រឿងពិតនៅពីក្រោយភាពល្បីល្បាញលោកតាសួងទី២ វនវាសី ចន្ទមុនី នៅខេត្តកំពង់ឆ្នាំង
រំឭកដល់លោកឪសួង ឬលោកតាសួង គឺជាសច្ចំនៅភ្នំត្បែងមានជ័យមួយរូប ដែលពលរដ្ឋខ្មែរ ខេត្តឧត្តរមានជ័យ និងប្រជាជនថៃ នៅក្នុងខេត្តស៊ីសាកេត ប្រទេសថៃ តែងប្រសិទ្ធិភាពលោកថា ជាទេវតាដើរដី ព្រោះលោកតាសួង គឺចេះចាំនូវនូវវិជ្ជាព្យាបាលជម្ងឺដោយប្រើប្រាស់នូវតេជោធាតុ ឬថាមពលនុយក្លេអ៊ែរក្នុងរុក្ខជាតិ ដែលជាមរតករបស់អ្នកប្រាជ្ញខ្មែរតាំងពីសម័យអង្គរមកយ៉ាងច្បាស់លាស់ ដោយលោកតាតែងតែប្រើវិជ្ជានេះ ដើម្បីសង្គ្រោះជនជាតិខ្មែរ និងមនុស្សទូទៅផងដែរ ព្រោះតែភាពខ្លាំងពូកែនេះដែរបានធ្វើឲ្យជនជាតិថៃមានជំនឿជឿជាក់លើលោកតាសួងជាខ្លាំង និងចង់រៀនវិជ្ជានេះពីលោកតាសួងថែមទៀតផង។
តាមការស្រាវជ្រាវបានបញ្ជាក់ថា លោកតា សួង បានសុគតនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ១៩៩៩ ត្រូវនឹងព.ស២៥៤៣ ក្នុងព្រះជន្ម ៧៦ព្រះវស្សា។ សព្វថ្ងៃព្រះរូបព្រះសព របស់លោកតាសួងត្រូវបានតម្កល់ទុកនៅវត្តផៃផាត់តាណា ស្រុកភូស៊ិង ខេត្តស៊ីសាកេត ប្រទេសថៃ។ បើយោងតាមប្រភពពីប្រទេសថៃ បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ គេត្រូវបើកមឈូស កោរសក់ និងកាត់ក្រចកចេញផងដែរ។
ដោយសារឥទ្ធិពលខ្លាំងពូកែរបស់លោកឪសួង ទើបនៅអំឡុងពេលចុងខែកញ្ញា ឆ្នាំ២០២៣នេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនូវលោកម្ចាស់មួយអង្គព្រះនាម វនវាសី ចន្ទមុនី ដែលជាព្រះភិក្ខុធុតង្គ កំពុងគង់ស្នាក់អាស្រ័យនៅក្នុងវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ស្ថិតនៅភូមិប៉ាតឡាង ឃុំក្រាងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ ដោយពុទ្ធបរិស័ទជិតឆ្ងាយកើតចិត្តជ្រះថ្លា បានស្កាត់មកជួបថ្វាយបង្គំ ដើម្បីសុំសេចក្តីសុខ និងសេចក្តីចម្រើន រហូតមានអបិយជំនឿតៗគ្នា លើសពីការពិតថែមទៀត។ តាមរយៈវីដេអូឃ្លីបជាបន្តបន្ទាប់របស់លោកម្ចាស់គ្រូ វនវាសី ចន្ទមុនី ព្រះអង្គបានបញ្ជាក់ច្បាស់ៗហើយថា លោកមិនចេះវិជ្ជាអាចព្យាបាលជំងឺ ឬចេះមន្តអាគមន៍គាថា ដូចព័ត៌មានដែលបានចុះផ្សាយនានានោះទេ ព្រះអង្គទទួលស្គាល់ថា ធ្លាប់គង់នៅក្នុងព្រៃ ដើម្បីធ្វើធុតង្គ សិក្សារៀនសូត្រនូវពុទ្ធវចនា តាមគន្លងព្រះពុទ្ធជាព្រះបរមគ្រូតែប៉ុណ្ណោះ ស្វែងរកសិល សមាធិ បញ្ញា ជ្រះថ្លានូវការបដិបត្តិឲ្យបានខ្ចាប់ខ្ចួន ក្នុងភេទជាអ្នកបួសក្នុងព្រះពុទ្ធសាសនា ប៉ុន្តែរឿងសិល្បវិជ្ជាសម្រាប់ព្យាបាលសត្វលោក ព្រះអង្គមិនចេះឡើយ។ ដោយសារសម័យកាលនេះ ប្រព័ន្ធផ្សព្វផ្សាយមានភាពទូលាយខ្លាំង និងអ្នកប្រើប្រាស់បណ្តាញសង្គមក៏មានលទ្ធភាពចុះផ្សាយដោយទូលំទូលាយដែរនោះ ទើបធ្វើឲ្យព័ត៌មានពិត ហាក់ក្តោបយកមិនសូវបាន តែរឿងបំបោងការពិតបែរជាសុះសាយខ្លាំងទៅវិញ ដូច្នេះទើបពិបាកនៅក្នុងការគ្រប់គ្រង និងជឿលើរឿងនោះ មិនសូវបានវិច្ឆ័យឲ្យបានត្រឹមត្រូវប្រាកដ ហើយភាគច្រើន ច្រើនតែលើសពីអ្វីដែលបានកើតឡើងនោះ ជាក់ស្តែងក្នុងនោះ ក៏មានអ្នកមកឆក់យកប្រយោជន៍ ធ្វើរឿងឲ្យកាន់តែភ័ន្តច្រលំផងដែរ។ លោក សៅ សុភាព អនុប្រធានភូមិប៉ាតឡាង ឃុំក្រាងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ថ្វីត្បិតតែគាត់នៅជិតវត្តក៏ពិតមែន ប៉ុន្តែចាប់តាំងពីព្រះភិក្ខុវនវាសី ចន្ទមុនី មកគង់នៅកសាងវត្តនោះមក គាត់មិនដែលដឹងថា ព្រះគ្រូចៅអធិការវត្តចេះដឹងនូវសិល្បវិជ្ជាណាមួយដែលធ្វើឲ្យកត់សម្គាល់នោះទេ ទើបតែនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ ក៏ស្រាប់តែបានឃើញមនុស្សមកច្រើន និងរហូតដល់ថ្ងៃទី២៩ ទើបគាត់ទៅវត្តក៏ឃើញថា មានពុទ្ធបរិស័ទច្រើនពិតមែន។ អ៊ំស្រី សំ សុភី ជាអ្នករស់នៅក្នុងភូមិផ្លូវគោ ឃុំក្រាងលាវ និងជាអ្នកឧស្សាហ៍អញ្ជើញមកវត្តចន្ទប្បជោត្តនារាមខាងលើនេះដែរបានឲ្យដឹងថា គាត់នឹងម្ដាយគាត់បានមកវត្តនេះនេះជាញឹកញ៉ាប់ ប៉ុន្តែជាអកុសលម្ដាយគាត់បានស្លាប់ទៅទាំងមិនបានចូលកុសលបុណ្យសរសេរលោកចំនួន១ ដើមនៅឡើយ គាត់បានបរិយាយអំពីព្រះគ្រូចន្ទមុនីថា ពីដើមឡើយលោកសាមញ្ញៗ មិនមានអ្វីគួរឲ្យចាប់អារម្មណ៍នោះទេ ប៉ុន្តែចំពោះទឹកព្រះទ័យអង្គវិញ គឺមានចិត្តទូលាយណាស់ និងអំពីរឿងបច្ច័យវត្តក៏ព្រះអង្គមិនដែលប៉ះពាល់ដែរ គឺអាចារ្យគណកម្មការវត្តជាអ្នកគ្រប់គ្រង លោកអត់ពាក់ព័ន្ទនោះទេ។
