នៅថ្ងៃទី ១៥ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្អាកចរាចរឆ្លងកាត់នៅលើស្ពានកោះនរាជាបណ្ដោះអាសន្ន
រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងស្ដីពីការប្រកាសផ្អាកចរាចរជាបណ្ដោះអាសន្ន នៅតាមតំបន់ភ្ជាប់រវាងអភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ ។
បើយោងតាមរយៈសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នឹងមានការរៀបចំពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានខ្សែកាប្លិ៍តភ្ជាប់រវាងតំបន់អភិវឌ្ឃកោះនរា និង តំបន់អភិវឌ្ឍកោះពេជ្រ ស្ថិតនៅសង្កេតនិរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនៅថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា និង លោកជុំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដើម្បីឲ្យកម្មវិធីប្រព្រឹត្តទៅដោយរលូន រក្សាបាននូរសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការផ្អាកចរាចរជាបណ្ដោះអាសន្នយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ស្ពាន និង ជុំវិញទីតាំងប្រារព្ធពិធីចាប់ពីវេលាម៉ោង ២៤: ០០នាទីយប់ ឈានចូលថ្ងៃទី ១៥ វិច្ឆិកា ឆ្នាំ ២០២៣ រហូតដល់បញ្ចាប់កម្មវិធី ។
ជាមួយគ្នានោះ រដ្ឋបាលរាជធានីភ្នំពេញក៏បានអំពាវនាវសុំឲ្យមានការយោគយល់អធ្យាស្រ័យ និង បញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងដែលប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើ ដោយអនុគ្រោះ រហូតផុតរយៈពេលហាមឃាត់បណ្ដោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងឲ្យធ្វើចរាចរជាធម្មតាវិញ ៕