នៅព្រឹកនេះ ព្រះអាទិត្យរះចំកំពូលប្រាង្គកណ្ដាលប្រាសាទអង្គរវត្តយ៉ាងស្រស់ស្អាតជាទីគយគន់

នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ ព្រឹត្តិការណ៍«សមរាត្រី» ព្រះអាទិត្យរះចំកំពូលប្រាង្គកណ្ដាលប្រាសាទអង្គរវត្តយ៉ាងស្រស់ស្អាត ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនរាប់ម៉ឺននាក់ ក្រោកមកតាំងពីម៉ោង៥ព្រឹក ដើម្បីរង់ចាំទស្សនាព្រឹត្តិការណ៍ព្រះអាទិត្យរះឡើងកាត់តាមកំពូលកណ្តាល នៃប្រាសាទអង្គរវត្ត។

ហើយព្រឹត្តិការណ៍សមរាត្រីនេះ (Equinox) តែងតែកើតមាន២ដងជារៀងរាល់ឆ្នាំគឺនៅរដូវប្រាំង (Vernal Equinox)កើតទ្បើងនៅចន្លោះថ្ងៃទី២០-២២ខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅថ្ងៃទី២១-២៣ ខែកញ្ញា ។

ពិតណាស់ចំពោះព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ស្តែងឲ្យឃើញពីអច្ឆរិយភាពនៃប្រាសាទអង្គរវត្ត ដែលបុព្វបុរសខ្មែរយើងបានកសាងឡើងដោយមានការគិតគូរអំពីស្ថាបត្យកម្ម និងការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិរវាងផែនដី និងព្រះអាទិត្យ យ៉ាងច្បាស់លាស់គួរស្ញប់ស្ញែង៕

រូបភាព ៖ អាជ្ញាធរជាតិអប្សរា

អត្ថបទដែលជាប់ទាក់ទង