ក្លឹបម៉ូតូBMWកម្ពុជា និងក្លឹបម៉ូតូធំនៃប្រទេសថៃបានឧបត្ថម្ភទឹ​កប្រាក់ប្រមាណជិត៧០០០ដុល្លារទៅដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប

កាលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ថវិកាប្រមាណជិត៧០០០ដុល្លារ ត្រូវបានបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ពីក្លឹបម៉ូតូBMWកម្ពុជា និងក្លឹបម៉ូតូធំនៃប្រទេសថៃ ហើយគោលបំណងសំខាន់សម្រាប់ព្រឹត្តិការណ៍នេះគឺផ្តោតទៅលើការលើកស្ទួយលើវិស័យទេសចរណ៍នៅកម្ពុជា ក្នុងយុទ្ធនាការ «ទស្សនាខេត្តសៀបរាម២០២៤» ក្នុងនោះមានម៉ូតូធំសរុបប្រមាណជាង២០០គ្រឿង និងត្រូវបានចូលរួមដោយជនជាតិកម្ពុជា ថៃ ម៉ាឡេស៊ី វៀតណាម ចិន និងអាមេរិក។

ខណៈកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ គឺជាថ្ងៃដែលព្រឹត្តិការណ៍ Iron Men Rally ត្រូវបានធ្វើឡើង(ព្រឹត្តិការណ៍ Iron Men Rally គឺជាការប្រកួតគ្នាជិះម៉ូតូដែលមានរយៈចម្ងាយឆ្ងាយ និងរយៈវេលាយូរឬ២៤ម៉ោងដោយគ្មានការឈប់ តែមានទីតាំងកំណត់ក្នុងការសម្រាក) ទិសដៅសម្រាប់ការធ្វើដំណើរគឺផ្តើមចេញពីប្រទេសថៃ​នឹងបន្តរហូតដល់ប្រទេសកម្ពុជា ខេត្តសៀមរាប​ ដែលមានរយៈចម្ងាយប្រមាណ១០០០គីឡូម៉ែត្រ និងរយៈពេលប្រមាណ២៤ម៉ោងដោយស្ទើរតែមិនបានឈប់សម្រាកសោះ។

បន្ថែមពីនេះទៅទៀត អភិបាលរងខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅដល់ក្រុមកីឡាករទេសចរណ៍ទាំងអស់ ហើយក៏មានការជួយអន្តរាគមន៍ផ្សេងៗពីសំណាក់៖ អាជ្ញាធរខេត្តសៀមរាប រដ្ឋបាលក្រុងសៀមរាប នគរបាលខេត្ត និង កងរាជអាវុធហត្ថខេត្ត នគរបាលអន្តោប្រវេសន៍ និងសាខាគយ ច្រកទ្វាព្រំដែនអូរស្មាច់ អាជ្ញាធរអប្សរា និងគ្រឹះស្ថានអង្គរ ដែលបានអនុញ្ញាតអោយប្រើតំរាយផ្លូវ និងទីតាំងថតរូបដើម្បីផ្សព្វផ្សាយរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្ត ដែលបានជួយអន្តរាគមន៍ក្នុងការសម្របសម្រួលទៅដល់កីឡាករទាំងជាតិ និងអន្តរជាតិអស់ផងដែរ៕

ប្រភពរូបភាព៖ BMW Motorcycle Club Cambodia

អត្ថបទដោយ៖ sikuses

អត្ថបទដែលជាប់ទាក់ទង