លោក ឈួ សំអាត ប្រធានគណកម្មការ និងជាអាចារ្យប្រចាំវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុតផ្ទាល់ បានឲ្យដឹងថា គាត់មិនបានស្គាល់ច្បាស់អំពីប្រវត្តិរបស់លោកម្ចាស់វន វាសី ចន្ទមុនី នោះទេ ទើបតែនៅពេលចាប់ផ្តើមកសាងវត្ត ក្រោយពីលោកតា ព្រំ សុត ម្ចាស់ដីផ្ទាល់ បានប្រគល់ដីឲ្យកសាងវត្ត ទើបបានស្គាល់ព្រះអង្គ និងបានកសាងវត្តមកជាមួយព្រះអង្គផ្ទាល់ ចាប់តាំងពីដីនៅ៣អា រហូតមកដល់បច្ចុប្បន្ននេះ ដីវត្តបានពង្រីកចំនួន ១ហិតាកន្លះហើយ ដោយទិញពីពុទ្ធបរិស័ទក្បែរៗនោះបន្ថែម។ ប្រភពដដែលខាងលើនេះក៏បានឲ្យដឹងដែរថា ការដែលល្បីតៗគ្នា និងអញ្ជើញមកពីសំណាក់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយមកកុះករ តាមរយៈជំនឿរៀងៗខ្លួន មកដល់ទីអារាមនេះ និងមកជាបន្តបន្ទាប់គ្នា និងកើនឡើងជាប្រចាំថ្ងៃនោះ មិនមែនជាការរីករាយអ្វីនោះទេ ប៉ុន្តែដោយសារអធ្យាស្រ័យរបស់លោកផ្ទាល់ ក៏ចេះតែទទួលស្វាគមន៍ ព្រោះថាពួកគាត់បានអញ្ជើញមកហើយ និងមានចិត្តជ្រះថ្លាជាមួយព្រះអង្គទៅហើយ តែបើនិយាយពីអារម្មណ៍លោកម្ចាស់ លោកមិនចង់បានភាពល្បីល្បាញរហូតភ្ញាក់ផ្អើលដូច្នេះឡើយ។ ទោះជាមានការបញ្ជាក់ច្បាស់ៗអំពីរឿងព្រះគ្រូវនវាសី ចន្ទមុនី ថាមិនចេះមើលជម្ងឺ មិនចេះទស្សទាយពីជោគជីតារាសី ប្រោសព្រំ តាមរយៈមន្តអាគមន៍គាថា ។ល។ ប៉ុន្តែជំនឿនៅតែផុសផុលឡើងចំពោះប្រជាជនខ្មែរ ដោយពួកគាត់ម្នាក់ៗ បានខំស្កាត់មកពីខេត្តឆ្ងាយៗ រហូតមានអ្នកខ្លះ មកមិនបានជួបព្រះអង្គ ក៏សុខចិត្តរង់ចាំទៅទៀត ជាពិសេស លោកពូអ្នកមីងមកពីខេត្តស្វាយរៀង ដោយកើតចិត្តជ្រះថ្លាជាពន់ពេក ពួកគាត់បានជួលឡានគេមក ទាំងគ្រួសារ ដោយត្រឹមតែចង់មកឃើញព្រះភក្រព្រះអង្គ និងសុំសេចក្តីសុខចម្រើន ព្រោះជ្រះថ្លានឹងការអប់រំ និងការតស៊ូរបស់ព្រះអង្គ ជាអ្នកធុតុង្គក្នុងព្រៃនាពេលកន្លងមក។ ជាមួយគ្នានេះ អ៊ំស្រី សាយ សាន្ត មកពីខេត្តបាត់ដំបូង លោកអ៊ំក៏បានស្កាត់មកថ្វាយបង្គំដែរ ប៉ុន្តែគាត់មកចំពេលលោកមិនបានគង់នៅក្នុងវត្តនោះទេ ប៉ុន្តែបំណងអញ្ចើញមក គឺដើម្បីសុំសេចក្តីចម្រើន និងបានទិញរូបថតព្រះអង្គម្ចាស់គ្រូ ក្នុងតម្លៃ ១០០០០រៀល ដើម្បីយកទៅគោរពបូជានៅឯផ្ទះវិញ ដោយមិនបានរង់ចាំលោកទេ។ សូមដាក់សម្តីអ៊ំស្រីមកពីខេត្តបាត់ដំបង។ ជុំវិញជំនឿតៗគ្នាចំពោះព្រះគ្រូ វន