ចាប់ពីថ្ងៃទី ២០ ដល់ទី ២៥ ខែមីនា នឹងមានការរៀបចំកម្មវិធីប្រកួតប្រជែងថតរូប «សមរាត្រីអង្គរអច្ឆរិយៈ»នៅប្រាសាទអង្គរវត្ត

កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ យោងតាមរយៈការចុះផ្សាយរបស់ ក្រសួងទេសចរណ៍បានចេញសេចក្ដីជូនដំណឹងស្ដីពីការប្រកួតប្រជែងថតរូប «សមរាត្រីអង្គរអច្ឆរិយៈ»នៅប្រាសាទអង្គរវត្ត ដែលនឹងធ្វើឡើងនៅចន្លោះថ្ងៃទី ២០ដល់ទី ២៥ ខែមីនា ឆ្នាំ ២០២៤ ក្នុងខេត្តសៀមរាបខាងមុខនេះ ។

ក្រសួងទេសចរណ៍មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជន មេត្តាជ្រាបថា «ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរវត្ត – Equinox Angkor ឆ្នាំ២០២៤ ដែលត្រូវបានគេ ស្គាល់ថាជាបាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ត្រូវបានគេរំពឹងថានឹងកើតមាននៅចន្លោះ ថ្ងៃទី២០ ដល់ ២២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៥:០០នាទី ដល់ម៉ោង ៧:០០នាទីព្រឹក។

ក្នុងន័យនេះ ដើម្បីផ្សព្វផ្សាយ និងលើកទឹកចិត្តដល់គ្រប់ភ្ញៀវទេសចរចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យ នេះឱ្យបានកុះករ និងប្រកបដោយភាពរីករាយ ក្រសួងទេសចរណ៍នឹងរៀបចំកម្មវិធី »ការប្រកួតប្រជែងរូបថត សមរាត្រីអង្គរអច្ឆរិយៈ (Equinox Angkor Photo Contest)។
• នីតិវិធីនៃការចូលរួម៖
១. ជ្រើសរើសរូបថតព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរវត្ត ឆ្នាំ២០២៤ ដែលខ្លួនបានថតដោយផ្ទាល់
២. ផ្ញើរូបថត ដោយភ្ជាប់ជាមួយ ឈ្មោះ និងលេខទូរស័ព្ទ មកកាន់ទំព័រហ្វេសប៊ុក «ក្រសួងទេសចរណ៍ Ministry of Tourism
៣. ការបើកទទួលរូបថត ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៤
៤. ក្រុមការងារនឹងធ្វើការវាយតម្លៃរូបថតដែលស្អាតជាងគេចំនួន ១០ រូប ដើម្បីផ្សព្វផ្សាយនៅលើ គេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយនានារបស់ក្រសួងទេសចរណ៍
៥. ជ័យលាភីរូបថតចំនួន ៣រូប នឹងទទួលបានរង្វាន់ជាទឹកប្រាក់ ចាប់ពី ៥០០,០០០រៀល រហូតដល់ ១,០០០,០០០រៀល។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមភ្ញៀវទេសចរជាតិ -អន្តរជាតិ និងសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន អំពីព្រឹត្តិការណ៍ដ៏អាស្ចារ្យនេះ និងចូលរួមក្នុងកម្មវិធីប្រកួតប្រជែងខាងលើឱ្យបានច្រើនកុះករ ៕

ប្រភព ៖ ក្រសួងទេសចរណ៍

អត្ថបទដែលជាប់ទាក់ទង