ភាពរុងរឿងនៃវិស័យកីឡាកម្ពុជា ២០២៣

រាជធានី​ភ្នំពេញ ៖ វិស័យ​កីឡា​នៅ​កម្ពុជា​បាន​ឈាន​ដល់​របត់​ថ្មី​បំផុត​នៅ​ក្នុង​កំណត់​ត្រា​ស៊ី​ហ្គេ​ម និង​កំណត់​ត្រា​កីឡា​របស់​ប្រទេស​នៅ​ពេល​ដែល​ខ្លួន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម លើក​ទី​២៣ ដោយ​មក ដល់​ពេល​នេះ​អត្ត​ព​លិ​ករ​កម្ពុជា​នៅ​តែ​ឈរ​នៅ​លើ​លំដាប់​កំពូល​នៃ​តារាង​មេដាយ​ដែល​គ្មាន​នរណា​អាច​គិត​ថា កម្ពុជា​អាច​ធ្វើ​បាន​ទេពី​មុន​មក ។

ចាប់តាំងពី​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​បារាំង នៅ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​១០៥៣ មក​ដល់​ពេល​នេះ សូ​ម្បី​តែ​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​ហ្គា​ណេ​ហ្វូ (Ganefo) ពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​១៩៦៦ ហើយ​បាន​ឆ្លងកាត់​សម័យ​សង្គ្រាមស៊ីវិល​ពី​ឆ្នាំ​១៩៧០ ដល់​១៩៩៨​មក ដល់​ឆ្នាំ​២០២២ កម្ពុជា​មិន​ដែល​ឆ្លងកាត់​ប្រវត្តិ​រុងរឿង​ខាង​កីឡា​ដូច ឆ្នាំ​២០២៣ នេះ​ឡើយ ។ ចាប់​តាំង​ពិធី​បើក​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ យ៉ាង​ជោគជ័យ និង​ទទួល​បានការ​គាំទ្រ និង​ស្ញើ​ច​សរសើរ​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​ជាតិ និង​អន្តរជាតិ​អត្ត​ព​លិ​ក​កម្ពុជា​ដែល​បាន​ចូលរួម​ជាង​១០០០ នាក់ នៅ​ពេល​នេះ​បាន​បំបែក​កំណត់​ត្រា​ហួស​ពី​ការ​រំពឹង​ទុក ។

កាលពី​ឆ្នាំ​២០២២ នៅ​ពេល​ដែល​វៀតណាម​ធ្វើ​ជា​ម្ចាស់ផ្ទះ​កម្ពុជា​បាន​អះអាង​ថា ពី​ភាព​ជោគជ័យ​របស់​ខ្លួន​ដោយនៅ​ក្នុង​អំឡុង​ព្រឹត្តិការណ៍​នោះ​អត្ត​ព​លិ​ក​កម្ពុជា​អាច​ដណ្តើម​បាន​មេដាយ​សរុប​៦៣ ដោយនៅ​ពេល​នោះ មេដាយមាស​បាន​៩ មេដាយ​ប្រាក់​បាន​១៣ និង មេដាយ​សំរឹទ្ធ​បាន​៤១ ។ ប៉ុន្តែ​មួយ​ឆ្នាំ​កន្លង​មក ក្រោម​ការ​យកចិត្តទុកដាក់ និង​គាំពារ​របស់​រាជរដ្ឋាភិបាល អត្ត​ព​លិ​ក​កម្ពុជា​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ដោយ​ត្រឡប់​ពី​ខ្លួន​ពី​បាត​តារាង​មេដាយ​មក​លើ​លំដាប់​កំពូល​ជា​បន្តបន្ទាប់​អស់​រយៈពេល​៤​ថ្ងៃ​ជាប់​ៗ​គ្នា ។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​០៨ ខែ ឧសភា ឆ្នាំ​២០២៣ វេលា​ម៉ោង​១១​គត់ អត្ត​ព​លិ​ក​កម្ពុជា​បាន​ដណ្តើម មេដាយ​ទាំងអស់​ចំនួន​៧៤ នៅ​ក្នុង​ចំណោម​មេដាយ​សរុប​៤១៨ មេដាយ ដោយនៅ​ក្នុង​នោះ​មេដាយមាស​មាន​រហូត​ដល់​៣២ ប្រាក់​២១ និង​សំរឹទ្ធ​២១ ។ អត្ត​ព​លិ​ក​កម្ពុជា​បាន​នៅ​បន្ត​នាំមុខ​អត្ត​ព​លិ​ក​ថៃ ដែល​បាន​ដណ្តើម​មេដាយ​សរុប​៥៧ ដោយ​មាន​មេដាយមាស​១៦ ប្រាក់​១៧ និង​សំរឹទ្ធ​២៤ ហើយ​ឥណ្ឌូ​នេ​ស៊ី​បាន​មេដាយ​សរុប​៥២ ដោយ​មេដាយមាស​បាន​១៦​ប្រាក់​១២ និង​សំរឹទ្ធ ២៤ ។ ហ្វី​លី​ពិន​នៅ​លំដាប់​ទី​៤ ដោយ​មាន​មេដាយ​សរុប​៥៧ នៅ​ក្នុង​នោះ​មាស​មាន​១៥ មេដាយ​ប្រាក់​២០ និង​សំរឹទ្ធ​២២ ។