វាសី ចន្ទមុនីនេះដែរ ក៏មានអ្នកស្រុកមានការភ័ន្តច្រលំអំពីបញ្ហាអាយុផងដែរ សូម្បីតែអ្នកមីងម្នាក់នេះ គាត់ជាអ្នកដែលអញ្ជើញមកពីខេត្តបាត់ដំបងផងដែរ និងតាមរយៈការសាកសួរដំណើររឿង និងមូលហេតុដែលធ្វើឲ្យគាត់មកកាន់ទីអារាមនេះ គាត់យល់ថា លោកម្ចាស់ជាអ្នកខ្លាំងពូកែ និងអាចប្រសិទ្ធីមាសឲ្យបានសុខសប្បាយ និងមួយទៀតថា គាត់យល់ឃើញថា លោកម្ចាស់អង្គនោះ មានព្រះជន្មច្រើនហើយ ប៉ុន្តែនៅតែក្មេងមិនគួរឲ្យជឿផងដែរ។ អ្នកកៀនស្វាយមួយគ្រួសារមួយនេះ ពីរនាក់យាយតា និងចៅតូចម្នាក់ បានស្កាត់ទៅជួបលោកដែរ និងបានទៅដល់វត្តទាំងព្រឹកព្រលឹមតែម្ដង បន្ទាប់ពីបានឃើញលោកដោះស្រាយប្រស្នាផ្សេងៗ ពីមហាជន ដោយមិនចេះទាល់ ក៏ជំរុញឲ្យពួកគាត់ជាក់លើព្រះអង្គ ក្នុងនោះក៏បាននាំយកនៅអំបោះរុំ សម្រាប់ទុកប្រគេនលោកម្ចាស់ប្រសិទ្ធីបានសុខសប្បាយ និងថា គាត់នឹងរង់ចាំរហូតបានជួបព្រះភក្រព្រះអង្គផងដែរ។ គួររំឭកថា ចាប់តាំងពីកកើតវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុតនេះឡើងមក គឺមានរយៈពេល ៥ឆ្នាំមកហើយ ចំពោះរឿងភ្ញាក់ផ្ញើលលោកម្ចាស់វនវាសី ចន្ទមុនី ថា ជាលោកឪសួងទី២នេះ ទើបតែលើកទី១ប៉ុណ្ណោះ ខណៈប៉ុន្មានឆ្នាំៗ មិនធ្លាប់ទទួលបានការចាប់អារម្មណ៍ដូច្នេះឡើយ ចំពោះរដូវកាលកាន់បិណ្ឌ ភ្ជុំបិណ្ឌនាឆ្នាំកន្លងមកក៏មិនធ្លាប់មានបរិស័ទអូអរអ្វីនោះទេ ចំណែកព្រះសង្ឃគង់នៅក្នុងវត្តនោះ ទោះជារដូវកាន់បិណ្ឌដូច្នេះក៏នៅតែបន្តនិមន្តដើរបិណ្ឌបាតតាមផ្ទះអ្នកស្រុកដែរ ទើបតែឆ្នាំនេះ ប៉ុណ្ណោះដែលអត់បាននិមន្តតាមផ្ទះ។ លោក ឈួ សំអាត ប្រធានគណកម្មការ និងជាស្ថាបនិកទីអារាមនេះក៏បានឲ្យដឹងថា បច្ចុប្បន្ននេះ វត្តចន្ទប្បជោត្តនារាមមានព្រះសង្ឃគង់នៅចំនួន ១០អង្គ ហើយក៏បានកសាងសមិទ្ធផលមួយចំនួនដែរនាពេលកន្លងមកនេះ ប៉ុន្តែសម្រាប់ព្រះវិហារ និងសាលាឆាន់ធំ គឺមិនទាន់មាននៅឡើយ។ ដោយមានការចាប់អារម្មណ៍ខ្លាំង និងផ្ទុះការគាំទ្រដូច្នេះ ក្នុងនាមលោកជាគណកម្មការកសាង គឺមានតែទទួលស្វាគមន៍ សម្រាប់ការអញ្ជើញមកដល់របស់បរិស័ទប្រុសស្រី និងក៏បានថ្លែងអំណរគុណសម្រាប់សេចក្តីជ្រះថ្លាចំពោះវត្ត និងសូមអំពាវនាមឲ្យមានការចូលរួមថែរក្សាព្រះពុទ្ធសាសនាផងដែរ៕