ទឹកជំនន់លើកំណាត់ផ្លូវជាតិ៣ រងផលប៉ះពាល់ចំនួន ៣ឃុំ មានជិត ៤០០គ្រួសារ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងកំពុងអំពាវនាវឲ្យប្រើផ្លូវវាងទាំងនេះ
កាលពីព្រឹកមិញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ នៅក្នុងពិធីផ្តល់ជូនអំណោយដល់ពលរដ្ឋរងគ្រោះប៉ះពាល់ដោយសារទឹកជំនន់ ក្នុងស្រុកគងពិសីចំនួនជាង ១០០គ្រួសារ ឯកឧត្តម វី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ព និងជាប្រធានសាខាកាកបាទក្រហមកម្ពុជា បានថ្លែងប្រាប់សារព័ត៌មានថា ទឹកជំនន់នេះ រងផលប៉ះពាល់ចំនួន៣ឃុំ និងមានប្រជាពលរដ្ឋជិត ៤០០គ្រួសារ ដែលស្ថិតក្នុងស្រុកគងពិសី ខណៈកំណាត់ផ្លូវជាតិ៣ ចន្លោះគីឡូម៉ែត្រ ៤៧-៤៨ និងគ.ម ៥១-៥២ បានលិចដល់លើថ្នល់តាំងពីម្សិលមិញមកម្ល៉េះ។
ជាមួយគ្នានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានជូនដំណឹងស្តីពីការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធន់ធ្ងន់គ្រប់ប្រភេទលើកំណាត់ផ្លូវជាតិ៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺនេះជាបណ្តោះអាសន្តផងដែរ និងបានអំពាវនាវឲ្យម្ចាស់យានយន្តធន់ធ្ងន់ទាំងនោះប្រើប្រាស់ផ្លូវផ្សេងជំនួស រួមមានពីភ្នំពេញទៅកំពត អាចប្រើប្រាស់ផ្លូវជាត១២២ ឆ្ពោះទៅកាន់ផ្លូវជាតិ២ ឬវាងតាមផ្លូវជាតិ១៤៣ ឆ្ពោះទៅកាន់ផ្លូវ៤១ និងសម្រាប់ទិសដៅពីកំពតមកភ្នំពេញ អាចប្រើប្រាស់ផ្លូវខេត្តលេខ១២២B ឆ្ពោះទៅផ្លូវជាតិលេខ២ ឬវាងតាមផ្លូវខេត្ត ១៤៥ ឆ្ពោះទៅផ្លូវជាតិលេខ៤១ ជាបណ្តោះអាសន្នសិន រហូតមានការជូនដំណឹងថ្មី។
គួររំឭកថា ទឹកជំនន់លិចកំណាត់ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺនោះ គឺស្ថិតនៅឃុំស្នំក្រពើ ស្រុកគងពិសី ដោយទឹកជន់លិចមួយចំហៀងផ្លូវ ចាប់ពីចន្លោះគីឡូម៉ែត្រ ៤៧-៤៨ និងគ.ម ៥១-៥២ ប្រមាណជាង១គីឡូម៉ែត្រពីផ្សារត្រាំខ្នារ និងស្ថានភាពមកដល់ម៉ោងនេះ នៅមិនទាន់ស្រកចុះនៅឡើយទេ ហើយអាជ្ញាធរ មានសមត្ថកិច្ចក្នុងខេត្តកំពង់ស្ពឺក៏កំពុងដាក់វិធានការការពារ និងសង្គ្រោះប្រជាពលរដ្ឋ នៅគោលដៅទាំងនោះទៅទីទួលមានសុវត្ថិភាពហើយ ដោយមិនមានប្រជាពលរដ្ឋណាម្នាក់រងប៉ពាល់ដល់ជីវិតនោះឡើយ។