នៅ​ក្នុង​ការ​ប្រកួត​ដែល​ចាប់ផ្តើម តាំងពី​ថ្ងៃ​ទី​២៩ ខែមេសា មក​ដល់ ពេល​នេះ​អត្ត​ព​លិ​ក​កម្ពុជា​បាន​ធ្វើ​យ៉ាង​ល្អ​លើ​វិញ្ញាសារ​ជា​ច្រើន​នៅ​ក្នុង​ប្រភេទ​កីឡា​ខ្លះ​ដែល​កម្ពុជា​មិន​ដែល​បាន​ធ្វើ​ល្អ​ឡើយ ដូច​ជា​ប្រភេទ​កីឡា បាល់បោះ គ្រី​ឃី​ត … ហើយ កាលពី​រាត្រី​ថ្ងៃ​ទី​០៧ ខែឧសភា កន្លង​ទៅ​នេះ អត្ត​ព​លិ​ក​នៃ​កីឡាបាល់ទះ​នៅ​ក្នុង​សាល​កម្ពុជា​ក៏​បាន​ធ្វើ​យ៉ាង​ល្អ​ដោយ​បាន​បោះ​ជំ​ហ៊ាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្ត ដើម្បី​ដណ្តើម​មេដាយមាស ក្រោយ​បំបាក់​អត្ត​ព​លិ​ក​ថៃ នៅ​ក្នុង​ការ​ប្រកួត​៥​ដង ដោយ​ថៃ​នាំមុខ​ពីរ​ប្រកួត ហើយ​កម្ពុជា​បាន​បំបាក់​ថៃ​នៅ​៣ ប្រកួត​ចុង​ក្រោយ នៅ​ក្នុង​លទ្ធផល​ដ៏​ត្រចះត្រចង់ ។

ភាព​នៃ​អត្ត​ព​លិ​ក​កម្ពុជា​មិន​អន់​ឡើយ ក្រោយ​ពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​សន្សែសន្សំ​ថវិកា ដើម្បី​ដាក់​ទុន​វិនិយោគ​នៅ​លើ​វិស័យ​កីឡា​ដែល​មាន​ថវិកា​សរុប​ប្រមាណ​ជា​១១៨​លាន​ដុល្លារ ដើម្បី​ចំណាយ​នៅ​លើ​ការ​រៀបចំ​ផ្សេង​ៗ​ដោយ​រួម​ទាំង​ការ​ថែបំប៉ន​កម្លាំង បញ្ហា​ភស្តុ​ភាព​កម្ម ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​បើក​កម្មវិធី​កីឡា​ស៊ី​ហ្គេ​ម និង​ប៉ា​រ៉ា​ហ្គេ​ម ហើយ​កម្លាំងចិត្ត​ដ៏​សំខាន់​ថែម​ទៀត​នោះ គឺ​ប្រាក់​រង្វាន់​ដែល​រាជរដ្ឋាភិបាល​បាន​ប្រកាស​ថា អ្នក​ដែល​បាន​មេដាយមាស​អាច​ទទួល​បាន​ប្រាក់​រង្វាន់​រហូត​ដល់​៤០​លាន​រៀល​ឬ​១​ម៉ឺន​ដុល្លារ សម្រាប់​មេដាយមាស​, ៣០​លាន​រៀល ឫ​ជាង​៧​ពាន់​ដុល្លារ សម្រាប់​មេដាយ​ប្រាក់ និង ១៦​លាន​រៀល ឬ​ជាង​៣​ពាន់​ដុល្លារ​សម្រាប់​មេដាយ​សំរឹទ្ធ ។

