ខេត្តកំពតទទួលបានភ្ញៀវទេសចរជាង ៦ម៉ឺននាក់មកសម្រាកកម្សាន្តក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម
បើយោងតាមរយៈការចុះផ្សាយរបស់ក្រសួងព័ត៌មាន ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ខែកុម្ភ: ឆ្នាំ២០២៤ ខេត្តកំពតទទួលបានភ្ញៀវទេសចរជិតឆ្ងាយមកលេងកម្សាន្តប្រមាណជាង ៦ម៉ឺននាក់។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា សម្រាប់រយ:ពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម ខេត្តកំពតមានភ្ញៀវទេសចរមកលេងកម្សាន្តចំនួន ៦៤.៥២៨នាក់។ បរិមាណនេះបានកើនឡើង ០,៤១ភាគរយបើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំ២០២៣ ក្នុងនោះភ្ញៀវជាតិមាន ៦២.៩០៥នាក់ និងទេសចរបរទេសចំនួន ១.៦២៣នាក់។
តាមរបាយការណ៍បានបញ្ជាក់ផងដែរថា ភ្ញៀវទេសចរទាំងនោះបានមកជាមួយនូវម៉ូតូចំនួន ៧.៣៤៧គ្រឿងរថយន្តលក្ខណ:គ្រួសារចំនួន ៤.៦២៧គ្រឿង រថយន្តប្រភេទទួរីស ១.៩១៤គ្រឿង និងរថយន្តក្រុង ៦៦គ្រឿង ៕
ប្រភព ៖ក្រសួងព័ត៌មាន