មកស្គាល់ពីអត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លា.ប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅភូមិភាគទី៣
របាយការណ៍បឋមរបស់យោធភូមិភាគទី៣ បានឲ្យដឹងថា ករណីផ្ទុះឃ្លាំងស្តុកគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៤និង២៥នាទី បណ្តាលឱ្យយោធិន ចំនួន ២០ នាក់។ តាមរយការណ៍ដដែល ក្នុងចំណោមអ្នកស្លាប់ទាំង២០នាក់ គឺមាននាយទាហានខេត្តកោះកុង ចំនួន ១៥នាក់ និងនាយទាហានទីបញ្ជាការយោធភូមិភាគ៣ខេត្តកំពង់ស្ពឺ ចំនួន ៥នាក់ ។
តាមរបាយការណ៍យោធិន ១៥ នាក់ គឺជាអ្នកដឹកជញ្ជូនគ្រាប់ខូចពីតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុងមកកាន់ទីបញ្ជាការយោធភូមិភាគទី៣ខេត្តកំពង់ស្ពឺ ។
តាមលិខិតឧទ្ទេសនាមដែលចេញដោយមេបញ្ជាការសឹករងខេត្តកោះកុង បានឲ្យដឹងថាយោធិនអត្តសញ្ញាណយោធិនទាំងរូបមានអត្តសញ្ញាណដូចជា ៖
ទី១. វរសេនីយ៍ទោ ជា សំណាង តួនាទីជានាយសេនាធិការរង។ ទី២. វរសេនីយ៍ត្រី បូរ ពឿន តួនាទីជានាយជ.បច្ចេកទេស។ ទី៣. អនុសេនីយ៍ទោ ហ៊ី ហួន តួនាទីជ.អាវុធគ្រាប់ជ.បច្ចេកទេស។ ទី៤. អនុសេនីយ៍ទោ សាត់ ងឿន ជ.ដឹកជញ្ជូនការិយាល័យទី៤។ ទី៥. អនុសេនីយ៍ទោ លឿន សុខណា មេបញ្ជាការរង អ.ធំការពារអាកាស។ ទី៦. អនុសេនីយ៍ទោ ស៊ុម ពិសាល។ ទី៧. អនុសេនីយ៍ទោ យ៉ែន ឡូត។ ទី៨. អនុសេនីយ៍ត្រី អិន អុន។ ទី៩. នាយចំណង់ ឃឹម មករា។ ទី១០. នាយចំណង់ វ៉ាង រិន។ ទី១១. ពលបាលឯក ងយ ឈុនលី។ ទី១២. ពលបាលទោ ឌឹម សត្យា ។ ទី១៣. ពលបាល កើយ ភូក។ ទី១៤. ពលបាលទោ ទួន បូរាជ និងទី១៥. ពលបាលទោ ចេន សុភ័ក្រ ។ចំណែកយោធិន ៥រូបទៀត ដែលជានាយទាហានទីបញ្ជាការយោធភូមិភាគ៣ខេត្តកំពង់ស្ពឺ គេនៅមិនទាន់កំណត់អត្តសញ្ញាណបាននៅឡើយ ។
ក្នុងឧបទ្ទវហេតុនេះ បណ្ដាលឲ្យខូតខាតចំពោះអាវុធ-គ្រាប់ មកពីខេត្តកោះកុង មាន រថយន្ត ០៥ គ្រឿង (ផ្ទុះខ្ទេចរថយន្ត ១គ្រឿងរួមទាំងអាវុធ គ្រាបនៅលើរថយន្ត, រថយន្តមួយគ្រឿងទៀតខូចធ្ងន់ធ្ងរផ្នែកខាងក្រៅតែអាវុធគ្រាប់នៅលើនឹង, ០៣គ្រឿងទៀត មិនទាន់បានដាក់អាវុធគ្រាប់ចុះ) ។
អគារខូចខាតធ្ងន់ធ្ងរ ចំនួន ០៤ ខ្នង(អាវុធគ្រាប់ក្នុងឃ្លាំង០៣ខ្នង ខូចខាតទាំងស្រុង, អគារស្នាក់នៅ ០១ ខ្នង និងអគារការិយាល័យក្នុងទីបញ្ជាការយោធភូមិភាគ ខូចខាតផ្នែកខាងក្រៅរួមមានទ្វា បង្អួច និងដំបូល)។ខូចខាតផ្ទះប្រជាពលរដ្ឋជុំវិញទីបញ្ជាការយោធភូមិភាគ ចំនួន ២៥ខ្នង ៕
ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅភូមិភាគទី៣នេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយគ្រួសារយោធិនពលីជីវិត ដែលផ្ទុះគ្រាប់ស្លាប់២០នាក់ និងឧបត្ថម្ភគ្រួសារសពក្នុង១សព២ម៉ឺនដុល្លារ អ្នករបួស ២០លានរៀល និងភ្ជាប់ជាមួយសារនៅលើបណ្ដាញសង្គមរបស់សម្ដេច នៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះថា «ខ្ញុំមានក្ដីរន្ធត់ក្ដុកក្ដួលឥតឧបមា ដែលបានទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបានបង្កឱ្យយោធិនចំនួន២០នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស»។សម្ដេចធិបតីបន្តថា «ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារយោធិនពលី និងសម្ដែងនូវសមានទុក្ខសោកស្តាយចំពោះអ្នករងរបួស ក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ»៕