រុស្ស៊ី មកប្រកួតគុនខ្មែរពិភពលោក នៅក្នុងខែនេះ គឺដើម្បីយកទៅអភិវឌ្ឍគុនខ្មែរនៅប្រទេសរុស្ស៊ី

សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​រុស្ស៊ី​ បាន​ត្រៀម​កីឡាករ និង​កីឡាការិនី​ របស់​ខ្លួន​ប្រមាណ​ ១៥​នាក់ ​ដើម្បី​ចូល​រួម​ប្រកួត​គុន​ខ្មែរ​ពិភព​លោក​នៅ​ខេត្ត​សៀម​រាប​ នាចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២៣​ ដើម្បី​យក​បទ​ពិសោធ​ទៅ​អភិវឌ្ឍ​គុន​ខ្មែរ​នៅប្រទេស​រុស្ស៊ី។

ពិតណាស់ លោក Oleg Kudrinsky ជានាយក និងជាស្ថាបនិកសហព័ន្ធកីឡាប្រដាល់គុនខ្មែរនៅប្រទេសរុស្ស៊ី​ បាននិយាយ​ថា៖ “សម្រាប់​ការ​ត្រៀម​ចូល​រួម​ប្រកួត​គុន​ខ្មែរ​​ពិភព​លោក​ជា​លើក​ដំបូង​នេះ សហព័ន្ធ​គុន​ខ្មែរ​នៅ​ប្រទេស​រុស្ស៊ី​ បាន​រៀបចំ​ការ​ប្រកួតជម្រុះ​ត្រឹម​ត្រូវ​មុន​ពេល​ជ្រើស​រើស​បាន​អត្តពលិក​គុន​ខ្មែរ​ប្រមាណ​ ១៥​រូប​ ដែល​មាន​​កម្រិត​ស្ម័គ្រ​ចិត្ត ពាក់​កណ្តាល​អាជីព និង​អាជីព”។

លោក​បាន​និយាយ​បន្តទៀតថា៖ “សហព័ន្ធ​កីឡា​គុន​ខ្មែរ​ប្រចាំ​ប្រទេស​រុស្ស៊ី​ ចូល​រួម​ប្រកួត​គុន​ខ្មែរ​ពិភព​លោក​ជា​លើក​ដំបូងនេះ យើង​បាន​ត្រៀម​​កីឡាករ កីឡាការិនី​ប្រមាណ​ ១៥​រូប ហើយ​នឹង​ប្រកួត​លើ​​ ៨​វិញ្ញាសា​ផ្សេង​គ្នា ហើយគោល​ដៅ​របស់​យើង​គឺ​​​ចង់​ឲ្យ​កីឡាករ កីឡាការិនី ក៏​ដូច​ជា​​គ្រូ​បង្វឹក​របស់​យើង​​ទទួល​បាន​បទ​ពិសោធ ដើម្បី​យក​​ទៅ​អភិវឌ្ឍ​គុន​ខ្មែរ​នៅ​ប្រទេស​រុស្ស៊ី​បន្ថែម​ទៀត”។

យ៉ាងណាមិញ លោក Oleg Kudrinsky មាន​បទ​ពិសោធ​ជា​ច្រើន​ក្នុង​អាជីព​ប្រដាល់​​​ដែល​បាន​ចូល​ហ្វឹក​ហាត់ និង​ប្រឡូក​តាំង​ពី​អាយុ​ប្រហែល​ ១៥​ឆ្នាំ ក្រៅ​ពី​​ជា​ស្ថាបនិក និង​នាយក​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ដែល​លោក​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០១៨ លោក​ក៏​ជា​នាយក​សង្វៀន​ប្រដាល់​អន្តរជាតិ International Fighting Organization ​ដែល​ហៅ​កាត់ (ONE X ONE) ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៤ ជា​មួយ​គ្នា​នេះ លោក​ក៏​ជា​ទី​ប្រឹក្សា​កិត្តិយស​ និង​ជា​ស្ថាបនិក​​ម្នាក់​ដែល​រួម​គ្នា​បង្កើត​សហព័ន្ធកីឡា​ប្រដាល់​មួយ​ថៃ​នៅ​ប្រទេស​រុស្ស៊ី​តាំង​ពី​ឆ្នាំ​១៩៩២ ដែរ។

គួរបញ្ជាក់ផងដែរថា តាម​ការ​​ឲ្យ​ដឹង​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ថា នឹង​មាន​​ ១២ប្រទេសចូលរួមប្រកួតគុនខ្មែរជើងឯកពិភពលោក ​ដែល​នឹង​ធ្វើ​​នៅ​តំបន់​ប្រាសាទ​ឣង្គរវត្ត​ ខេត្តសៀមរាប​ រយៈ​ពេល​ ៣​ថ្ងៃ​គឺ​​ថ្ងៃទី ២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ ខងាមុខនេះ៕

 

អត្ថបទដែលជាប់ទាក់ទង