មន្ទីរវប្បធម៌ខេត្តកំពង់ស្ពឺ នឹងរៀបចំ «ប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤ »នៅថ្ងៃទី៧ ខែមេសា ខាងមុខនេះ

កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ មន្ទីរវប្បធម៌ខេត្តកំពង់ស្ពឺ បានចេញសេចក្ដីជូនដំណឹងស្តីពីការរៀបចំ “ប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤” នាថ្ងៃទី០៧ ខែមេសា វេលាម៉ោង ៨៖០០ នាទីព្រឹក ស្ថិតក្នុងភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានសហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រដ្ឋបាលស្រុកសំរោងទង និងសមាគមរទេះសាឡីគោលឿនខេត្តកំពង់ស្ពឺ ប្រារព្ធពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨៖០០ នាទីព្រឹក ស្ថិតក្នុងភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ពិធីនេះ ប្រារព្ធឡើង ក្នុងគោលបំណងចូលរួមអភិរក្ស លើកស្ទួយ អភិវឌ្ឍ និងផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយស្របតាមបរិបទនៃ សង្គមបច្ចុប្បន្ន នូវប្រពៃណីប្រណាំងរទេះសាឡីគោលឿននៅក្នុងខេត្តកំពង់ស្ពឺ ដែលបុព្វបុរសខ្មែរបានបន្សល់ ទុកជាយូរណាស់មកហើយ។

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ សង្ឃឹមយ៉ាងមុតមាំថា នឹងមានបងប្អូនចូលរួមទស្សនាពិធី ប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤នេះ ឲ្យបានច្រើនកុះករ ។សូមបញ្ជាក់ថា បើតាមការសិក្សាអំពីប្រវត្តិនៃពិធីនេះគឺ ដើមឡើយរទេះសាឡីគោ ប្រើប្រាស់សម្រាប់តែដឹក ជញ្ជូនបណ្ណាការក្នុងពិធីអាពាហ៍ពិពាហ៍ និងដឹកជញ្ជូនលោកយាយ លោកតា ចូលរួមក្នុងពិធីអាអាពាហ៍ពិពាហ៍ ពីធីបុណ្យប្រពៃណី និងពីធីបុណ្យផ្សេងៗទៀតប៉ុណ្ណោះ លុះក្រោយៗមកទៀត អ្នកភូមិក៏បានផ្ដួចផ្ដើមគំនិត បង្កើតពិធីប្រណាំងរទេះសាឡីគោនេះនៅតាមភូមិ នៅតាមសហគមន៍ រហូតនៅតាមទីប្រជុំជន ដើម្បីអបអរមុន ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនឹងឈានចូលមកដល់…៕

ប្រភព ៖​មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ

អត្ថបទដែលជាប់ទាក់ទង