ឯកឧត្តម សៅ សុខា នឹងលាលែងពីដំណែងភ្លាមបើវិញ្ញាសារបាល់ទាត់មិនទទួលបានជោគជ័យ
កាលពីម្សិលមិញថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា អាយុក្រោម ២២ឆ្នាំ ធ្វើការប្រកួតជាមួយក្រុមជម្រើសជាតិ ហ្វីលីពីន ដោយមានអ្នកចូលរួមទស្សនាពេញពហុកីឡដ្ឋានតែម្តង ។
ក្រុមគោព្រៃកម្ពុជាបានធ្វើការនាំមុនគ្រាប់ទី១ របស់ខ្លួននៅនាទី ២៥ ដោយកីឡាករពាក់អាវលេខ ១៦ គី រីណា ជាអ្នកស៊ុតបញ្ចូលទី។ លទ្ធផល ១ ទល់និង ០ បន្តរហូតដល់ នាទី ៩០ បូក ២ ទើបខាងក្រុមជម្រើសជាតិ ហ្វីលីពីនអាចរកគ្រាប់បាល់តាមស្មើបាន ដែលធ្វើអោយក្រុមគោព្រៃនិងអ្នកគាំទ្រមានការសោកស្តាយជាខ្លាំង។
បន្ទាប់ពីចប់ការប្រកួតមិនបាន ១ម៉ោងផង ក្នុងនាមជាអ្នកដឹកនាំដែលមានទិសដៅច្បាស់លាស់ និងឆន្ទៈមុះម៉ត់ ឯកឧត្តម សៅ សុខា បានបង្ហោះសំណេរដែលមានខ្លឹមសារយ៉ាងមានទំនួលខុសត្រូវថា៖
កិត្តិយសត្រូវផ្សារភ្ជាប់ និងការទទួលខុសត្រូវ ” បន្ទាប់ពីប្រទេសកម្ពុជាសម្រេចចិត្តរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡា Sea games លើកទី៣២ ខ្ញុំបាទបានប្រឹងប្រែង លះបង់គ្រប់បែបយ៉ាងប្រើពេលជាង ១០ ឆ្នាំដើម្បីលើកកិត្តិយសជាតិខ្មែរតាមរយៈវិស័យកីឡាបាល់ទាត់។
ឯកឧត្តមបានបន្តលើកឡើងថា «បើការប្រកួតក្នុង group ចែកពូលវិញ្ញាសារកីឡាបាល់ទាត់បុរសអាយុ ២២ ឆ្នាំមិនអាចឆ្លងផុត ដើម្បីឈានទៅបន្តប្រកួតវគ្គកណ្តាលផ្តាច់ព្រាត់នោះទេ ខ្ញុំបាទក្នុងស្មារតីទទួលខុសត្រូវដែលកំពុងកាន់ដំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ( FFC ) សូមលាឈប់ពីប្រធានកីឡាបាល់ទាត់ភ្លាម ក្នុងករណីនេះកើតឡើង ខ្ញុំស្នើសុំគណៈកម្មាធិការប្រតិបត្តិសហពន្ធ័កីឡាបាល់ទាត់កម្ពុជា និងអគ្គលេខាធិការដ្ឋានរៀបចំបើកធ្វើមហាសន្និបាត ដើម្បីបោះឆ្នោតជ្រើសរើសប្រធានសហពន្ធ័កីឡាបាល់ទាត់ថ្មី ដើម្បីបន្តដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា»។
ភ្ជាប់ជាមួយសំណេរទទួលខុសត្រូវការងារដែរនោះ ប្រធានសហព័ន្ធបាល់ទាត់កម្ពុជារូបនេះ ក៏បានសុំទោសអ្នកគាំទ្រថា «ខ្ញុំសូមទោសប្រិយមិត្តអ្នកស្រឡាញ់កីឡាបាល់ទាត់មេត្តាអភ័យទោស ដែលរូបខ្ញុំអសមត្ថភាពមិនអាចដឹកនាំវិស័យកីឡាមួយនេះទទួលបានជោគជ័យជូនជាតិ»៕