ពិតជាល្អណាស់! ក្រសួងរ៉ែ និងថាមពល ប្រកាសចុះថ្លៃអគ្គិសនី ១០% ទៅ ២០% សម្រាប់អ្នកប្រើប្រាស់ពីរប្រភេទនេះ

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីប្រកាសជូនដំណឺងស្តីពីការបញ្ចុះថ្លៃអគ្គិសនីចំពោះអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម ក្នុងគោលបំណបងជម្រុញការពង្រីកផលិតកម្មរោងចក្រ និងសហគ្រាស ផ្នែកឧស្សាហកម្ម និងកសិកម្ម ដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូលបន្ថែមទៀតដល់ពលរដ្ឋ ស្ថិតនៅក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧នេះ។

នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងរ៉ែ និងថាមពលខាងលើនេះបានឲ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចឲ្យក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ធ្វើការបញ្ចុះថ្លៃអគ្គិសនីចំពោះបរិមាណអគ្គិសនីដែលអ្នកប្រើប្រាស់ប្រភេទឧស្សហកម្ម និងកសិកម្ម ដែលភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និងតង់ស្យុងខ្ពស់ ក្នុងក្របខណ្ឌទូទាំងប្រទេសតែម្ដង ដែលរួមមានអ្នកប្រើប្រាស់អគ្គិសនីតាមអត្រាថ្លៃមធ្យម អ្នកប្រើប្រាស់អគ្គិសនីតាមពេលវេលា និងអនុភាព ព្រមទាំងអ្នកប្រើប្រាស់អគ្គិសនី ដែលមានដំឡើងប្រព័ន្ធពន្លឺព្រះអាទិត្យ ភ្ជាប់ជាមួយបណ្តាញជាតិ បានប្រើប្រាស់លើសពីមធ្យមភាគប្រចាំខែ នៃការប្រើប្រាស់ ៦ខែ ចុងក្រោយ ទៅតាមលក្ខខណ្ឌដូចខាងក្រោមនេះ៖

១-បញ្ចុះអត្រាថ្លៃចំនួន ១០% សម្រាប់បរិមាណថាមពលដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ ចន្លោះម៉ោង ៧ ព្រឹកដល់ម៉ោង ៩យប់។
២-បញ្ចុះអត្រាថ្លៃចំនួន ២០% សម្រាប់បរិមាណថាមពលដែលប្រើប្រាស់លើមធ្យមភាគប្រចាំខែ ពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ ចន្លោះពីម៉ោង ៩យប់ ដលម៉ោង ៧ព្រឹក និង ២៤ម៉ោង សម្រាប់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ។
៣-រយៈពេលអនុគ្រោះថ្លៃ ដើម្បីលើកទឹកចិត្តឪ្យបង្កើនកាប្រើប្រាស់ខាងលើ មានរយៈពេល ៣ខែ ចាប់ពីខែតុលា ដល់ខែ ធ្នូ ឆ្នាំ២០២៣ និងអាចពិនិត្យបន្តតាមរយៈការជូនដំនឹងមុន ៣០ថ្ងៃ តាមលទ្ធភាពជាក់ស្តែងរបស់អគ្គិសនីកម្ពុជា។
៤-អតិថិជនង្នកប្រើប្រាស់អគ្គិសនីប្រភេទឧស្សាហកម្ម និងកសិកម្ម ភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និងតង់ស្យុងខ្ពស់ ដែលយល់ថា ខ្លួនមានលទ្ធភាពបង្កើនការប្រើប្រាស់ និងមានបំណងចង់ទទួលបានការអនុគ្រោះថ្លៃនេះ ត្រូវធ្វើការដាក់ពាក្យស្នើសុំទៅអ្នកផ្គត់ផ្គង់អគ្គិសនីក្នុងតំបន់របស់ខ្លួនបាន។

គួរបញ្ជាក់ថា ការផ្តល់ថ្លៃអនុគ្រោះនេះ មិនសំដៅលើស្ថាប័នរដ្ឋ ផ្នែកពាណិជ្ជកម្ម និងលំនៅឋាននោះទេ ដោយអ្នកប្រើប្រាស់ជំពូកនេះ កំពុងត្រូវបានអគ្គិសនីកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ជួយឧបត្ថម្ភរួចហើយ៕

អត្ថបទដែលជាប់ទាក់ទង