Al-Hilal កំពុងពិចារណាដកឈ្មោះ Neymar ចេញពីក្លិប ក្រោយមិនទាន់បានលេងផងរបួសរាប់ខែទៅហើយ
Al-Hilal កំពុងសម្លឹងមើលការលុបឈ្មោះ Neymar ជាបណ្ដោះអាសន្នសិន ហើយស្វែងរកកីឡាករផ្សេងមកពង្រឹងក្រុមក្នុងខែមករា ក្រោយខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ នឹងអវត្តមានក្នុងរដូវកាលដែលនៅសេសសល់ដោយសាររបួស។ Neymar បានក្លាយជាកីឡាករដ៏សំខាន់ម្នាក់ នៃការធ្វើបដិវត្តន៍វិស័យបាល់ទាត់អារ៉ាប៊ីសាអូឌីតក្នុងរដូវក្តៅនាពេលកន្លងទៅ ក្រោយខ្សែប្រយុទ្ធរូបនេះផ្ទេរចេញពីក្លិប Paris Saint-Germain ក្នុងតម្លៃ ៩០លានអឺរ៉ូ។ ទោះជាយ៉ាងណាក៏ដោយ កីឡាករវ័យ ៣១ឆ្នាំរូបនេះ បានរងរបួសសរសៃពួរជើង អំឡុងពេលកំពុងបំពេញកាតព្វកិច្ចអន្តរជាតិជាមួយប្រេស៊ីលកាលពីខែ១០ ហើយបានទទួលការវះកាត់ដែលអាចឃើញតារារូបនេះនឹងអវត្តមានសម្រាប់ការប្រកួតពានរង្វាន់ Copa America រដូវក្តៅក្រោយជាមួយប្រេស៊ីល។
Al-Hilal បច្ចុប្បន្នកំពុងឈរនៅកំពូលតារាងនៃក្របខណ្ឌ Saudi Pro League ហើយអ្នកចាត់ការក្លិបលោក Jorge Jesus ចង់បង្កើនសមត្ថភាពប្រជែងជើងឯកក្រុមរបស់លោកក្នុងខែមករានេះ ដោយការចុះហត្ថលេខាលើខ្សែការពារឆ្វេង នេះបើយោងតាម Arriyadiyah ។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន Al-Hilal មានកូតាពេញទៅហើយសម្រាប់កីឡាករបរទេស ដែលមានន័យថា ពួកគេនឹងត្រូវលុបឈ្មោះកីឡាករបរទេសខ្លះចោល ប្រសិនបើពួកគេចង់នាំយកតារាឆ្នើមម្នាក់ទៀតមកកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។Al-Hilal ត្រូវបានអនុញ្ញាតិឱ្យមានកីឡាករ ដែលមិនមែនជាជនជាតិអារ៉ាប៊ីសាអូឌីតចំនួនប្រាំបីនាក់នៅក្នុងក្រុមរបស់ពួកគេ ប៉ុន្តែការដក Neymar ចេញនឹងអនុញ្ញាតឱ្យលោក Jesus នាំយកកីឡាករថ្មីមួយផ្សេងទៀតនៅក្នុងខែមករា ទំរាំដែលកីឡាករប្រេស៊ីលបានជាសះស្បើយពីរបួសវិញ។ ទោះបីជាគ្មានឈ្មោះកីឡាករណាដែលត្រូវបានគេលើកឡើងថា ជាគោលដៅដ៏មានសក្តានុពលសម្រាប់ក្លិប Al-Hilal ក៏ដោយ ប៉ុន្តែកីឡាករម្នាក់ដែលអាចត្រូវបានគេកំណត់គោលដៅគឺ Ferland Mendy ខណៈក្លឹប Real Madrid កំពុងតែសម្លឹងរកការលក់ខ្សែការពារស្លាបឆ្វេងរបស់ពួកគេរូបនេះចេញ ក្រោយតារាបារាំងខាងលើមិនសូវប្រើប្រាស់៕