នៅកោះពោធិ៍​ ខេត្តកែប ពេលយប់មានប្លុងតុងនៅលើឆ្នេរយ៉ាងស្រស់ស្អាតដែលជាទីគយគន់

ប្លុងតុងជាសរីរាង្គរុក្ខជាតិ និងសត្វដែលរស់នៅក្នុងទឹកស្ទឹង បឹងទន្លេ ឬសមុទ្រ តាមធម្មតាពួកវាមិនអាចធ្វើបំលាស់ទី ដោយខ្លួនឯងទេ ប៉ុន្តែពេលខ្លះពួកវាអាចធ្វើបំលាស់ទីបានតាមលក្ខណៈពិសេសដូចជា កំលាំងទឹកជោរនាច កំលាំងខ្យល់បក ឬទឹករលក ហើយភាគច្រើនពួកវាមានមាឌតូចល្អិត ប្លុងតុងមានទម្រង់ដូចច្រវ៉ាក់កង់តែមានជីវិត ពួកវាទាំងនេះគឺជាចំណីអាហារដ៏ប្រសើរសម្រាប់ទ្រទ្រង់ជីវិតសត្វសមុទ្រទាំងឡាយ នៅតាមឆ្នេរសមុទ្រដែលសំបូរប្លង់តុងជាកន្លែងសំបូរត្រី ហើយក៏ជាកន្លែងនេសាទដ៏ល្អប្រសើរផងដែរ។

ខណៈនៅថ្មីៗនេះ មហាជនអ្នកលេងនៅលើបណ្ដាញសង្គមបានផ្ទុះការចាប់អារម្មណ៍ខ្លាំងលើផេកមួយដែលមានឈ្មោះថា ដៃគូ-Explore បានបង្ហោះពីរូបភាពប្លុងតុងដែលកើតមានពេលយប់ឡើងនៅលើឆ្នេរនៃកោះពោធិ៍ ក្នុងខេត្តកែបយ៉ាងស្រស់ស្អាត ដោយមើលឃើញច្បាស់ៗ ក្នុងនោះដែរក៏មានអ្នកគាំទ្រម្នាក់បានលើកឡើងថា «ខ្ញុំមិនដែលដឹងសោះថានៅខ្មែរយើងមានដែរ ធ្លាប់ឃើញតែបរទេសថត » និងមានអ្នកគាំទ្រជាច្រើនបានទាក់ចិត្តនិងអារម្មណ៍ចង់ទៅលេងកម្សាន្តនៅកោះពោធិ៍នេះជាច្រើន ដើម្បីបានឃើញប្លង់តុងនៅលើឆ្នេរសមុទ្រនាពេលយប់ ។

ជាមួយគ្នានោះ ប្រភពខាងលើក៏បានបង្ហាញពីអារម្មណ៍ដែលបានឃើញប្លង់តុងនិងបញ្ជាក់ឲ្យដឹងថា សឹងមិនជឿ​ យប់មិញពួកយើងបានឃើញប្លុងតុងលើកទី១ច្បាស់ៗតែម្ដង​ នៅកោះពោធិ៍​ ខេត្តកែប​ ដែលជាកោះមួយដែលមានឆ្នេរ​ និង​ ​ទេសភាពស្រស់ស្អាតមែនទែន​ រីឯទឹកសមុទ្រវិញថ្លាដូចកញ្ចក់​ យើងអាច​ស្ទូចត្រី​ រកក្ដាម​ មើលផ្កាថ្ម​ តែមិនសូវមានអ្នកស្គាល់​ រឺទៅលេងទេ​ ទីនោះយើងអាចបោះតង់បានមានសុវត្ថិភាព​ មានទឹកសាប​ងូត​ និង​ បន្ទប់ទឹក​ ហើយមានប្រាជាជនច្រើនគួរសមដែលរស់នៅលើកោះនេះ​ ហើយនៅលើកោះក៏មានម្ហូបកម្មង់​ គុយទាវ​ និង​ កាហ្វេពេលព្រឹករសជាតិបែបអ្នកភូមិផងដែរ​ ៕

ប្រភព ៖ ដៃគូ-Explore

អត្ថបទដែលជាប់ទាក់ទង