ការបាត់ព្រះកាយរបស់ព្រះភិក្ខុ វន វាសី ចន្ទមុនី ព្រះសង្ឃធុដុង្គ នៅខេត្តកំពង់ឆ្នាំងថ្ងៃនេះ កំពុងធ្វើឲ្យពុទ្ធបរិស័ទជិតឆ្ងាយដាក់ចម្ងល់សង្ស័យជាខ្លាំង

ព្រះគ្រូ វនវាសី ចន្ទមុនី ដែលកំពុងល្បីល្បាញនៅលើបណ្តាញសង្គម ដែលមានបរិស័ទជ្រះថ្លានិងបានប្រសិទ្ធនាមថា ជាលោកតា សួង ទីពីរនោះ ក្រោយមានអ្នកជិតអ្នកឆ្ងាយសម្រុកទៅដល់អាស្រមយ៉ាងសន្ធឹកសន្ធប់ប៉ុន្មានថ្ងៃជាប់ៗគ្នា ចាប់តាំងពីថ្ងៃទី២៥ ខែកញ្ញា ២០២៣មក ស្រាប់តែនៅថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ2023នេះ ព្រះអង្គបានបាត់ព្រះកាយឈឹងពីវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុតនោះតែម្ដង ខណៈញាតិញោមដែលបានអញ្ជើញមកថ្ងៃនេះផ្ទាល់ បានត្រឹមនាំគ្នារង់ចាំតាំងពីព្រឹកទល់ល្ងាច និងនៅតែមិនឃើញព្រះភក្រព្រះអង្គឡើយ ហើយកាលពីព្រឹកនោះដែរក៏មានអ្នកខ្លះថា លោកទាល់តែពេលល្ងាចទើបនិមន្តមកវិញ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក្រុមការងារ Media365daily ក៏បានរង់ចាំរហូតដល់ម៉ោង 4ល្ងាចផ្ទាល់ដែរ តែមិនបានឃើញព្រះអង្គត្រលប់មកវិញនោះទេ។

នៅអំឡុងពេលបាត់ព្រះវត្តមានព្រះគ្រូ វនវាសី ចន្ទមុនី ពីវត្ត តាសុតនេះដែរ លោកពូអ្នកមីងមួយគ្រួសារដែលបានអញ្ជើញមកពីខេត្តស្វាយរៀង បានថ្លែងប្រាប់ក្រុមការងារ Media 365 Daily ថា ពួកគាត់នឹងរង់ចាំរហូតបានជួបព្រះភក្រព្រះអង្គ ចន្ទមុនី ផ្ទាល់ មិនថា ស្អែក ឬខានស្អែក ឬប៉ុន្មានថ្ងៃទៀតទេ គឺពួកគាត់នៅចាំរហូតបានជួបព្រះភក្រព្រះគ្រូអង្គនោះទាល់តែបាន ដោយសារមានចិត្តជ្រះថ្លាជាមួយព្រះអង្គជាពន់ពេក។

គួររំឭកថា ជុំវិញការបាត់ព្រះកាយព្រះភិក្ខុ ចន្ទមុនី ពីវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ នៅមិនទាន់មានប្រភពបញ្ជាក់ច្បាស់លាស់ថា ព្រះអង្គបាននិមន្តទៅណា ទៅបំពេញកិច្ចការអ្វីនោះទីណានោះទេ សូម្បីអាចារ្យធំដែលនៅបម្រើការក្នុងវត្តខាងលើនោះ បានត្រឹមបញ្ជាក់ថា ព្រះអង្គលោកទៅបំពេញការងារនៅខាងក្រៅ និងដំណើរលោកមិនទៀងទេ មិនអាចកំណត់បានថា លោកនិមន្តមកថ្ងៃណាវិញឡើយ៕


អត្ថបទដែលជាប់ទាក់ទង