាកាវ​នៅ​ស្តាត​ចាស់ជម្រុះ World Cup ឆ្នាំ​២០១៥។ ពេល​នោះ​បង​ប្អូន​ចូល​ទស្សនា​ច្រើន​កុះករ​ពេញ​ស្តាត​ចាស់។ បន្ទាប់​មក​ទៀត ការ​ប្រកួត​របស់​ក្រុម​ជម្រើស​ជាតិ​នីមួយ​ៗ​មាន​មនុស្ស​ចូល​មើល​ច្រើន​មែន​ទែន។ ពេល​ខ្លះ ខ្ញុំ​ដេក​គិត ហេតុ​អ្វី​ជីវិត​ខ្ញុំយ៉ាងនេះ បាល់ទាត់​កំពុង​ផ្ទុះ បែរ​ជា​ខ្ញុំ​ជួបបញ្ហា​របួស។ យូរហើយ​មិច​មិន​ផ្ទុះ មក​ផ្ទុះ​អី​ចំពេល​ខ្ញុំ​របួស។ ខ្ញុំ​អាច​និយាយ​បាន​ថា ខ្ញុំ​ស៊យ​ក៏​​ថាបាន»។

ក្រោយ​ការ​វះ​កាត់​នៅ​ឆ្នាំ​២០១៥ អ៊ុំ វិចិត្រ បាន​ចំណាយ​ពេល​ព្យាបាល​គ្រប់​បែប​យ៉ាង​​​ ស្រប​ពេល​វេលា​នោះ​មិន​សូវ​មាន​គ្រូ​ពេទ្យ​ជំនាញ​វះ​កាត់។ រូប​គេ​បាន​ទិញហ្គីតា​យក​មក​លេង​​គឺ​មិន​មែន​ដើម្បី​សប្បាយ​រីក​រាយ​ទេ ប៉ុន្តែ​​​​ដើម្បី​ឲ្យ​ដៃ​មាន​ចលនា។ ក្រោយ​ចំណាយ​ពេល​ជិត​៣​ឆ្នាំ​ទើប​រូប​គេ​បាន​ចូល​ទី​លាន​វិញ។ ចុង​ឆ្នាំ​២០១៧ ឈាន​ចូល​ឆ្នាំ​២០១៨ រូប​គេ​ក៏​ចាប់​ផ្តើម​លេង​បណ្តើរ​ៗ​រហូត​ក្លាយ​ជា​អ្នក​ចាំទី​ដៃ​ទី១​​របស់​ក្រសួង​ការពារ​ជាតិ និងបន្ត​ចូល​រួម​ជា​មួយ​ភ្នំពេញ​ក្រោន​រហូត​ដល់​បច្ចុប្បន្ន៕

អត្ថបទ៖ សិទ្ធារិទ្ធ

ប្រភព៖ កម្ពុជាថ្មី

 

 

 

អត្ថបទដែលជាប់ទាក់ទង