អ្នកភូមិក្នុងតំបន់អង្គរប្រារព្ធពិធីឡើងមាឃនាថ្ងៃ៣កើតដែលជាទំនៀមទម្លាប់តាំងពីបុរាណមក
ពិតណាស់ជារៀងរាល់ថ្ងៃ៣កើត ខែមាឃ អ្នកភូមិរស់នៅតំបន់រមណីយដ្ឋានអង្គរ តែងប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតា ដែលជាទំនៀមពីបុរាណកាលមកម្ល៉េះ។
ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ពិធីឡើងមាឃឬឡើងអ្នកតានៅឆ្នាំនេះ ធ្វើឡើងនៅថ្ងៃចន្ទ ៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ដែលត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។អ្នកភូមិរស់នៅក្នុងតំបន់អង្គរ ដូចជាភូមិបង្កោង ឃុំអំពិល, ភូមិសំរោង ឃុំលាងដៃ, ភូមិក្រវ៉ាន់ សង្កាត់នគរធំ, ភូមិក្រសាំងរំលើង សង្កាត់សៀមរាប។ល។ នៅតែបន្តប្រារព្ធពិធីដែលជាទំនៀមពីបុរាណមិនដាច់នោះឡើយ។
ចំពោះពិធីឡើងមាឃឬពិធីឡើងអ្នកតា តែងធ្វើឡើងនៅក្រោយពេលបញ្ចប់រដូវច្រូតកាត់ និងត្រៀមរដូវកាលធ្វើស្រែចម្ការក្នុងឆ្នាំថ្មី ក្នុងនោះក៏ដើម្បីសុំសេចក្តីសុខចម្រើនដល់ភូមិឋានទាំងមូលធ្វើស្រែចម្ការទទួលបានភោគផលច្រើន និងចៀសផុតពីជំងឺចង្រៃផ្សេងៗ។ អ្នកភូមិដែលចូលរួមក្នុងពិធីនេះ បាននាំយកម្ហូបអាហារ បាយសម្ល ភេសជ្ជៈ ផ្លែឈើជាដើម ដើម្បីធ្វើពិធីសែននិងថ្វាយនៅតាមរោងអ្នកតា ឬរូបសំណាកដែលអ្នកភូមិគោរព។ អ្វីដែលមិនអាចខ្វះបាននោះ គឺនំបញ្ចុក។ ក្រៅពីនោះក៏មានស្លាធម៌ បាយសី មានគ្រឿងសំណែន ទៀន ធូប បារី ខោ អាវផងដែរ។នៅតំបន់ខ្លះដូចជាគោកតារាជមានរៀបចំភ្លេងបុរាណថ្វាយ និងរៀបចំរៀងអធិកអធម តែតំបន់ខ្លះទៀត ដូចជាភូមិសំរោង អ្នកភូមិរៀបចំតូចតាច មានអាហារដាក់ក្នុងថាសតូចៗសែនថ្វាយមុខខ្ទមអ្នកតា ដោយពុំមានភ្លេងប្រគំកំដរអ្វីឡើយ៕
ប្រភព ៖អាជ្ញាធរជាតិអប្សរា