ឧទ្យានព្រៃឈើធម្មជាតិមួយនេះបានលាក់ខ្លួនជាច្រើនឆ្នាំនៅកណ្តាលក្រុងភ្នំពេញ កំពុងបើកឲ្យពលរដ្ឋចូលទស្សនាឥតគិតថ្លៃ (មានវីដេអូ)
នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ឧទ្យានព្រៃឈើធម្មជាតិដែលបានលាក់ខ្លួនជាច្រើនឆ្នាំនៅកណ្តាលទីក្រុងភ្នំពេញ ស្ថិតនៅក្នុងបរិវេណ នៃស្ថានទូតបារាំងផ្ទាល់ បានបើកឲ្យមហាជនចូលទស្សនាដោយឥតគិតថ្លៃចំនួន ១ថ្ងៃពេញ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤ល្ងាច ក្រោមប្រធានបទ «បេតិកភណ្ឌមានជីវិត»។
យោងតាមសេចក្តីប្រកាសជូនដំណឹងរបស់ស្ថានទូតបារាំង នៃការអនុញ្ញាតឲ្យចូលទស្សនាដោយសេរីនេះ ក្នុងគោលបំណងផ្សព្វផ្សាយនូវហេដ្ឋារចនាសម្ព័ន្ធក្នុងឧទ្យានស្ថានទូតដ៏ស្រស់ស្អាតនេះ ព្រមទាំងអគារប្រវត្តិសាស្ត្រនានា ស្ថិតលើផ្ទៃដី ៤.៧ ហិកតា ដែលជាឧទ្យានស្ថានទូត តំបន់បៃតងដ៏ធំជាងគេមួយនៅក្នុងក្រុងភ្នំពេញ និងជាងនេះទៅទៀត វាជាកន្លែងសម្រាប់ជីវៈចម្រុះ រួមមានដើមឈើជាង ៥០ ប្រភេទ ដែលមានប្រមាណ ២០០ដើម និងសត្វមួយចំនួន ដែលកំពុងធ្វើជំរឿន។
ក្នុងនោះដែរទស្សនិកជននឹងបានឃើញផងដែរនូវទ្វាររបងចាស់របស់ស្ថានទូត ដែលត្រូវបានពិព៌ណនានៅក្នុងរឿងមួយរបស់លោក François Bizot ស្តីពីការដួលរលំនៃទីក្រុងភ្នំពេញនៅក្នុងឆ្នាំ ១៩៧៥ ហើយទិវាបេតិកភណ្ឌនៅឆ្នាំនេះធ្វើឡើងជុំវិញប្រធានបទខាងលើនេះដែរ ក៏មានបង្ហាញភ្ញៀវទស្សនានូវនំប៉័ងបារាំង ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ ខណៈទិវាបេតិកភណ្ឌអ៊ឺរ៉ុបសព្វថ្ងៃនេះ ត្រូវបានប្រារព្ធនៅក្នុងប្រទេសជាង ៥០ និងផ្តួចផ្តើមឡើងដោយប្រទេសបារាំងតាំងពីឆ្នាំ ១៩៨៥ មកម្ល៉េះ។
គួររំឭកថា នៅក្នុងឱកាសបើកឲ្យចូលទស្សនាឧទ្យានស្ថានទូតបារាំងដោយឥតគិតថ្លៃព្រឹកនេះដែរ ក្រុមការងារ MEDIA 365 DAILY ក៏បានចូលរួមផ្តិតយកទិដ្ឋិភាពទូទៅនៅក្នុងឧទ្យានដ៏ស្រស់ស្អាតនេះផងដែរ សូមទស្សនាទិដ្ឋិភាពព្រឹកមិញជាមួយនាងខ្ញុំ ដេង សៅលេង និងក្រុមការងារ ព្រមទាំងទស្សនាចំណាប់អារម្មណ៍ពលរដ្ឋខ្មែរដែលបានចូលរួមនៅព្រឹកនេះ៖ (Video coming soon)