ក្រុមសង្គ្រោះបន្ទាន់! ត្រៀមខ្លួនរួចជាស្រេចសម្រាប់ជួយសង្គ្រោះពលរដ្ឋក្នុងព្រះរាជពិធីបុណ្យអុំទូក ៣ថ្ងៃនេះ…
រាជធានីភ្នំពេញ៖ ក្រុមគ្រូពេទ្យជាង ២ពាន់នាក់ រថយន្តសង្គ្រោះ ៧០ គ្រឿង រថយន្តគ្លីនិកចល័តចំនួន ៤ គ្រឿង គ្រោងបោះតង់ពិនិត្យសុខភាព និងផ្តល់សេវា ២៤ ម៉ោងចំនួន ១៥ទីតាំងផ្សេងគ្នា ត្រៀមខ្លួនសម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ដែលនឹងចាប់ផ្តើមពីព្រឹកស្អែក ទី២៦នេះ រហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ។
លោក ងី មានហេង ប្រធានមន្ទីសុខាភិបាលរាជធានីភ្នំពេញបានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយ នៅថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០២៣ នេះថា នៅក្នុងឱកាសប្រារព្ភព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ ក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានសហការជាមួយក្រុមគ្រូពេទ្យរបស់ក្រសួងសុខាភិបាល បានត្រៀមសរុបជាង ២ពាន់នាក់ និងរថយន្តសង្គ្រោះតាមគោលដៅចំនួន ៧០ គ្រឿង រថយន្តគ្លីនិកចល័តចំនួន ៤គ្រឿង ផ្តល់សេវា ២៤ម៉ោង និងបោះតង់ពិនិត្យសុខភាពសេវា ២៤ម៉ោង មានចំនួន១៥កន្លែង ផ្សេងៗគ្នា នៅតាមទីតាំងកំណត់ដូចជា ១. រថយន្តគ្លីនិកចល័ត ៤ គ្រឿង នៅទីតាំងបរិវេណរង្វង់មូលនាងមច្ឆាមណ្ឌល OCIC នៅទីតាំងជ្រោយ ចង្វា នៅទីតាំងសួនច្បារ ជិតស្ពានបាឡេចាស់ និងនៅទីតាំងវត្តភ្នំ។
ចំណែកលោកស្រី យ៉ាន់ ស្រីរ័ត្ន ជាគិលានុបដ្ឋាយិកានៃមន្ទីរពេទ្យបង្អែកចតុមុខ ប្រចាំការនៅខាងមុខវត្តឧណ្ណាលោម បានឱ្យដឹងថា ក្រុមការងាររបស់លោកស្រី បានរៀបចំទីតាំងសង្គ្រោះបញ្ហាសុខភាព គ្រោះថ្នាក់ផ្សេងៗ និងឡានសង្គ្រោះចំនួន ៤គ្រឿង និងក្រុមគ្រូពេទ្យប្រចាំការប្រមាណជិត ២០នាក់ សម្រាប់ប្រចាំការនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះ ខែ អកអំបុក ដែលចាប់ផ្តើមពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ តាមគោលដៅនីមួយៗ រួចជាសម្រេច។
លោកស្រីបន្តថា ការត្រៀមផ្តល់សេវាសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់ ក្នុងព្រះរាជពិធី បុណ្យអុំទូកនេះ គឺជាការគិតគូរអំពីសុខភាពរបស់ប្រជាពលរដ្ឋ និងកីឡាករ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ ដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍ដ៏សែនសប្បាយរីករាយនេះផងដែរ។
លោកស្រី បានឱ្យដឹងទៀតថា ក្នុងករណីប្រជាពលរដ្ឋមានបញ្ហាសុខភាព គឺអាចស្វែងរកសេវាសុខភាព និងសង្គ្រោះបន្ទាន់ដោយឥតគិតថ្លៃនៅតាមទីតាំងនីមួយៗ ឬអាចទាក់ទងតាមទូរស័ព្ទ ដែលក្រសួងបានប្រកាសជូន ដំណឹង ហើយបើករណីមានបញ្ហាសុខភាពធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យនឹងបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យផ្ទាល់តែម្តង។
ជាមួយគ្នានេះ លោកស្រីគិលានុបដ្ឋាយិកាខាងលើ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ដែលមកចូលរួម ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក សូមថែរក្សាសុខភាពទាំងអស់គ្នា សូមពាក់ម៉ាស់ ញាំទឹកឱ្យបានច្រើន ព្យាយាមនៅកន្លែងដែលមានសុវត្ថិភាព ក្រោមម្លប់ឈើ ដើម្បីបង្ការកុំឱ្យមានបញ្ហាសុខភាពណាមួយកើតឡើង ហើយប្រសិនបើមានបញ្ហាមិនស្រួលខ្លួន សូមប្រញ៉ាប់ស្វែងរកក្រុមគ្រូពេទ្យដែលប្រចាំការនៅក្បែរៗនោះ៕
ដកស្រង់ពីកាសែតកោះសន្តិភាពចុះផ្សាយនៅថ្ងៃនេះ