ទំហំ​ទឹកប្រាក់​នេះ គឺ​ច្រើន​គួរសម​ដែរ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ក៏​ជាមួយនឹង​ការ​ចំណាយ​នេះ យើង​បាន​ទទួលលទ្ធផល​នោះ​គាប់ប្រសើរ​ដែរ ដោយពេល​នេះ​យើង​បាន​រៀបចំ​ព្រឹត្តិការណ៍​បើក​ដ៏​ជោគជ័យ ។ ម្យ៉ាងវិញទៀត​កីឡា គឺជា​ទូត​សុ​ឆន្ទៈ​មួយ​ដែល​នឹង​ជួយ ដល់​ការ​បង្កើន​ការ​ផ្សព្វផ្សាយ​ពី​កម្ពុជា​នាំ​ឲ្យ​បង្កើន​ការ​យល់​ការ​ស្គាល់​ពី​កម្ពុជា ។ ព្រឹត្តិការណ៍ ដែល​កម្ពុជា​ដាក់​ទុន​នេះ​នឹង​ក្លាយជា​យន្តការ​សត្យា​នុ​ម័ត​មួយ​ដែល​នឹង​បង្កើន​ផលប្រយោជន៍​ដល់​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ជា​ពិសេស គឺ​ទាក់ទាញ​ទេសចរណ៍ និង​វិនិយោគទុន​ជា​ពិសេស គឺ​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​កម្ពុជា​លេច​យ៉ាង​ត្រដែត​នៅ​លើ​ឆាក​អន្តរជាតិ​បន្ថែម​លើ​ជោគជ័យ​ខាង​នយោបាយ និង​ការទូត​ដែល​កម្ពុជា​បាន​ធ្វើ​ជោគជ័យ​ជា​បន្ត បន្ទាប់​ដូច​ជា ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​៣ ដង​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​ម្តង និង​ព្រឹត្តិការណ៍​អន្តរជាតិ​នានា​កន្លង​មក ។

សរុប​មក​វិញ​ទោះបីជា​លទ្ធផល​ទម្រាំ​ដល់​ថ្ងៃ​បញ្ចប់​ពោល គឺ​ថ្ងៃ​ទី​១៧ ខែ ឧសភា ឆ្នាំ​២០២៣ ប្រែប្រួល​យ៉ាងណា​ក៏​យើងខ្ញុំ​សង្ឃឹមថា មជ្ឈដ្ឋាន​ទូទៅ​នានា​នឹង​បន្ត​ពូន​ជ្រុំ​ការ​គាំទ្រ​ដល់​ការ​អភិ​វ​ឌ្ឈ​ន៍​វិស័យ​កីឡា​នៅ​កម្ពុជា​បន្ត​ទៀត ។ យើងខ្ញុំ​ក៏​សង្ឃឹមថា រាជរដ្ឋាភិបាល​នឹង​បន្ត​ស្វះ ស្វែងរក​មូលនិធិ​ពី​ប្រភព​ផ្សេង​ៗ ដើម្បី​បន្ត​ទំនុកបម្រុង​អត្ត​ព​លិ​ក​របស់​យើង​បន្ត​ទៀត ដើម្បី​ឲ្យ​វិស័យ​កីឡា​នៅ​កម្ពុជា​បន្ត​រួមចំណែក​គាំទ្រ​ដល់​ដំណើរការ​អភិ​វ​ឌ្ឈ​កម្ពុជា​នៅ​ថ្ងៃ​អនាគត​។

ល​ទ្ឋ​ផល​នៃ​ការ​ប្រកួត​កីឡា​នេះ​មិនមែន​បាន​មក​ដោយ​ចៃដន្យ​ឡើយ ។ វា​ជា​ការ​ខិតខំ​រួម​ទាំងអស់​គ្នា​ទាំង​រដ្ឋាភិបាល គ្រូបង្ហាត់ កីឡាករ និង ចូលរួម​គា​ម​ទ្រ​របស់​ប្រជាជន កម្ពុជា​ផង​ដែរ​។ សូម​អោយ​វិស័យ​កីឡា​នេះ កាន់តែ​រីក​ចម្រើន​ទៅ​នៅ​ពេល​ខាង​មុខ​ទៀត ៕

ប្រភព៖ កោះសន្តិភាព

អត្ថបទដែលជាប់ទាក់ទង