ថ្លៃស្រូវខែកុម្ភៈឆ្នាំនេះ ល្អជាងខែកុម្ភៈឆ្នាំ២០២៣ និងរឹតតែល្អជាងខែកុម្ភៈឆ្នាំណាៗទាំងអស់
ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងពីតម្លៃស្រូវក្នុងខែកុម្ភៈ ឆ្នាំ ២០២៤នេះ ថា ថ្លៃស្រូវខែកុម្ភៈឆ្នាំនេះ(ពណ៌ខៀវ) ល្អជាងខែកុម្ភៈឆ្នាំ២០២៣(ពណ៌ទឹកក្រូច) និងរឹតតែល្អជាងខែកុម្ភៈឆ្នាំ២០២២(ពណ៌លឿង) ហើយល្អជាងខែកុម្ភៈឆ្នាំណាៗទាំងអស់។
បើយោងតាមរយៈការចុះផ្សាយនៅលើគណនី Facebook ផ្លូវការរបស់ឯកឧត្តម ឃឹម ហ្វីណង់ នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ បានលើកឡើងថា ហេតុអ្វីចាំបាច់ត្រូវប្រៀបធៀបខែកុម្ភៈនឹងខែកុម្ភៈ? ព្រោះថ្លៃស្រូវតែងតែឡើងចុះប្រែប្រួលទៅតាមរដូវកាលនីមួយៗ។ រដូវប្រមូលផល ស្រូវសម្បូរហូរហៀរនៅលើទីផ្សារ ថ្លៃតែងថយចុះបន្តិច បើធៀបទៅនឹងរដូវខ្សត់ស្រូវមុនពេលច្រូតកាត់មកដល់ នេះគឺជាវដ្តធម្មតានៃសមតុល្យរវាងតម្រូវការនិងការផ្គត់ផ្គង់។ ដរាបណាថ្លៃស្រូវសើមនៅតែលើសពី ១០០០៛/គីឡូ ការវិភាគសេដ្ឋកិច្ចបង្ហាញថា កសិករគ្មានអ្វីដែលត្រូវបារម្ភពីប្រាក់ចំណេញនោះឡើយ ហើយក៏មិនដែលមានឆ្នាំណាថ្លៃស្រូវល្អដូចឆ្នាំនេះដែរ។
ជាមួយការទទួលបាន ថ្លៃស្រូវខែកុម្ភៈឆ្នាំនេះកាន់តែល្អ ក៏មានប្រជាកសិករជាច្រើនបានសាទរ និងមានម្ចាស់គណនីFacebookមួយបានលើកឡើងថា «បានថ្លៃល្អយ៉ាងនេះ វាជាឱកាសល្អបំផុត ធ្វើយ៉ាងណារៀបចំកាត់បន្ថយថ្លៃដើម ឱ្យចុះឱ្យទាបតាមការដែលអាចធ្វើបាន ដើម្បីធានាបានប្រាក់ចំនេញខ្ពស់ប្រកបដោយនិរន្តរភាព សូមអបអរសាទដល់កសិករស្រូវស្រុកខ្មែរ»៕
ប្រភព៖ ឃឹម ហ្វីណង់