សកម្មភាពក្រុមការងារ កំពុងរៀបចំរូបនាគធ្វើពីឫស្សីលាបពណ៌មាសយ៉ាងស្រស់ស្អាត ត្រៀមដាក់នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ

នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានបង្ហាញពីសកម្មភាពរបស់ក្រុមការងាររៀបចំសង្ក្រាន្តវត្តភ្នំ ដែលកំពុងតែមមាញឹករៀបចំ រូបនាគធ្វើពីឫស្សីលាបពណ៌មាសយ៉ាងស្រស់ស្អាត នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។

ក្នុងនោះឯកឧត្តម កើត ឆែ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមអញ្ជើញចូលរួមកម្សាន្តសប្បាយនៅសង្ក្រាន្តវត្តភ្នំ ឱ្យបានច្រើនកុះករ ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ជុំ។ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨៖០០ព្រឹក ដល់ម៉ោង ២០៖០០យប់។

គួរបញ្ជាក់ថា នៅក្នុងសង្ក្រាន្តនេះដែរ មានការរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយជាច្រើនដូចជា កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្ដែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង និងដណ្ដើមស្លឹកឈើ) ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញគំនូរបុរាណ និង វត្ថុសិល្បៈវប្បធម៌ផងដែរ ៕
ប្រភព៖ Koeut Chhe – កើត ឆែ អភិបាលរងរាជធានីភ្នំពេញ

អត្ថបទដែលជាប់ទាក់ទង