អធិករណ៍រវាងក្រុមគណសង្ឃនាយកបានរលត់ភ្លើងវិញក្រោយនាយករដ្ឋមន្ត្រីចេញមុខសុំអង្វរ

ថ្មីៗនេះ ក្រុមគណសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ផ្នែកមហានិកាយ បានផ្ទុះនៅអធិករណ៍ រហូតចម្រោងចម្រាសគ្នានៅលើ ប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុក និងត្រូវបានមន្ត្រីសង្ឃក្រោមឱវាទ និងសាធារណជនចូលបញ្ចេញមតិយោបល់ ថាមិនគួរកើតឡើងទាល់តែសោះក្នុងជួរគណសង្ឃ ព្រោះគោរមងារ សុទ្ធតែសម្តេចសង្ឃអស់ទៅហើយ ហេតុអ្វីមិនព្រមកោះប្រជុំជាបន្ទាន់ ដោះស្រាយតាមសន្តិវិធី ចាំបាច់អ្វី ត្រូវសាចទឹកដាក់គ្នា នៅលើហ្វេសប៊ុកទៅវិញ។

យោងតាមឯកសារដែលបានចែកចាយកាលពីយប់ថ្ងៃទី២៣ ឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ បានបង្ហាញអោយដឹងថា មូលហេតុដែលកើតឡើងនៅវិវាទផ្ទៃក្នុងរវាងគណសង្ឃធំៗ ដែលមានងារជាសម្តេចនោះ ដោយសារតែមានព្រះរាជក្រឹត្យចំនួនពីរ ឡាយព្រះហស្ថដោយព្រះមហាក្សត្រ តែងតាំងមុខងារព្រះមហាវិមលធម្ម ព្រះរាជាគណថ្នាក់ទោ ជាន់គ្នា ទើបកើតជារឿងរ៉ាវនេះឡើង ដោយខាងលេខាធិការគណសង្ឃនាយកបានចេញសេចក្តីប្រកាសលើផេកផ្លូវការកាលពីយប់មិញ ថ្ងៃទី២៣ ខែឧសភាថា បញ្ហាអធិករណ៍កើតឡើង ព្រោះតែសម្តេចព្រះធម្មលិខិតបណ្ឌិត សៅ ច័ន្ធថុល ព្រះរាជាគណថ្នាក់ឯក ដែលជាព្រះគ្រូចៅអធិការវត្តលង្កា ជិតវិមានឯករាជ្យ ប៉ុន្តែព្រឹកមិញនេះ សេចក្តីប្រកាសនោះបានលុបវិញហើយ ក្រោយមានការអង្វរសុំពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។

នៅក្នុងវេទិកាចូលរួមសម្ពោធដាក់អោយប្រើប្រាស់អគារសាកលវិទ្យាល័យភូមិន្ធ វិចិត្រសិល្បៈ នៅឯសង្កាត់ព្រឹកលៀប កាលពីព្រឹកមិញនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា បញ្ហាមន្ត្រីសង្ឃ មានគោរមងារសុទ្ធតែសម្តេច ប៉ុន្តែមិនចេះដោះស្រាយគ្នាតាមសន្តិវិធី បែរទៅជាប្រើប្រាស់នៅប្រព័ន្ធហ្វេសប៊ុក សម្រាប់វាយប្រហារគ្នាទៅវិញ នេះជារឿងមួយដ៏គួរអោយសោកស្តាយជាខ្លាំង មិនគួរកើតឡើងទាល់តែសោះ។

ជុំវិញបញ្ហាខាងលើនេះ សម្តេចតេជោបានស្នើរ និងសុំអង្វរទៅគណសង្ឃជាសាធារណតែម្ដង ព្រោះបានកើតឡើងទៅហើយ សូមលុបសេចក្តីប្រកាសនោះចេញ និងកោះនិមន្តមកប្រជុំគ្នា ដើម្បីដោះស្រាយគ្នាដោយសន្តិវិធីទៅ ព្រោះលោកក៏មិនដឹងថាត្រូវចូលរួមដោះស្រាយដោយរបៀបណាដែរ។

គួររម្លឹកថា តួនាទីព្រះសង្ឃ គួរណាស់ធ្វើជាគំរូសម្រាប់បរិស័ទ ប្រកាន់ភ្ជាប់នូវធម៌ខន្តី សង្រួមឥន្ត្រី រម្ងាប់នូវទោសៈ មោៈ និងលោភៈ លះបង់ខ្ពស់ ក្នុងភាពជាឧត្តមភេទ ជាសាវរបស់ព្រះពុទ្ធ បន្តទ្រទ្រង់ពុទ្ធសាសនា គម្រប់ ៥០០០ព្រះវស្សា មិនគួរកើតអរិភាពនិងគ្នា ព្រោះតែអំណាច និងលាភសក្ការៈនោះទេ ព្រះសង្ឃជាអ្នកទូន្មានអប់រំ គ្រហស្ថ ចុះបើថ្នាក់ដឹកនាំសង្ឃ មិនធ្វើជាគំរូដូច្នេះ តើអោយពុទ្ធបរិស័ទ ជឿតាមយ៉ាងដូចម្តេច?

អត្ថបទដែលជាប់ទាក់ទង