ជំនឿជ្រុលនិយមមិនចម្រើននោះទេ តែវាជាការរំខានលោកទៅវិញទេ បិទវត្តហើយនៅមានអ្នកផ្លោះរបងស្កាត់ទៅរំខានលោកថែមទៀត!
ថ្មីៗនេះ វត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ស្ថិតនៅភូមិប៉ាតឡាង ឃុំក្រាងលាវ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំ ដែលជាទីអារាម ព្រះភិក្ខធម្មវនវាសី ចន្ទ មុនី គង់ស្នាក់អាស្រ័យនោះ បានប្រកាសជូនដំណឹងពុទ្ធបរិស័ទជិតឆ្ងាយ ដោយផ្អាកទទួលមហាជនមកថ្វាយបង្គំមួយរយៈ ចាប់ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ខាងមុខ និងចាប់ផ្តើមបើកដំណើរការឡើងវិញនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ជាធម្មតា។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ទីអារាមខាងលើនេះបានបញ្ជាក់ពីមូលហេតុបិទវត្តជាងកន្លះខែនេះថា
១ -វត្តមានពេលគ្រប់គ្រាន់ក្នុងការរៀបចំសណ្ដតាប់ធ្នាប់វត្តឲ្យមានរបៀបរៀបរយ និងរៀបចំកម្លាំងសម្រាប់ជួយសម្រួលថែរក្សាការពារសុខសុវត្ថិភាពដល់មហាជន ក៏ដូចជាឲ្យវត្តមានសណ្នាប់សារជាថ្មីឡើងវិញ។
២-ព្រះភិក្ខុធម្មវនវាសី មានពេលគ្រប់គ្រាន់ក្នុងការចាត់ចែងកលើការងារសងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ របស់វត្ត ដែលមានក្នុងផែនការកន្លងមក និងត្រួតពិនិត្យឲ្យបានត្រឹមត្រូវស្របតាមស្ដង់ដាបច្ចេកទេស។
៣-ព្រះភិក្ខុធម្មវនវាសី មានពេលគ្រប់គ្រាន់ក្នុងការគ្រប់គ្រងត្រួតពិនិត្យមើលរបាយការណ៍របស់វត្ត និងបញ្ហាផ្សេងៗ ទាក់ទងលិខិតបទដ្ឋានគតិយុត្តិនានាផងដែរ។
យ៉ាងណាមិញ គណនីឈ្មោះ Lee To ដែលត្រូវគេស្គាល់ថា ជាអ្នកគាន់ផេកហ្វេសប៊ុក ព្រះភិក្ខុ ធម្មវនវាសីចន្ទមុនី ដែលត្រូវជាចៅប្រុសរបស់លោកតា ថោង នីដាមុនី បានបង្ហោះលើកគណនីផ្ទាល់ខ្លួនត្អូញត្អែថា លោកប្រកាសបិទវត្តមួយរយៈ ហើយនឹងទទួលមហាជនឡើងវិញនៅថ្ងៃទី១ ខែក្រោយ ប៉ុន្តែនៅតែមានអ្នកខ្លះ រួមទាំងអស់លោកអ្នកមានសក្តិយសផងដែរ នៅតែទៅរំខានលោក និងរហូតលោកលើកដៃសំពះ ឲ្យទៅវិញសិនទៅ ចាំដល់ថ្ងៃបើកចាំមកវិញ។
ប្រភពខាងលើនេះក៏បានឲ្យដឹងដែរថា សមត្ថកិច្ចដែលប្រចាំការនៅទីអារាមនោះទប់មិនជាប់ទេ និងនៅតែមានអ្នកផ្លោះរបងមកជួបលោក ដោយមិនខ្វល់ថាសុខភាពលោកយ៉ាងមិចសោះឡើយ និងបានបញ្ជាក់ថា មួយរយៈនេះលោកហត់ និងលោកមានស្ថានភាពស្គមខ្លាំងសឹងតែស្បែកដណ្តប់ឆ្អឹង ព្រោះគ្មានពេលគ្រប់គ្រាន់សឹង និងទទួលចង្ហាន់ឲ្យបានគ្រប់គ្រាន់នោះទេ អាស្រ័យហេតុនេះហើយ សូមពុទ្ធបរិស័ទមេត្តាយោគយល់ អាធ្យាស្រ័យដល់លោកម្ចាស់ផង ចង់បានន័យថា ឈប់រំខាន់លោកទៅ ចាំថ្ងៃបើកចាំទៅ។
គួររំឮកថា ចាប់តាំងពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣មក ប្រជាពុទ្ធបរិស័ទខ្មែរ គ្រប់មជ្ឍដ្ឋាន បានសម្រុកភ្លូកទឹកភ្លូកដី ស្កាត់ពីនាយធ្លាក់អាយ ដើម្បីទៅជួបព្រះគ្រូធម្មវនវាសី ចន្ទ មុនី ដល់វត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ដែលជាទីអារាមទើបបង្កើតថ្មី រយៈពេលជាង ៥ឆ្នាំប៉ុណ្ណោះ និងទីអារាមនេះទាំងមូល មានស្ថានក្នុងព្រៃ មានដើមឈើក្រាសៗ ដែលដំបូងឡើយត្រូវបានម្ចាស់ទានឈ្មោះ ព្រហ្ម សុត ប្រគេនដីព្រៃចំនួន ៣អា សម្រាប់កសាងវត្ត និងរហូតមកដល់សព្វថ្ងៃនេះ ទីធ្លាអារាមតាសុតនេះ បានពង្រីកជាង ១ ហាតាកន្លះហើយ ព្រមទាំងកំពុងកសាងសាលាឆាន់ និងគម្រោងចេតិយដ៏ធំមួយស្ថិតនៅផ្នែកខាងត្បូងវត្ត និងនៅជិតអាស្រប ដែលព្រះភិក្ខុ ធម្មវនវាសី ចន្ទ មុនីនោះ គង់អាស្រ័យ និងសម្តែងព្រះធម៌ ដែលមហាជនតែងតែឃើញនៅលើបណ្តាញសង្គមផងដែរ៕