ទឹកចិត្តជាឪពុកទោះស្ថិតនៅវ័យចំណាស់ណាក៏ត្រូវពុះពាររកស៊ីចិញ្ចឹមមើលថែកូន! អ៊ំប្រុសអស្ចារ្យណាស់

ថ្មីៗនេះមានអ៊ំប្រុសម្នាក់រស់នៅក្នុងខេត្តបន្ទាយមានជ័យ គាត់បានឡាយវីដែអូលក់ កែវទឹក ដែលអាចដាក់បានទាំងទឹកក្ដៅ និងទឹកត្រជាក់ នៅលើគណនីសង្គមហ្វេសប៊ុករបស់គាត់ផ្ទាល់​ដែលមានឈ្មោះថា Bi Sok។

នៅក្នុងការឡាយវីដេអូនោះ គាត់បានរៀបរាប់ និងសុំឱ្យ បងប្អូន កូនក្មួយជួយទិញកែវទឹករបស់គាត់ផង ដើម្បីឱ្យគាត់បានថវិកាសម្រាប់ដោះស្រាយបន្ទុកគ្រួសារ ដែលគាត់ត្រូវមើលថែកូនចំនួនបីនាក់​តែម្នាក់ឯង ដោយសារតែប្រព័ន្ធរបស់គាត់បានចែកឋាន​ចោលគាត់ និងកូនបាត់ទៅហើយ។

​ភ្ជាប់ជាមួយការឡាយវីដេអូខាងលើនេះដែរ លោកអ៊ំបានរៀបរាប់ថា ថ្ងៃខ្លះក៏មានអ្នកជួយទិញ ថ្ងៃខ្លះទៀតក៏លក់មិនដាច់សូម្បីតែមួយ ​ប៉ុន្តែដោយសារ​តែ​មាន​បន្ទុកគ្រួសារ និងមានកូនដែលត្រូវមើលថែ អ៊ំប្រុសមិនបោះបង់ការព្យាយាមនោះទេ គាត់នៅតែបន្តឡាយជារឿយៗ រាល់ថ្ងៃ ជាក់ស្ដែងកាលពីថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ ចាប់ផ្ដើមមានអ្នកស្គាល់អ៊ំប្រុសកាន់តែច្រើន និងបានជួយកម្មង់កែវទឹករបស់គាត់ហើយ ដោយខ្លះកម្មង់ ២ -៣ កែវ ខ្លះទៀតកម្មង់ទៅដល់ ១០ កែវ ទៅតាមតម្រូវការរបស់ពួកគេ ។

គួរបញ្ជាក់ថា ក្រោយឃើញបែបនោះ បណ្ដាអ្នកលេងនៅលើសង្គមហ្វេសប៊ុកជាច្រើន កំពុងចាប់ផ្តើមស្គាល់លោកអ៊ំ និង​បានសម្ដែងការអាណិតអាសូរទៅដល់អ៊ំប្រុសម្នាក់នេះផងដែរ ព្រមទាំងបានសរសើរអំពីរការខំប្រឹងរបស់គាត់ក្នុងនាមជាឪពុកម្នាក់ដែលមានកាតព្វកិច្ចចិញ្ចឹមកូន ថែមទាំងជួយចែករំលែងវីដែអូរបស់អ៊ំប្រុស ដើម្បីផ្សព្វផ្សាយឱ្យមានអ្នកជួយគាំទ្រ និងជួយទិញកែវទឹករបស់អ៊ំប្រុសបន្ថែម​ទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង